យោងតាមការបង្ហោះរបស់ផេកផ្លូវការ គ្រួសារតារាកម្ពុជា II និង ការបង្ហោះរបស់លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា គឺថ្នាក់ដឹកនាំមន្ទីរពេទ្យបាងកក រាជសីមា នៅខេត្តនគររាជសីមា នៅប្រទេសថៃ បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក និង ក្រុមសិល្បករខ្មែរយ៉ាងកក់ក្ដៅ ក្នុងពេលចុះទស្សនកិច្ចមន្ទីរពេទ្យ តបតាមការអញ្ជើញ។
នេះគឺជាមន្ទីរពេទ្យធំមួយ ប្រចាំខេត្តនគររាជសីមា និង ជាមន្ទីរពេទ្យល្បីល្បាញមួយរបស់ប្រទេសថៃ ដែលត្រូវបានគេទទួលយូរមកហើយពីគុណភាព និង សេវាផ្នែកសុខភាព។ ដំណើរទស្សនកិច្ចនេះ គឺជាការដឹកនាំសិល្បករពីប្រទេសកម្ពុជា ដោយក្រុមការងារ ផ្ទះតារា និង គ្រួសារតារាកម្ពុជា ទៅសិក្សាស្វែងយល់ពីមន្ទីរពេទ្យស្ដង់ដារមួយនេះ បន្ទាប់ពីមានការអញ្ជើញជាច្រើនលើក ពីថ្នាក់ដឹកនាំមន្ទីរពេទ្យ។
ក្នុងនោះថ្នាក់ដឹកនាំមន្ទីរពេទ្យក៏បានផ្ដល់កិច្ចសំណេះសំណាល និង រៀបចំនូវការស្វាគមន៍ក្រុមចំពោះក្រុមកម្ពុជាយ៉ាងកក់ក្ដៅ ពេញរយៈពេល២យប់៣ថ្ងៃ ទាំងបេសកកម្មក្នុង និង ក្រៅមន្ទីរពេទ្យផងដែរ។
លោកស្រីវេជ្ជបណ្ឌិត KESSANEE WANNAKOL ប្រធានផ្នែកទំនាក់ទំនង មន្ទីរពេទ្យបាងកក រាជសីមា ប្រចាំខេត្តនគររាជសីមា បានជំនួសមុខអោយថ្នាក់ដឹកនាំមន្ទីរពេទ្យ ស្វាគមន៍ និង ផ្ដល់ភាពកក់ក្ដៅ ដល់តំណាងរបស់កម្ពុជា។ លោកស្រី បញ្ជាក់ថា មន្ទីរពេទ្យបាងកក រាជសីមា គឺជាមន្ទីរពេទ្យកម្រិតអន្តរជាតិធំមួយ ស្ថិតនៅក្នុងខេត្តនគររាជសីមា ដែលបានបម្រើលើសេវាកម្មលើផ្នែកពិនិត្យ និង ព្យាបាលសុខភាពដល់អតិថិជនគ្រប់ជាតិសាសន៍រយៈពេលច្រើនជាឆ្នាំមកហើយ។
មន្ទីរពេទ្យនេះ មានចំនួន២អាគារ មាន១០ជាន់ និង អាចបម្រើសេវាព្យាបាលសម្រាកព្យាបាលដល់អ្នកជម្ងឺក្នុងមួយថ្ងៃជាង២០០បន្ទប់។ មន្ទីរពេទ្យនេះ មានសេវាព្យាបាលលើគ្រប់ប្រភេទជម្ងឺទាំងអស់ ដោយឯកទេសសំខាន់ៗរួមមាន ឯកទេសផ្នែកសម្ភព ជម្ងឺកុមារ ជម្ងឺក្រពះពោះវៀន ជម្ងឺមហារីក ជម្ងឺបេះដូង វះកាត់ដាក់ថ្មបេះដូង ជម្ងឺឆ្អឹង ជម្ងឺសសៃប្រសាទ វះកាត់ខួរក្បាល សេវាកម្មកែសម្ផស្ស សេវាចាក់វីតាមីនបំពេញថាមពលដល់កោសិកា សេវាវះកាត់ប្ដូរពេទ្យ និង សេវាព្យាបាលគ្រប់ផ្នែក។
មកដល់សព្វថ្ងៃមន្ទីរពេទ្យទទួលបានអ្នកជម្ងឺជាជនជាតិខ្មែររាប់រយនាក់ក្នុងមួយសប្ដាហ៍ៗ ដោយសារតែ មន្ទីរពេទ្យបាងកក រាជសីមា ជាមន្ទីរពេទ្យដែលផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅព្យាបាល ជាមន្ទីរពេទ្យដែលមានតម្លៃសមរម្យ និង មានស្ដង់ដារក្នុងការព្យាបាលកម្រិតខ្ពស់។
