កាលពីថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២៤ ផលិតកម្ម LD បានធ្វើពិធីដាក់សម្ពោធទៀតហើយ ដើម្បីដាក់បញ្ចាំងភាពយន្តរឿង “ប្រវត្តិស្នេហ៍នាងនាថ” វគ្គខ្មោចចិញ្ចឹមកូនមនុស្ស ជាផ្លូវការ ដោយមានតារាសម្ដែងមួយចំនួន និង ហ្វេនៗយ៉ាងច្រើនកុះករ ចូលរួម។
នេះជាវគ្គចុងក្រោយ ក្នុង រឿង “ប្រវត្តិស្នេហ៍នាងនាថ” ដែលបង្ហាញពីវគ្គខ្មោចចិញ្ចឹមកូនមនុស្ស ដែលបង្កប់ដោយឈុតឆាតភ័យ កម្សត និង កំប្លែង តាំងពីដើមដល់ចប់។ វគ្គចុងក្រោយនេះ នឹងដាក់លក់សំបុត្រចាប់ពីថ្ងៃទី៧ វិច្ឆិកាតទៅ ដោយមានការរំពឹងថា នឹងមានអ្នកទស្សនាច្រើន ដោយសារតែនេះគឺជារសជាតិថ្មី នៃភាពយន្តដែលនិយាយពីខ្មោចនាងនាថ។
លោក លៀក លីដា ដែលជាផលិតកររឿង ក៏បង្ហាញពីការរំពឹងខ្ពស់ផងដែរថា វគ្គចុងក្រោយនេះ នឹងកាន់តែមានការគាំទ្រ ដោយសារ២វគ្គកន្លងមក ក៏មានការគាំទ្រខ្ពស់រួចមកហើយ។ លោកទទូចអោយអ្នកគាំទ្រភាពយន្តខ្មែរ ចូលទស្សនាភាពយន្តនេះអោយបានច្រើន ដើម្បីលើកទឹកចិត្តផលិតករផង និង តួសម្ដែងផង។
ម្យ៉ាងក៏ដើម្បីអោយដឹងពីដំណើរជីវិតរបស់នាងនាថ ក្នុងវគ្គទី៣នេះ ដើម្បីអោយដឹងថា តើនាងនាថ និង ស្វាមី នឹងក្លាយជាយ៉ាងណា នៅពេលត្រូវចិញ្ចឹមកូនមនុស្ស ហើយម្នាក់ជាខ្មោច និង ម្នាក់ជាមនុស្សបែបនេះ។ លោកថា ចាប់ពីថ្ងៃទី៧ នេះតទៅ គ្រប់រោងភាពយន្តទាំងខេត្ត និង ភ្នំពេញ នឹងដាក់លក់សំបុត្រជាផ្លូវការ ដូច្នេះកុំភ្លេចទៅទស្សនាដើម្បីគាំទ្រទាំងអស់គ្នា។