បន្ទាប់ពីមមាញឹកនឹងការងារ និង Businesses ផ្ទាល់ខ្លួនមួយរយៈ ពេលនេះតារាចម្រៀង-តារាសម្ដែង លោក លាង នរិន្ទ បានប្រកាសវិលចូលមកកញ្ជ្រោល នៅក្នុងវិស័យសិល្បៈវិញហើយ ដោយលោកទើបចេញ បទចម្រៀងមួយបទ និង ត្រៀមបញ្ចេញ MV បទនេះ ក្រោយពីសម្ងំផលិតអស់មួយរយៈ។
ការត្រលប់មកវិញរបស់លោក បានធ្វើអោយគេនឹកឃើញពីស្នាដៃរាប់មិនអស់លោកភ្លាម ដែលធ្លាប់បានសាងនៅក្នុងសិល្បៈ មុនពេលលោកទទួលតំណែងជាអ្នកគ្រប់គ្រងទីផ្សារ និង ធ្វើជាអ្នកចាត់ចែងកម្មវិធីកម្សាន្តនៅក្នុងក្រុមហ៊ុនធំមួយ ដែលផ្ដល់ឱកាសការងាររាប់មិនអស់ អោយអ្នកសិល្បៈខ្មែរ និងជាប់ដៃបើកជំនួញផ្ទាល់ខ្លួននោះ។
Original Song មួយបទក្រោមចំណងជើងថា ហេតុអ្វីអូនដាច់ចិត្តម្ល៉េះ? ដែលលោកទើបតែបង្ហោះ កំពុងក្លាយជាបទចាក់ដោត និង ផ្ទុះការគាំទ្រតែមួយពព្រិចភ្នែក ដោយសារតែអត្ថន័យនៅក្នុងបទនោះ បានបង្ហាញពីការឈឺចាប់ដែលកើតពីស្នេហាបែកបាក់ ដែលត្រូវនឹងជីវិតឯកជនរបស់មនុស្សភាគច្រើន។
ប៉ុន្មានឃ្លានៅក្នុងបទនេះ ត្រូវគេឃើញអ្នកគាំទ្រកាត់យកទៅបង្ហោះលេង ព្រោះតែត្រូវនឹងជីវិតរបស់យុវវ័យភាគច្រើននោះផង ទើបគេមើលឃើញថា លាង នរិន្ទ ត្រលប់មកវិញលើកនេះ គឺបានត្រៀមខ្លួនមិនធម្មតា ដើម្បីវាយលុយក្នុងវិស័យចម្រៀង ស្របពេលដែលលោកក៏ធ្លាប់មានបទល្បីៗជាច្រើន មុនពេលដកខ្លួន។ ហ្វេនៗច្រើនណាស់ គាំទ្រអោយលោកចេញបទអោយបានច្រើន ក្នុងពេលដែលលោកក៏ប្រកាសជំហបញ្ចេញគ្រប់ប្រភេទបទ ពិសេសបទបែបមនោសញ្ចេតនា និង បទបែបសប្បាយៗ ដើម្បីអបអរចូលឆ្នាំផង។
យ៉ាងណាមិញលោកថា ដ្បិតតែប្រកាសវាយលុកក្នុងវិស័យចម្រៀងឡើងវិញ តែលោកក៏មិនបោះបង់ជំនួញផ្ទាល់ខ្លួន និង ការងារសម្ដែងផងដែរ ដោយសារតែនាពេលកន្លងមកសម្អាងលើរូបរាងខ្ពស់សង្ហារ លោកក៏ធ្លាប់កញ្ជ្រោលអារម្មណ៍ហ្វេនៗ តាមរយៈការសម្ដែងក្នុងបទយុវវ័យល្បីៗ របស់កំពូលៗតារាចម្រៀង ធ្វើអោយមានការទទួលស្គាល់រួចទៅហើយ។ លាង នរិន្ទ បញ្ជាក់ថា ក្រោយបញ្ចេញបទដំបូងបើកឆាកការត្រលប់មកវិញនេះ MV ដ៏ឥតខ្ចោះមួយ និង បទចម្រៀងល្អៗជាច្រើន នឹងបន្តចេញបន្តបន្ទាប់ ដើម្បីមិនអោយហ្វេនៗខកចិត្ត។ លោកក៏នឹងទទួលច្រៀងគ្រប់កម្មវិធីតូចធំ មិនអោយហ្វេនៗស្ងាត់សកម្មភាពផងដែរ ក្រោយត្រលប់ជាថ្មីនេះ។







