ស្របពេលដែលការគាំទ្រ និង ប្រជាប្រិយភាពកំពុងលេចធ្លោខ្លាំងនៅលើបណ្តាយសង្គមហ្វេសបុក Tix tox កញ្ញា ណាន ណាន ដែលគេស្គាល់ថាជាកូនស្រីបង្កើតរបស់តារាកំប្លែងអ្នកនាង អ៊ិត ពេលនេះបានចាប់រំលេចខ្លួនជាលើកដំបូងក្នុងខ្សែភាពយន្តថ្មី ហើយនាងទទួលបានតំណែងធំមួយក្នុង ភាពយន្តរឿង “14 កុម្ភៈ” របស់ផលិតកម្ម LD ដែលបានប្រកាសដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃទី12 ខែ កុម្ភៈ ឆ្នាំ2025មុននេះ។
កញ្ញា ណាន ណាន ក៏បានបង្ហាញនូវអារម្មណ៍រំភើបខណៈភាពយន្តរឿង« 14 កុម្ភៈ » ដែលនាងសម្តែងជាតួអង្គសំខាន់មួយនេះបានសម្ភោធ និង ដាក់បញ្ចាំងជាផ្លូវការណ៍ចាប់ពីថ្ងៃទី13 ខែ កុម្ភៈ ឆ្នាំ2025 នេះតទៅ។ ហើយនាងក៏សង្ឃឹមថាអ្នកគាំទ្រវិស័យកុនខ្មែរនឹងទិញសំបុត្រចូលទស្សនាទាំងអស់គ្នាដោយសារសាច់រឿងមួយនេះបង្កប់ទៅដោយអត្ថន័យអប់រំដ៏ជ្រាលជ្រៅ ដែលសង្គមខ្មែរយើងមិនគួរមើលរំលងនូវភាពយន្តមួយនេះនោះឡើយ។
អ្នកបានទស្សនាភាពយន្តរឿង « 14 កុម្ភៈ » មុនគេបង្អស់នៅក្នុងថ្ងៃចាក់បញ្ចាំង បានលាន់មាត់សរសើរអំពីសមត្ថភាពនៃការសម្ដែងនៃតួអង្គ ពិសេសគឺខ្លឹមសារអប់រំនៅក្នុងសាច់រឿងដែលបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅអំពីទឹកចិត្តអ្នកមានគុណ ក៏ដូចជារបៀបរាប់អានមិត្តភក្កិ កុំអោយគិតអវិជ្ជមាន លើកគ្នារហូតក្លាយជាគម្រូមិនល្អនៅក្នុងថ្ងៃអនាគត ធ្វើឱ្យមានវិប្បដិសារីអស់មួយជីវិត។
សម្រាប់ផលិតកម្ម LD ក៏នឹងបន្តផលិតនូវភាពយន្តខ្នាតធំថ្មីៗបន្ថែមទៀត ដោយសម្រិតសម្រាំងយកទាំងគុណភាព ពិសេសគឺផ្ដល់ឱកាសដល់តួអង្គសម្ដែងក្មេងៗថ្មីៗ ដែលជាថ្នាលសិល្បៈមកបណ្ដុះជាបន្តបន្ទាប់ឱ្យកាន់តែច្រើនបន្ថែមទៅលើទេពកោសល្យដែលពួកគាត់មាន ក៏ដូចជារូបសម្រស់អំណោយផលរបស់ពួកគាត់។