សាន ម៉ៅ បញ្ចាំផ្ទះនៅធនាគារ15000$មុនបញ្ជូនទៅព្យាបាលនៅថៃ

0

យោងតាមការបង្ហោះរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍សិល្បករខ្មែរ បានអះអាងថា តារាកំប្លែងលោក សាន ម៉ៅ មានលទ្ធភាពដឹកបញ្ជូនទៅព្យាបាលនៅក្នុងប្រទេសថៃនៅក្នុងពេលនេះ គឺដោយសារតែគ្រួសាររបស់លោកបានយកប្លង់ផ្ទះទៅបញ្ចាំនៅក្នុងធនាគារចំនួន15000$ប៉ុណ្ណោះ។

យ៉ាងណាមិញ មានការបញ្ជាក់ថា ស្ថានភាពលោកក្រោយការបញ្ជូនទៅកាន់ប្រទេសថៃមានការធូរស្រាលហើយ តែអ្វីដែលជាបញ្ហាគឺលោក និងគ្រួសារប្រឈមនឹងកង្វះខាតក្នុងការសងត្រលប់លើបំណុលធនាគារ ខណៈដែលលោកសាន ម៉ៅ ដែលជាជំហរក្នុងគ្រួសារ បាត់បង់សមត្ថភាពរកកម្រៃក្នុងពេលសង្គ្រោះបន្ទាន់។

អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបង្ហោះថា«ពេលនេះលោកពូ សាន ម៉ៅ កំពុងសម្រាកព្យាបាលនៅមន្ទីរមួយ ដែលស្ថិតនៅខេត្តស៊ីសាកេត ប្រទេសថៃ។

កំឡុងពេលលោកពូព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសខ្មែរ ក្នុងបន្ទប់សង្គ្រោះបន្ទាន់រយះពេល21ថ្ងៃ គាត់ចំណាយអស់ជិត 10000$ គ្រួសាររបស់លោកពូបានយកផ្ទះ និង ឡាន ទៅបញ្ចាំបានថវិការចំនួន 15000$ ដើម្បីយកលោកពូទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ ហើយមកដល់ពេលនេះគឺគាត់បានចំណាយលើថ្លៃរថយន្តសង្គ្រោះពីភ្នំពេញដល់ព្រំដែនខ្មែរថៃអស់ 3000$ ហើយថ្លៃរថយន្តសង្គ្រោះពីព្រំដែនខ្មែរថៃទៅខេត្តស៊ីសាកេត ប្រទេស ថៃគឺចំណាយអស់ជាង 7000បាត នេះគ្រាន់តែថ្លៃរថយន្តដឹកអ្នកជំងឺទេ ថ្លៃព្យាបាលគឺមិនទាន់ដឹងនៅឡើយទេ»។ អ្នកនាងក៏បានប្រកាសថាលោកសាន ម៉ៅ បានធូរស្រាលច្រើនហើយ ដោយអ្នកនាងប្រកាសថាអ្នកអាណិតស្រឡាញ់លោក គួរតែផ្ដល់ការបរិច្ចាគចំពោះលោក ដើម្បីអោយលោកមានលទ្ធភាពបន្តការព្យាបាលនៅក្នុងប្រទេសថៃ។

គួរបញ្ជាក់ថា លោកសាន ម៉ៅ បានធ្លាក់ខ្លួនឈឺរួមមានទឹកនោមផ្អែម និងលើសឈាមច្រើនឆ្នាំមកហើយ ដោយអាការៈរបស់លោកក៏មានសភាពធ្ងន់ច្រើនលើកបែបនេះច្រើនលើកមកហើយ ដោយគ្រាន់តែការធ្លាក់ខ្លួនឈឺក្នុងពេលនេះ គឺមានសភាពធ្ងន់ធ្ងរជាងមុន ដល់ថ្នាក់គ្រួសារដាក់ប្លង់ផ្ទះបញ្ចាំធានាគារដើម្បីបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងប្រទេសថៃ៕