កាលពីថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២៤ ផលិតកម្ម LD បានរៀបចំពិធីសម្ពោធដាក់បញ្ចាំងរឿង “ម្ដាយបំពេរកូន បណ្ដាសារសម័យលង្វែក” យ៉ាងអធឹកអធម ដោយមានភ្ញៀវកិត្តិយស និង តារាល្បីៗចូលរួមយ៉ាងច្រើនកុះករ។ នេះជាភាពយន្តដែលបង្ហាញព្រាយ និង មន្តអាគមដែលជាមរតករបស់បុព្វបុរសខ្មែរ តាំងពីយូរលង់ណាស់មកហើយ ហើយខ្លឹមសារសំខាន់នៅក្នុងស្នាដៃនេះ ក៏បង្ហាញពីគូស្នេហ៍ប្ដីប្រពន្ធ ដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន និង ហ៊ានពលីសូម្បីជីវិត ព្រោះតែកូននោះផងដែរ។
ភាពយន្តនេះ នឹងដាក់លក់សំបុត្រចាប់ពីថ្ងៃទី ២៥ ធ្នូ ឆ្នាំ២០២៥ តទៅ ដោយមានការរំពឹងយ៉ាងខ្លាំងថា សន្ទុះគាំទ្រក៏មិនអន់នោះដែរ ដោយសារតែជាភាពយន្តបែបភ័យរន្ធត់ និង កម្សត់តស៊ូ ដែលបង្កប់នូវភាពព្រឺព្រួច និងអបិយជំនឿបុរាណខ្មែរ នៅក្នុងសម័យលង្វែក។
លោក លៀក លីណា និង លៀក លីដា ផលិតករស្នាដៃនេះ បានអះអាងថា ភាពយន្តរឿង “ម្ដាយបំពេរកូន បណ្ដាសារសម័យលង្វែក” ប្រសិនបើផ្ទុះការគាំទ្រខ្លាំង នៅក្នុងប្រទេសកម្ពុជា នោះផលិតកម្មនឹងអាចនាំចេញទៅដាក់បញ្ចាំងនៅក្រៅប្រទេស។ លោកទាំង២ថា មួយរឿងនេះ ផលិតកម្មផ្ដោតតែការវាយលុកទីផ្សារកុន នៅក្នុងស្រុកប៉ុណ្ណោះ។
យ៉ាងណាមិញ សម្រាប់គុណភាព និង សាច់រឿង លោក លៀក លីណា ហ៊ានថាមិនចាញ់ភាពយន្តបរទេសនោះទេ តែហេតុផលដែលលោកមិនបានត្រៀមសម្រាប់នាំចេញ ដោយសារផលិតកម្មនៅមានភាពយន្តល្អៗជាច្រើនទៀត។
លោក លៀក លីដា មួយរឿងកំពុងស្ទុងការគាំទ្រក្នុងស្រុក ប្រសិនបើផ្ទុះ គឺលោកនឹងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ហើយលោកក៏ជឿជាក់ដែរថា ស្នាដៃមួយនេះ នឹងមានការគាំទ្រមិនណយ ដោយសារផ្ទៃរឿងមានរសជាតិ ខុសពីរឿងអ្នកដទៃ ហើយជារឿងដែលបានប្រមូលផ្ដុំនូវតួដែលមានសមត្ថភាពជាច្រើនអោយប៉ះគ្នា។
មួយរឿងនេះ ក៏ពញាក់អារម្មណ៍កូនខ្មែរ អោយស្គាល់ពីជំនឿព្រាយម្ដាយដើម និង ពិធីជញ្ជាត់វិញ្ញាណ ដែលជាពិធីដ៏ចំណាស់របស់កូនខ្មែរ។ អ្វីដែលសំខាន់គឺភ្ញៀវកិត្តិយស ដែលបានចូលរួមសម្ពោធភាពយន្ត គឺភាគច្រើន សុទ្ធតែបុគ្គលល្បីៗ និង មានមុខមាត់ ដែលកាន់តែធ្វើអោយពិធីទាំងមូល ផ្ទុះការចាប់អារម្មណ៍។