លោក SAM ART SOK អ្នកសម្របសម្រួលជាជនជាតិកម្ពុជា តំណាងអោយថ្នាក់ដឹកប្រចាំមន្ទីរពេទ្យបាងកក រាជសីមា បានលើកឡើងថា មន្ទីរពេទ្យនេះ មានលក្ខណៈពិសេសត្រង់រាល់សេវាកម្ម គឺផ្ដល់តម្លៃព្យាបាលដល់ជនជាតិខ្មែរ ឬ ជនជាតិបរទេស ដូចគ្នានឹងតម្លៃផ្ដល់អោយដល់ជនជាតិថៃ ដោយមិនគិតតម្លៃពីរផ្សេងគ្នា ឬ ខ្ពស់ជាង លើប្រភេទជម្ងឺតែមួយ។
អ្វីដែលសំខាន់គឺមន្ទីរពេទ្យនេះ ក្រៅពីមានសេវាផ្ដល់ឡានពេទ្យសង្គ្រោះបន្ទាន់ ទៅដឹកអ្នកជម្ងឺដល់ព្រំដែនបង្កភាពងាយស្រួល ក៏មានសេវាដឹកអ្នកជម្ងឺតាមមធ្យោបាយឧទ្ទម្ភាគចក្រពីកម្ពុជាទៅមន្ទីរពេទ្យ សម្រួលដល់អ្នកជម្ងឺធ្ងន់ និងមានសេវាជួយអ្នកទៅព្យាបាលដែលគ្មានលិខិតឆ្លងដែនអោយបានទៅស្រួល។ មន្ទីរពេទ្យនេះ ធ្វើដំណើរតែជាង២ម៉ោងប៉ុណ្ណោះ ពីព្រំដែនកម្ពុជា ហើយការធ្វើដំណើរទៅមកក៏ត្រឹមតែជាង៥០០បាត ទើបមន្ទីរពេទ្យនេះកាន់តែទាក់ទាញអ្នកជម្ងឺខ្មែរច្រើន អោយទៅទទួលសេវាកម្ម។
មកដល់បច្ចុប្បន្ន មន្ទីរពេទ្យបាងកក មានសរុបចំនួន៧២ទីតាំងនៅក្នុងប្រទេសថៃ និងមានច្រើនសាខាផ្សេងទៀត នៅតាមបណ្ដាប្រទេសមួយចំនួន។ លោកថា សម្រាប់សាខានៅខេត្តនគររាជសីមា គឺជាសាខាធំមួយក្នុងចំណោមសាខាទាំង៧២ ហើយក៏ជាសាខា ដែលផ្ដល់សេវាដល់អ្នកជម្ងឺបរទេស ក្នុងតម្លៃស្មើភាពគ្នានឹងជនជាតិថៃ ហើយជាសាខាដែលមានដុកទ័រ និង ក្រុមគ្រូពេទ្យជាជនជាតិខ្មែរ ចាំជួយសម្រួល ដោយមិនចាំបាច់តម្រូវអោយអ្នកជម្ងឺត្រូវរកអ្នកបកប្រែពីខាងក្រៅ។
ក្នុងដំណើរទស្សនកិច្ច រយៈពេល២យប់៣ថ្ងៃនោះ ក្រុមការងារកម្ពុជា ដឹកនាំដោយ លោក ផាត់ តារារដ្ឋ ស្ថាបនិកសារព័ត៌មាន ផ្ទះតារា ក៏ត្រូវបានថ្នាក់ដឹកនាំមន្ទីរពេទ្យថៃ ជូនដើរកម្សាន្តនៅតំបន់សំខាន់ៗផងដែរ ដើម្បីរឹតចំណងមិត្តភាព។ លោកថា សម្រាប់បងប្អូនខ្មែរ ដែលមានបំណងចង់ទៅពិគ្រោះយោបល់ ឬ ទៅព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យនេះ គឺអាចទុកចិត្តបាន ព្រោះក្រោយពីបានសិក្សាស្វែងយល់ និង មើលឃើញពីប្រភេទម៉ាស៊ីន ពីស្ដង់ដារព្យាបាល ក៏ដូចជាតម្លៃដ៏សមរម្យរបស់មន្ទីរពេទ្យធំមួយនេះ គឺលោកយល់ថា បងប្អូនខ្មែរ គួរតែរីករាយក្នុងសេវាសុខភាពក្នុងមន្ទីរពេទ្យនេះ ដើម្បីទទួលបានលទ្ធផលល្អ ក្នុងការព្យាបាល។ លោកថាប្រសិនបើបងប្អូនចង់បានសេវាកម្មផ្នែកសុខភាពដែលអាចទុកចិត្តបាន អាចសាកសួរព័ត៌មានបាន ជាមួយគ្រូពេទ្យដែលអាចនិយាយភាសាខ្មែរបាន តាមរយៈតេលេក្រាម +66627852201។
គួរបញ្ជាក់ផងដែរថា ក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យបាងកក រាជសីមា នៅខេត្តនគររាជសីមានេះ បងប្អូនខ្មែរនឹងប្រើពេលតែ២ម៉ោងប៉ុណ្ណោះ ពីច្រកអន្តរជាតិប៉ោយប៉ែត ឬ ច្រកអូរស្មាច់ (អន្លង់វែង)។ ខាងមន្ទីរពេទ្យ ក៏មានរថយន្តដឹកជញ្ជូនដល់ព្រំដែន ឬ ជិះទៅកាន់ពេទ្យត្រឹមតែមិនដល់៣០ដុល្លារទៅមក។