មកទល់ពេលនេះតារាចម្រៀងអ្នកនាង សុខ ហ្វីយ៉ា នៅតែមិនប្រកាន់ជំហរមិនទាន់ចង់ត្រលប់មកកាន់អាជីពចម្រៀងដែលធ្លាប់ជួយអោយនាងទទួលបានការគាំទ្រនៅឡើយទេ បន្ទាប់ពីអ្នកនាងមានស្វាមីមានកូនម្នាក់ និងបានក្លាយជាម្ចាស់ភោជនីយដ្ឋានធំដុំនៅភូមិច្រែសជិតបឹងបៃតង។ យ៉ាងណាមិញ គេឃើញអ្នកនាងចាប់ផ្ដើមរំលេចកេរ្តិ៍ឈ្មោះអោយមានអ្នកស្គាល់ឡើងវិញ ដោយក្រៅពីចាប់ផ្ដើមបង្ហាញមុខក្នុងកម្មវិធីតារាសិល្បៈ អ្នកនាងក៏ទើបតែរំលេចពិធីខួបកំណើតក្ដៅៗ កាលពីយប់ថ្ងៃទី៧ មករា ដោយមានទាំំងអញ្ជើញតារាសិល្បៈជាភ្ញៀវកិត្តិយសផង។
អ្នកនាង សុខ ហ្វីយ៉ា និយាយថាហេតុផលដែលអ្នកនាងសម្រេចចិត្តចំណាយលុយ និងពេលវេលាធ្វើខួបកំណើតកាលពីយប់ថ្ងៃទី៧មករា នោះគឺដោយសារតែអ្នកនាងចង់ជុំមិត្តភ័ក្រ្ត និងអ្នកសិល្បៈ ដែលអ្នកនាងខកខានទំនាក់ទំនងយូរ អោយមានទំនាក់ទំនងឡើងវិញ។
អ្នកនាងថាក្នុងពេលអ្នកនាងមានស្វាមីអ្នកនាងមិនត្រឹមតែឃ្លាតឆ្ងាយពីការច្រៀងរាំប៉ុណ្ណោះទេ គឺសូម្បីតែអ្នកសិល្បៈ ដែលធ្លាប់កម្សត់កម្រជាមួយគ្នា ក៏អ្នកនាងមិនហ៊ានទៅគេឃើញមុខនោះដែរ ជាពិសសក្នុងពេលអ្នកនាងធ្លាក់ខ្លួនអស់រថយន្តអស់ផ្ទះ មុនបានក្លាយជាថៅកែហាងនៅក្នុងពេលនេះ។
អ្នកនាងថាសិល្បៈ ខ្លួនគង់តែត្រលប់វិញ ប៉ុន្តែដរាបណាការងារមមាញឹករបស់អ្នកនាង នៅតែមិនអាចធូរស្រាលនោះអ្នកនាងមិនទាន់ទទួលការងារសិល្បៈឡើយ ដើម្បីកុំអោយលិបលៗនាំតែមហាជនខ្វះការចាប់អារម្មណ៍។ អ្នកនាងថាខ្លួននឹងរកពេលផលិតចម្រៀងខ្លួនជាជាងហក់ចូលផលិតកម្មផ្ដាច់មុខដូចមុន ដើម្បីកុំអោយមានសម្ពាធជុំវិញការងារខាងក្រៅពិបាកដកឃ្លា។
នៅក្នុងពិធីខួបកំណើតនៅក្នុងថ្ងៃនោះ គេឃើញអ្នកនាង សុខ ហ្វីយ៉ា ស្រស់ស្អាតមិនចាញ់កាលនៅក្រមុំនោះទេ ខណៈដែលអ្នកនាង និងស្វាមីក្មេង ក៏បង្ហាញភាពផ្អែមល្ហែមដូចទើបរៀបការថ្មោងថ្មី ធ្វើអោយម្នាក់ៗសរសើរថាអ្នកនាងក្រោយបាត់មុខពីផលិតកម្ម E Nation អ្នកនាងពិតជាសំណាងមែន ដោយក្រៅពីមានស្វាមីក្មេង និងមានគ្រួសារប្រកបដោយសុភមង្គល ក៏បានរស់ក្នុងសភាពជាថៅកែស្រី ដែលនារីមួយចំនួនមិនអាចដូច។ នៅក្នុងកម្មវិធីរបស់នាង ក្រៅពីភ្ញៀវកិត្តិយស គេឃើញមានវត្តមានតារាសិល្បៈមួយចំនួនចូលរួម៕