ពិតជាអបអរយ៉ាងខ្លាំង ដល់ពលរដ្ឋខ្មែរជាង២០រូប ដែលមានស្នាដៃក្នុងកិច្ចការសង្គម ផ្នែកសប្បុរសធម៌ និង ការងារគ្រប់គ្រង ហើយត្រូវបានគណៈអប់រំថៃ និងចិន មើលឃើញពីគុណសម្បត្តិ រហូតសម្រេចផ្តល់អោយសញ្ញាបត្របណ្ឌិតគុណធម៌ និងបណ្ឌិតកិត្តិយស ផ្នែកនីតិសាស្ត្រ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច គ្រប់គ្រងទូទៅ និងគ្រប់គ្រងពាណិជ្ជកម្ម ដើម្បីជាការលើកទឹកចិត្ត។
ពិធីប្រគល់សញ្ញាបត្រនេះ ត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យ Phranakhon Rajabhat ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដោយមានថ្នាក់ដឹកនាំដែលជាគណៈអប់រំជាជនជាតិថៃ និង ជនជាតិចិន សុទ្ធតែជាបុគ្គលដែលមានស្នាដៃចូលរួមជាសាក្សី។
ក្នុងចំណោមជនជាតិខ្មែរទាំង២០រូបនោះ អ្នកទទួលបានសញ្ញាបត្រកិត្តិយសនេះ ក៏មានឯកឧត្តមបណ្ឌិត ឡុង សត្យា. ឯកឧត្តមបណ្ឌិត ចៅ ភារិទ្ធ. ឯកឧត្តមបណ្ឌិត អ៊ុ សាត . លោកជំទាវបណ្ឌិត សុីន សុផលដានីតា . លោកជំទាវបណ្ឌិត គាមួយ. ឯកឧត្តមបណ្ឌិត សុី រតនា . ឯកឧត្តមបណ្ឌិត យស ប៊ុនឡេង . លោកបណ្ឌិត ប៊ុន រ៉ូនី .លោកបណ្ឌិត ណាង ប៊ុនថន . លោកបណ្ឌិត មុំ វុទ្ធី . លោកបណ្ឌិត ទឹម ណារិទ្ធ និងបុគ្គលឆ្នើមមួយចំនួនទៀត ដែលសុទ្ធតែមានស្នាដៃគ្រប់គ្រង ដឹកនាំ និង ការងារសង្គម។
បុគ្គលឆ្នើមៗដែលទទួលបានសញ្ញាបត្រខាងលើនេះ ចាត់ការទទួលបាន សញ្ញាបត្រនេះ ជាកិត្តិយសមួយសម្រាប់ពួកគេ ក៏ដូចជាសង្គមកម្ពុជាផងដែរ។ ការទទួលបានសញ្ញាបត្រនេះ គឺជាការផ្តល់តម្លៃខ្ពស់ចំពោះការរួមចំណែកក្នុងកិច្ចការសង្គម និងកិច្ចការមនុស្សធម៌នៅក្នុងសង្គមកម្ពុជា ក៏ដូចជាលើកទឹកចិត្តអោយកូនខ្មែរដទៃទៀត មើលឃើញពីគុណសម្បត្តិនៃការងារជួយសង្គម និង ការងារដឹកនាំអោយកាន់តែប្រសើរនៅកម្ពុជា៕