ក្នុងនាមជាផ្នែកមួយដែលបានរៀបចំព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លោក ពូក ពោន ម្ចាស់ក្រុមហ៊ុនពោនសិរីមង្គល ដែលជួយចាត់ចែងផ្នែកពិធីការ ក្ដារពីស ព្រំ និង ស្ដង់ជាង៦០ ដើម្បីអោយមានការតាំងពិព័រណ៌ម្ហូបអាហារនៅមុខប្រាសាទអង្គរវត្ត បានបង្ហាញនូវមោទកភាពយ៉ាងខ្លាំង ដែលកម្ពុជាអាចរៀបចំព្រឹត្តិការណ៍ដង្ហែរក្បួនព្រះបាទជ័យវរ្ម័នទី៧ និង ការតាំងលក់ផលិតផលម្ហូបអាហារខ្មែរនេះបាន។
លោកចាត់ទុកថា នេះគឺជាព្រឹត្តិការណ៍ ដែលជួយអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យទេសចរណ៍នៅខេត្តសៀមរាប និង ទម្រង់វប្បធម៌ដ៏ផូរផង់របស់ខ្មែរ។ លោកថាខ្លួនមានមោទកភាព ដែលបានរួមចំណែកជួយរៀបចំផ្នែកពិធីទាំងមូល ដើម្បីអោយកម្មវិធីបានបញ្ចប់ទៅដោយជោគជ័យ។ លោកក៏ចង់អោយកម្ពុជារៀបចំពិធីបែបនេះអោយបានញឹកញាប់ផងដែរ ដើម្បីទាក់ទាញអ្នកទេសចរណ៍។
អ្វីដែលលោកចាប់អារម្មណ៍បំផុត គឺអ្នកចូលរួមភាគច្រើន បានរំលេចនូវសំលៀកបំពាក់ប្រពៃណីខ្មែរ ដែលធ្វើអោយពិធីដង្ហែរក្បួន និង ការតាំងស្ដង់លក់ចំណីចំណុកខ្មែរ បង្កប់់នូវវប្បធម៌ដ៏សំបូរបែប។ យ៉ាងណាមិញលោកថា សេវាកម្មទាំងអស់ ដែលលោកចាត់ចែងរៀបចំពិធីនេះ មិនមែនជាគិតកញ្ចប់ពេញនោះទេ ផ្ទុយទៅវិញគឺ ជាការចូលរួមជួយក្រសួងវប្បធម៌ ជួយក្រសួងទេសចរណ៍ និង សមាគមសិល្បករខ្មែរប៉ុណ្ណោះ ដោយក្រុមហ៊ុនរបស់លោកទទួលបានតែថវិកាមួយផ្នែក ដោយសារតែសិរីមង្គលរបស់លោក ចូលរួមក្នុងនាមជួយជាតិ និង ជាដៃគូរៀបចំ។
គួរបញ្ជាក់ផងដែរ រយៈពេលប្រមាណកន្លះខែមកហើយ ដែលក្រុមការងារពោនសិរីមង្គលរបស់លោក បានចំណាយពេលក្នុងការរៀបចំព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ជាពិសេសគឺការរៀបស្ដង់ម្ហូបអាហារ ដែលធ្វើអោយកម្មវិធីទាំងមូលមានភាពឥតខ្ចោះ។
ក្នុងនោះលោកក៏បាន ចូលរួមពាក់ឈុតប្រពៃណៃ ដើរភ្លក់ម្ហូប ដើម្បីផ្សព្វផ្សាយ និង បានចូលរួមសហការជាមួយក្រុមការងារ ផ្ទះតារា ដើម្បីបំផុស និង ផ្សព្វផ្សាយពីសកម្មភាពរបស់លោក ដើម្បីអោយកាន់តែមានការចាប់អារម្មណ៍ពីការតាំងស្ដង់ម្ហូបអាហារខ្មែរ និង ការដង្ហែរក្បួននៅខេត្តសៀមរាប កាលពីថ្ងៃទី២៩ និង ៣០ តុលា ដែលទើបបញ្ចប់មុននេះផងដែរ។