តារាល្បីៗ ធ្វើអោយផ្អើលគម្រោងធំមួយនៅ ខេត្តព្រះសីហនុ

0

កាលពីយប់ថ្ងៃទី៩ មករា ពិធីបុកគ្រឹះបើកសម្ពោធបុរី VIP ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុ គេឃើញបើកការប្រគំតន្ត្រីបង្ហាញខ្លួនសុទ្ធតែតារាល្បីៗ។ វេទិកានៅក្នុងថ្ងៃនោះ គេឃើញមហាជនយ៉ាងច្រើនកុះករមកចោមរោម ខណៈដែលក្នុងពិធីនោះ ក៍មានរៀបចំតុជប់លៀងទទួលភ្ញៀវដល់រាប់ពាន់នាក់ ដើម្បីអោយទស្សនាការប្រគំតន្ត្រីនោះ ដល់ពាក់កណ្ដាលអាធ្រាតុ។

វត្តមានតារាល្បីៗនៅក្នុងថ្ងៃនោះរួមមាន លោក សុះ ម៉ាច កញ្ញា មាស សុខ សោភា នាយពែកមី ឌីជេកាកា លោក ណូយ វណ្ណេត នាយចឺម លោក ម៉ៅ ហាជី កញ្ញា ឌួង ហ្សូរីដា លោកហេរ៉ូ កញ្ញារ៉ាប៊ី កញ្ញាវិរៈនិច្ច លោកឈឿន ឩត្តម និងតារាល្បីៗជាច្រើនរូបទៀត។ នៅក្នុងថ្ងៃនោះ តារាយុវវ័យរួមមាន កញ្ញា មាស សុខសោភា កញ្ញារ៉ាប៊ី នាយចឺម និង វិរៈនិច្ច មិនត្រឹមតែបង្អួតសម្រស់ ដើម្បីប្រជែងប្រជាប្រិយភាពគ្នាប៉ុណ្ណោះទេ អ្នកទាំងនោះ ក៍បង្អួតក្វាច់រាំគ្នាឡើងផ្អើលពិធីសម្ពោធបុរីវីអាយភីនៅក្នុងយប់នោះផងដែរ។

គួរបញ្ជាក់ថា គម្រោងសម្ពោធបុរីរបស់អ្នកវិនិយោគក្នុងស្រុកជាទ្រង់ទ្រាយធំនេះ ថ្នាក់ដឹកនាំខេត្តបានសរសើរពីគម្រោងនេះ។ លោក ហេង ប៑ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងឯកឧត្តម យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុមិនអាចខ្វះការចូលរួមវិនិយោគពីអ្នកវិនិយោគទុនក្នុងស្រុកបានទេ ដើម្បីអោយការវិនិយោគទាំងមូលមាននិរន្តភាពច្បាស់លាស់ ហើយរឹងមាំ។ លោកថា តំបន់ទេសចរណ៍ពិតជាត្រូវការបំផុតរាល់ការវិនិយោគពីសំណាក់ជនបរទេស ប៉ុន្តែបើគ្មានគម្រោងតូចធំរបស់ក្រុមវិនិយោគក្នុងស្រុក ក៍មិនមែនជាសេចក្ដីត្រូវការរបស់ខេត្តនោះដែរ ដោយសារតែក្រុមអ្នកវិនិយោគក្នុងស្រុក ទើបយល់ពីសេចក្ដីត្រូវការរបស់អតិថិជនក្នុងស្រុកបានច្បាស់លាស់ជាងបើធៀបនឹងការវិនិយោគរបស់ជនបរទេស។ លោកទទូចអោយអ្នកទេសចរណ៍ដែលចង់បានផ្ទះស្នាក់នៅនៅខេត្តព្រះសីហនុ និងក្រុមពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុទាំងមូល ទិញសំណង់របស់បុរីវីអាយភីអោយបានរួសរាន់ ដើម្បីទទួលបានប្លង់ល្អ ដោយសារតែគម្រោងរបស់ក្រុមហ៊ុននេះ សាងសង់ក្នុងទីប្រជុំជនស្រុកព្រៃនប់ ដែលងាយចំណេញក្នុងរយៈពេលមួយខ្លី ខណៈស្របដែលគម្រោងទាំងមូល ក្រៅពីក្លាយជាក្រុងរណបទ្រង់ទ្រាយធំប្រចាំខេត្ត ក៍ជាតំបន់ដែលមានទីតាំងតែប្រមាណ៧គីឡូម៉ែត្រពីព្រលានយន្តហោះខេត្តព្រះសីហនុ ដែលលោកបញ្ជាក់ថា គឺមិនលើសពី២ឆ្នាំទៀតទេ ដីផ្ទះនៅក្នុងតំបន់នេះ នឹងថ្លៃដូចមាស ព្រោះក្នុងរយៈពេលថ្មីៗទឹកដីខេត្តព្រះសីហនុ បានទទួលគម្រោងអភិវឌ្ឍន៍ច្រើនណាស់ ដែលត្រៀមលេចចេញរូបរាងនៅជុំវិញបរិវេណព្រលាន។

លោក វ៉ន វណ្ណៈ អគ្គនាយកក្រុមហ៑ុនVIP បានថ្លែងបញ្ជាក់ថា មូលហេតុដែលចំណាយបើកការប្រគំតន្ត្រីជាទ្រង់ទ្រាយធំនៅក្នុងថ្ងៃនោះ គឺដើម្បីអោយពលរដ្ឋបានសប្បាយ និងបានប្រកាសអោយដឹងពីគម្រោងដ៍មានសក្កានុពលរបស់VIP នៅខេត្តព្រះសីហនុផង បន្ទាប់ពីក្រុមហ៊ុនក៍បានបុកគ្រឹះសាងសង់ខុនដូកម្ពស់១៧ជាន់ នៅកណ្ដាលក្រុងព្រះសីហនុកាលពីប៉ុន្មានខែមុនដែរ។

គម្រោងនេះគ្រោងប្រើទុន១២០លានដុល្លារ ដោយមានសំណង់ផ្ទះបីប្រភេទសរុបជាង៤ពាន់ល្វែង មានទាំងផ្សារ និងសួនលម្ហែកាយ លើផ្ទៃដីសរុបជាង៦០ហិកតា ដោយតាមផែនការនឹងពង្រីកអោយដល់ជាង១០០ហិកតា ដើម្បីបំពេញតម្រូវការ។

លោក ហម រ៉ន ដៃគូហ៑ុនមួយរូបទៀតរបស់បុរីវីអាយភី បានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃបើកសម្ពោធបុកគ្រឹះសាងសង់ សំណង់នៅបុរីVIP ក្នុងខេត្តព្រះសីហនុលក់អស់ជាង១ពាន់ល្វែងហើយ ដោយក្នុងនោះអ្នកទិញភាគច្រើន គឺអ្នកនៅភ្នំពេញ និងនៅខេត្តកំពត។ សំណង់បុរីនេះ នឹងផ្ដោតជាសំខាន់លើពលរដ្ឋដែលមានចំណូលមធ្យម និងក្រោមមធ្យម ដោយតម្លៃមានចាប់ពីជាង២ម៉ឺនដុល្លារ ហើយធានានូវគុណភាពសំណង់ពាក់ព័ន្ធនឹងរឿងប្រេះ និងជ្រាបទឹក មិនអោយមានបញ្ហា ដើម្បីបង្កើនទំនុកចិត្តចំពោះអតិថិជន។

LEAVE A REPLY

Please enter your comment!
Please enter your name here