ដោយសារតែរំភើបនឹងការលះបង់ជួយដល់សង្គមជាច្រើនឥតគណនា បូករួមទាំងការបរិច្ចាគជួយដល់កុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រាស្នាមញញឹមនៃក្ដីសង្ឃឹម កុមារកម្ពុជា ដែលឯកឧត្តមឧកញ៉ា តាំង សុខឃី និង លោកជំទាវ ទ្រី ចិន្តា រាប់មិនអស់ពេក ទើបលោកស្រី ប៉ូ ស្រីគង់ ប្រធានសមាគមកុមារកំព្រាស្មាមញញឹមនៃក្ដីសង្ឃឹម សម្រេចចិត្តនាំយកមេដាយ និង រូបថតជាមិត្តរូបមួយផ្ទាំង ទៅជូនដល់ឯកឧត្តម និង លោកជំទាវ ដើម្បីជាការថ្លែងអំណរគុណ និងជាការជូនពរដល់ឯកឧត្តមឧកញ៉ា និង លោកជំទាវ ក្នុងថ្ងៃអាហារសាមគ្គី និង ខួបអាពាហ៍ពិពាហ៍ ដែលបានធ្វើឡើងនៅក្បែរភ្នំឱរ៉ាល់នោះ។
លោកស្រី ប៉ូ ស្រីគង់ បានលើកឡើងថា ទង្វើដ៏ល្អរបស់ឯកឧត្តមឧកញ៉ា និង លោកជំទាវ គឺស័ក្តសមក្នុងការទទួលបាននូវមេដាយកិត្តិយស តំណាងអោយទឹកចិត្តរបស់កុមារកំព្រាទាំងអស់ នៅក្នុងមណ្ឌល។
មេដាយកិត្តិយសនេះ ក៏ជាការកោតសរសើរ និង បង្ហាញពីការដឹងគុណរបស់មណ្ឌល និង កុមារកំព្រានៅក្នុងមណ្ឌលស្នាមញញឹមទាំងអស់ ចំពោះឯកឧត្តមឧកញ៉ា និង លោកជំទាវ ដែលមិនអាចកាត់ថ្លៃបាននេះផងដែរ។
លោកស្រីក៏សូមគោរពជូនពរ ដល់ឯកឧត្តមឧកញ៉ា និង លោកជំទាវ អោយមានសុខភាពល្អ កាន់តែរីកចំរើន និង ទទួលបាននូវការស្រលាញ់ដឹងគុណពីមនុស្សគ្រប់ទិសទី ដោយសារតែអំពើល្អរាប់មិនអស់ ដែលឯកឧត្តមឧកញ៉ា និង លោកជំទាវបានធ្វើកន្លងមកនោះផងដែរ។