សមាគមរួបរួមពលរដ្ឋ កម្ពុជា-ជប៉ុន រៀបចំព្រឹត្តិការណ៍ស្វែងរកម្ចាស់ពានសំនៀងឯក

0


យោងតាមកិច្ចសហការរវាងសមាគមខ្មែររួបរួមពលរដ្ឋកម្ពុជា-ជប៉ុន ប្រចាំនៅប្រទេសជប៉ុន និង សារព័ត៌មានផ្ទះតារា ប្រចាំនៅប្រទេសកម្ពុជា បានសហការគ្នារៀបចំការប្រលងចម្រៀងធំមួយនៅក្នុងប្រទេសជប៉ុន នៅដើមឆ្នាំ២០២៥នេះ ដើម្បីផ្ដល់ឱកាសអោយជនជាតិខ្មែរ ដែលរស់នៅ និង កំពុងបម្រើការនៅក្នុងប្រទេសជប៉ុនបានចូលរួមប្រលងប្រជែង និង បញ្ចេញសមត្ថភាពផ្នែកសំលេង។

នេះក៏ជាសហការដើម្បីអោយអ្នកដែលមានសមត្ថភាពបានក្លាយជាម្ចាស់ពាន ក្លាយជាតារាចម្រៀងអាជីព តាមរយៈការផ្សព្វផ្សាយរបស់ ផ្ទះតារា និង ការចូលរួមជាមួយគ្រួសារតារាកម្ពុជា ដែលតែងតែមានសកម្មភាពដឹកនាំសិល្បៈនៅក្នុងប្រទេសកម្ពុជា ប្រសិនបើអ្នកឈ្នះពានពីការប្រលងនេះ ចុះមកកាន់ស្រុកកំណើត។

ការប្រលងចម្រៀងនេះ ត្រូវបានកំណត់ឈ្មោះថា ការប្រលងចម្រៀងសំនៀងកូនខ្មែរ នៅក្នុងប្រទេសជប៉ុន ក្រោមការរៀបចំរបស់ប្រធានសមាគមរួបរួមពលរដ្ឋកម្ពុជា-ជប៉ុន នៅក្នុងប្រទេសជប៉ុន និង មានការផ្សព្វផ្សាយពីសារព័ត៌មាន ផ្ទះតារា នៅកម្ពុជា។

ក្នុងនោះតារាចម្រៀងពីកម្ពុជា លោក ខែម សារិទ្ធ អតីតម្ចាស់ពានមហោរី ក៏ជាអ្នកសម្របសម្រួល និង ជាគណកម្មការការប្រលងមួយនេះផងដែរ ស្របពេលដែលលោក ខែម សារិទ្ធ ក៏កំពុងមានវត្តមានផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ នៅលើទឹកដីប្រទេសជប៉ុនស្រាប់។

ជាលទ្ធផល ចាប់តាំងពីដំណាក់ការដាក់ពាក្យ រហូតដល់វគ្គជម្រុះជាបន្តបន្ទាប់ កម្មវិធីសំនៀងកូនខ្មែរ នៅជប៉ុន ត្រូវបានរកឃើញកូនខ្មែរដែលមានសំនៀងល្អចំនួន១០រូប ដូចដែលបានបង្ហាញ ដោយអ្នកទាំង១០ កំពុងស្ថិតក្នុងដំណាក់កាលត្រូវជម្រុះក្នុងជំហានបន្តបន្ទាប់ទៀត ដើម្បីឈានទៅកាន់ការប្រកួតលើឆាកធំជាផ្លូវការ ដែលជាវគ្គផ្ដាច់ព្រ័ត្រដ៏សំខាន់នោះ។

ក្នុងចំណោមបេក្ខភាពទាំង១០រូប នឹងមានម្នាក់ក្លាយជាម្ចាស់ពាន និង ក្លាយជាតារាចម្រៀងប្រចាំសមាគមរួបរួមជាតិកម្ពុជា-ជប៉ុន នៅក្នុងប្រទេសជប៉ុន និង ក្លាយជាតារាចម្រៀងប្រចាំគ្រួសារតារាកម្ពុជា នៅប្រទេសកម្ពុជាពេញរយៈពេល១ឆ្នាំ ដោយម្ចាស់ពាន នឹងមានសិទ្ធិចូលរួមនៅរាល់សកម្មភាពធំៗរបស់គ្រួសារតារាកម្ពុជា និង ផ្ទះតារា ពេលម្ចាស់ពានមានវត្តមាននៅកម្ពុជា។

ក្នុងនាមជាដៃគូសហការ លោក ផាត់ តារារដ្ឋ ចាងហ្វាងសារព័ត៌មាន ផ្ទះតារា និង ជាស្ថាបនិកគ្រួសារតារាកម្ពុជា បានលើកឡើងថា កម្មវិធីប្រលងចម្រៀងសំនៀងកូនខ្មែរ គឺជាកម្មវិធីប្រលងចម្រៀងជារៀងរាល់ឆ្នាំ ដែលបានបង្កើតឡើងដោយ សមាគមរួបរួមពលរដ្ឋកម្ពុជា-ជប៉ុន ដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន ប៉ុន្តែឆ្នាំនេះ កម្មវិធីមានការចូលរួមសហការផ្សព្វផ្សាយជាមួយស្ថាប័នលោក នៅប្រទេសកម្ពុជស។

កម្មវិធីនេះ មិនត្រឹមតែបើកឱកាសអោយពលរដ្ឋកម្ពុជា រស់នៅប្រទេសជប៉ុនបានបង្ហាញសមត្ថភាពផ្នែកសំលេងប៉ុណ្ណោះទេ តែក៏ជារួបរួមពលរដ្ឋកម្ពុជានៅទីនោះ អោយបានចងក្រងគ្នាជាធ្លុងមួយ និង រួមចំណែកអោយពួកគេបានលើកកម្ពស់សិល្បៈវប្បធម៌តាមរយៈការប្រកួតប្រជែងចម្រៀង។ នេះក៏ជាការផ្ដល់នូវការកម្សាន្តសប្បាយ ដើម្បីអោយពលរដ្ឋខ្មែរ ដែលរស់នៅឆ្ងាយពីស្រុកកំណើត បាត់អារម្មណ៍នឹកស្រុកផងដែរ។

កម្មវិធីនេះ នឹងកំណត់ការប្រលងផ្ដាច់ព្រ័ត្រលើឆាក នៅអំឡុងខែមីនាមុនចូលឆ្នាំខ្មែរ និង គម្រោងរៀបចំការប្រកួតនៅក្នុង Hall ធំមួយ ដើម្បីអោយពលករ និង បងប្អូនខ្មែររស់នៅប្រទេសជប៉ុនទាំងអស់បានមកចូលរួម ដើម្បីអោយក្លាយជាព្រឹត្តិការណ៍ជួបជុំបងប្អូនខ្មែរ នៅលើទឹកដីជប៉ុន។

លោកក៏កោតសរសើរចំពោះ លោកស្រី មុំ ប្រធានសមាគមរួបរួមពលរដ្ឋកម្ពុជា-ជប៉ុន និង លោក ខែម សារិទ្ធ ដែលជាអ្នករៀបចំផងដែរ ដែលបានជម្រើសបេក្ខភាពបាន១០រូប ដូចដែលបានបង្ហាញ ដែលបេក្ខជនបេក្ខនារីម្នាក់ៗ សុទ្ធតែមានសំលេងល្អ ស័ក្តសមនឹងការប្រកួតប្រជែង នៅក្នុងការប្រលងចម្រៀងនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here