កាលពីល្ងាចថ្ងៃទី៧ មករា ព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត គង់នៅកុដិលេខ២៤ វត្តនាគវ័ន្ត បានដឹកនាំសិល្បករមួយក្រុម ចុះចែកអំណោយដោយផ្ទាល់ ដល់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅជើងភ្នំឧត្តុង។
ពិធីនេះបានរៀបចំនៅភូមិស្រះពោធិ ឃុំភ្នំបាត្រ ស្រុកពញាឭ ខេត្តកណ្តាលស្ថិតនៅប៉ែកត្បូងភ្នំឧត្តុង ដោយប្រជាជនទទួលអំណោយមានសរុបចំនួន១៣០គ្រួសារ រួមមានក្នុងគ្រួសារអង្គរ២៥ គីឡូ មី១កេស ទឹកត្រីទឹកស៊ីអ៊ីវ ថវិកាមួយចំនួន និងថ្នាំសង្កូវ។ សិល្បករដែលចូលរួមនៅក្នុងថ្ងៃនោះ រួមមាន តេជគុណ អ៊ឹម ជីវ៉ា ដែលទើបបានសាងផ្នួស កញ្ញាយេយេ អ្នកនាងស៊ុនណារីម៉ូនីកា អ្នកនាងសំ ប៉ូលីដា លោករក្សានិងសិល្បករមួយចំនួនទៀត។
តាមសង្ឃដិការពីព្រះគ្រូនី សុវណ្ណមុនីរ៉េត បានឲ្យដឹងថាព្រះអង្គបានសម្រេចចែកអំណោយពេលនោះព្រោះថ្ងៃ៧មករានេះ មិនត្រឹមតែជាថ្ងៃកំណើតទី២របស់ប្រជាជនទាំងអស់នោះទេ តែក៍ត្រូវនឹងថ្ងៃកំណើតរបស់ព្រះអង្គផ្ទាល់ផងដែរ។ ចំពោះរាល់ការចំណាយក៍មានការជួយឧបត្ថម្ភពីសប្បុរសជនមួយចំនួនដូចនេះទើបក្នុងឱកាសនោះ ព្រះអង្គបានរៀបចំជាអំណោយច្រើនដូចជាគ្រឿងឧបភោគបរិភោគ និងថវិកា យកទៅចែករំលែកការលំបាកដល់គ្រួសារនៅទីនោះ។
ព្រះអង្គបន្តទៀតថាតាមគម្រោងយើងនិងមានកម្មវិធីចុះមកចែកអំណោយជាបន្តទៀតដល់បងប្អូនក្នុងតំបន់ផ្សេងទៀត ដោយគ្រាន់តែក្នុងពេលនេះ នៅមិនទាន់បានកំណត់។
ព្រះតេជគុណ អ៊ឹម ជីវ៉ា មានសង្ឃដីការ ដែរថាព្រះអង្គក៍ត្រៀមដឹកនាំសិល្បករសិល្បការិនីមួយចំនួនផ្សេងទៀត ឲ្យចុះធ្វើទាននៅក្នុងតំបន់ផ្សេងផងដែរ ដើម្បីចែករំលែកក្ដីស្រលាញ់ អោយគ្នាទៅវិញទៅមក។ ជាពិសេសគឺការធ្វើជាគំរូ ដល់ពលរដ្ឋ និងមហាជនអោយមើលឃើញពីអំពើល្អនៅក្នុងសង្គម ហើយបន្តអនុវត្តតាម។