ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៧ វិច្ឆិកា ក្នុងពេលដែលប្រទេសកម្ពុជា ប្រារព្ធពិធីបុណ្យអ៊ុំទូកនេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យបាងកក សាខាខេត្តនគររាជសីមា ដែលជាសាខាមន្ទីរពេទ្យបាងកកធំមួយ ប្រចាំប្រទេសថៃ បានអញ្ជើញថ្នាក់ដឹកនាំគ្រួសារតារាកម្ពុជា ក្រោមការដឹកនាំរបស់ លោក ផាត់ តារារដ្ឋ អោយដឹកនាំសិល្បករ និង ក្រុមការងារចំនួន១០រូប ទៅបំពេញទស្សនកិច្ច និង ដើម្បីពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការទ្វេរភាគី។
សំណើរអញ្ជើញអោយបំពេញទស្សនកិច្ចនេះ បានធ្វើឡើងជាច្រើនលើកមកហើយ តែត្រូវបាន លោក ផាត់ តារារដ្ឋ ស្នើលើកពេលម្ដងជាពីរដង ហើយទីបំផុត ក៏សម្រេចកំណត់យកថ្ងៃ១៥ ដល់១៧ វិច្ឆិកានេះ ជាថ្ងៃចុះបំពេញទស្សនកិច្ចតាមសំណើរ។
ជាគម្រោងថ្នាក់ដឹកនាំមន្ទីរពេទ្យបាងកក ដែលជាមន្ទីរពេទ្យល្បីល្បាញមួយផ្នែកសេវាកម្មពិនិត្យ និង ព្យាបាលលើគ្រប់ប្រភេទជម្ងឺធំៗ នៅខេត្តនគររាជសីមា នឹងស្វាគមន៍ក្រុមការងារគ្រួសារតារាកម្ពុជា ពេញរយៈពេល៣ថ្ងៃ ដោយថ្ងៃទី១ នឹងជូនដើរទស្សនកិច្ចតំបន់សំខាន់ៗ រៀបចំពិធីជប់លៀង និង អញ្ជើញតំណាងពីកម្ពុជាទាំង១០រូប ទៅលេងពិធីបុណ្យបណ្ដែតកន្ទងដែលគ្រោងធ្វើឡើងទ្រង់ទ្រាយធំនៅទូទាំងប្រទេសថៃ។
នៅថ្ងៃទី២ នឹងកិច្ចសំណេះសំណាល និង ស្វែងយល់ពីសេវាកម្មសំខាន់ៗនៅក្នុងមន្ទីរពេទ្យបាងកក សាខានគររាជសីម៉ា ដោយអញ្ជើញអោយទស្សនកិច្ចមន្ទីរពេទ្យ និង គ្រឿងបរិក្ខានៅក្នុងមន្ទីរពេទ្យ ដើម្បីបង្ហាញអោយកាន់តែច្បាស់ថា សាខាមន្ទីរពេទ្យមួយនេះ កំពុងបំលែងខ្លួនកាន់តែទំនើប និងធានាថាតម្លៃព្យាបាលកាន់តែមានតម្លៃពិសេស បើធៀបនឹងមន្ទីរពេទ្យល្បីៗនៅក្នុងប្រទេសថៃ។
ជាការអបអរដល់មន្ទីរពេទ្យបាងកក នៅខេត្តនគររាជសីម៉ា ដែលបានបើកសេវាវះកាត់កែសម្ភស្សថែមមួយសេវាកម្មទៀត ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏នឹងផ្ដល់សេវាពិនិត្យសុខភាព និង ផ្ដល់វីតាមីនចិញ្ចឹមសរីរាង្គ ដែលជាសេវាកម្មដែលកំពុងពេញនិយមនៅក្នុងមន្ទីរពេទ្យធំៗរបស់ថៃ ជូនដល់ក្រុមការងារ និង សិល្បករ ដែលដឹកនាំទៅដោយលោក ផាត់ តារារដ្ឋ ផងដែរ។
ដោយឡែកបន្ទាប់ពីនោះ ថ្នាក់ដឹកនាំមន្ទីរពេទ្យបាងកក នឹងជូនភាគីកម្ពុជាទៅកម្សាន្ត នឹងទៅសម្រាកលម្ហែកាយនៅតំបន់រីស៊ត ខៅយ៉ៃ ដើម្បីបង្កើតអនុស្សាវរីយ៍ទ្វេរភាគីរួមគ្នា។
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា បានសម្រេចដឹកនាំសិល្បករ និង ក្រុមការងារចំនួន១០រូប តបតាមការអញ្ជើញនេះ ដោយក្នុងនោះតារាសិល្បៈ ដែលតំណាងត្រូវបានជ្រើសរើស រួមមាន កញ្ញា យ៉េយ៉េ តារាកំប្លែងកំពុងល្បីប្រចាំនៅកម្ពុជា លោក រុន ណាកូ ពិធីករ ផ្ទះតារា និង អ្នកនាង យិន ស្រីពៅ ដែលតារាសម្ដែងមួយរូប នៅក្នុងវិស័យភាពយន្តខ្មែរ។
លោកថា ការដឹកនាំសិល្បករ និង សមាជិកទៅបំពេញទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីមន្ទីរពេទ្យបាងកក ដ៏ល្បីដែលកំពុងដំណើរការនៅខេត្តនគររាជសីម៉ា ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនប៉ោយប៉ែត និង ដើម្បីបើកផ្លូវអោយបងប្អូនខ្មែរ ដែលជឿទុកចិត្ត និង ចង់ទៅទទួលសេវាកម្មពិនិត្យសុខភាព ព្យាបាលជម្ងឺ និង វះកាត់កែសម្ផស្សជាដើម កាន់តែច្បាស់ពីមន្ទីរពេទ្យមួយនេះ។
លោក ផាត់ តារារដ្ឋ ក៏បានដាក់សំណើរសុំការបញ្ចុះតម្លៃពិសេសលើគ្រប់សេវាកម្មរបស់មន្ទីរពេទ្យ ដើម្បីអោយសិល្បករខ្មែរ ឬ បងប្អូនខ្មែរ ដែលបានទំនាក់ទំនងតាមក្រុមការងារផ្ទះតារា ឬ គ្រួសារតារាកម្ពុជា បានទទួលការព្យាបាលក្នុងតម្លៃបន្ធូរបន្ថយ ឬ ទាបជាតម្លៃទូទៅ តាមតែអាចធ្វើទៅបានផងដែរ។
តាមការព្រមព្រៀង លក្ខណ្ឌជាប្រយោជន៍មួយសម្រាប់សិល្បករ នឹងត្រូវបានឯកភាពគ្នា ដែលលោករំពឹងថា ដំណើរទស្សនកិច្ចនេះ នឹងជួយអោយអ្នកដែលចង់ប្រឹក្សាពីសុខភាព ឬ ព្យាបាលជម្ងឺនៅមន្ទីរពេទ្យបាងកក តាមរយៈគ្រួសារតារាកម្ពុជា នឹងទទួលអត្ថប្រយោជន៍ខ្ពស់។