អ៉ិន សុភិន ប្រកាសថាតំណែងអនុប្រធាន ដែលទើបទទួលស្គាល់ មិនសំខាន់

0

បន្ទាប់ពីបានបង្ហោះអោយដឹងជាសាធារណៈពីឯកសារតែងតាំង និងទទួលស្គាល់ពីតំណែងអនុប្រធានសមាគមភាពយន្តកម្ពុជារបស់លោក ដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ឧសភា ក្ដៅ ផលិតករល្បីឈ្មោះ លោក អ៉ិន សុភិន បានអះអាងថាតំណែងដែលលោកទើបតែមានការទទួលស្គាល់ មិនមែនជាអ្វីដែលលោកចង់បាននោះទេ។ ប៉ុន្តែអ្វីដែលត្រូវធ្វើ គឺរួមចំណែកអោយអស់សមត្ថភាព ជួយអោយវិស័យភាពយន្តនៅកម្ពុជាស្ទុះឡើង និងមានការទទួលស្គាល់។

លោក អ៉ិន សុភិន និយាយថា តំណែងប្រធាន ឬអនុប្រធាន មិនមែនជាក្ដីស្រម៉ៃដែលលោកចង់បានអោយខានតែបាននោះទេ ដោយបានទាំងចាត់់ទុកនោះគឺជាតំណែងដែលថែមបន្ទុកអោយលោកប្រឹងប្រែងធ្វើការអោយកាន់តែខ្លាំងនៅលើវិថីមួយនេះ ដោយមិនមានពេលវេលាផ្ទាល់ខ្លួននោះផង។

លោកថារាល់ថ្ងៃមិនទាន់បំពេញការងារជាអនុប្រធានសមាគមភាពយន្តអោយដិតដល់ផង នៅមិនទាន់មានសម្រាកដើម្បីផ្លូវចិត្តផ្ទាល់ខ្លួន ចុះទម្រាំបានក្លាយជាអនុប្រធាននៅក្នុងសមាគមភាពយន្តធំមួយបែបនេះ តើលោកនឹងត្រូវរ៉ាប់រងការលំបាកកម្រិតណា។ លោកថាខ្លួនជាប់តំណែងអនុប្រធាន មិនមែនជាការទាមទារនោះទេ ប៉ុន្តែជាការបោះឆ្នោត ទើបលោកប្រកាន់ជំហរថាបើជ្រុលទទួលបានការបោះឆ្នោតពីក្រុមផលិតករដែលចូលរួម ផ្ដល់សេចក្ដីទុកចិត្តអោយលោកចូលរួមដឹកនាំសមាគមនេះទៅហើយ គឺដាច់ខាតត្រូវតែប្រឹងធ្វើការបម្រើសមាគមអោយអស់ពីសមត្ថភាព។ លោកថា ខ្លួនបានជាប់ឆ្នោតច្រើនខែមកហើយ ប៉ុន្តែទើបតែធ្លាក់លិខិតទទួលស្គាល់ ដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ឧសភា ប៉ុណ្ណោះ ទើបលោកត្រូវធ្វើការច្រើនជាងមុនជាក់ជាមិនខាន ដើម្បីកុំអោយអ្នកបោះឆ្នោតអោយមានការខកបំណង។ នៅក្នុងលិខិតនោះ បានទទួលស្គាល់ លោក ឆាយ បូរ៉ា ចាងហ្វាងផលិតកម្មដើមត្នោត ដែលធ្លាប់ជាប់តំណែងជាប្រធានសមាគមជាយូរមកហើយ ជាប្រធានម្ដងទៀត លោក សែម វិសាល ម្ចាស់ផលិតកម្ម Wonderfilm Cambodia ជាអគ្គលេខា និងលោក ឡូវ មីលឡង់ និងលោក ព្រំ សិលា ជាសមាជិក។ លោក អ៉ិន សុភិន បន្តក្នុងកិច្ចសម្ភាសន៍តាមទូរសព្ទថា ជាលើកទី១ ដែលលោកទទួលបានសំឡេងបានក្លាយជាអនុប្រធានសមាគមមួយដ៏ធំ លោកក៏ត្រូវតែ ប្រើអោយអស់សមត្ថភាព បំពេញការងារសមាគម ដើម្បីអោយវិស័យភាពយន្តទទួលបានការរីកចម្រើន ទាំងក្នុងស្រុក និងក្រៅស្រុកសម្រាប់តំណែងដែលទើបទទួលស្គាល់ជាផ្លូវការនោះផងដែរ៕