ទីបំផុត ពូឃ្លាំង ព្រមចាប់ដៃជាមួយ ទូច ស្រីលក្ខណ៍

0

ស្ងប់ស្ងាត់ពីការងារសិល្បៈអស់យ៉ាងយូរ តារារ៉េបពូឃ្លាំង បានត្រលប់មកវិញហើយ ដោយលោកបានត្រលប់ជាមួយនឹងការបញ្ចេញស្នាដៃនិពន្ធបទចម្រៀងមួយបទអោយ ទូច ស្រីលក្ខណ៍ច្រៀង ដែលបទចម្រៀងមួយបទនេះ កំពុងទទួលបានការគាំទ្រក្រោយការបង្ហោះក្ដៅៗ។ មានការលើកឡើងថា គ្រាន់តែដើមឆ្នាំ២០១៩ភ្លាម ពូឃ្លាំង ក៏បញ្ចេញក្បាច់គុនដែលខ្លួនធ្លាប់អង្រួនក្នុងពិភពសិល្បៈ អោយទូច ស្រីលក្ខណ៍ ខណៈដែលការរំលេចស្នាដៃនេះ គឺមានន័យថាលោកចាប់ផ្ដើមវិលជាន់ដានចាស់វិញហើយ។

អ្នកនាង ទូច ស្រីលក្ខណ៍ បានថ្លែងបញ្ជាក់ថា អ្នកនាងរំភើបចិត្តយ៉ាងខ្លាំង ដោយសារតែឌីជេឃ្លាំងដែលជាតារាចម្រៀង និងជាអ្នកនិពន្ធបទរ៉េបល្បីល្បាញ បានធ្វើបទចម្រៀងមួយបទអោយនាង ដែលនាងយល់ថាខ្លួនមានសំណាងដែលតារាធ្លាប់មានឈ្មោះបោះសំឡេងរូបនេះ និពន្ធបទអោយនាង។ ទូច ស្រីលក្ខណ៍ បញ្ជាក់ថា ស្នាដៃដែលពូឃ្លាំងផលិតអោយនាងនោះគឺមានចំណងជើងថា«ប្រុសមាយាទក្បត់»ដែលបទចម្រៀងនេះ នាងថាពូឃ្លាំង បាននិពន្ធចេញពីសាច់រឿងពិតរបស់បុគ្គលម្នាក់ ខណៈដែលអត្ថន័យរបស់បទនេះ ក៏ត្រូវចំខ្សែជីវិតរបស់គូស្នេហ៍ភាគច្រើន ជាពិសេសគឺគូស្នេហ៍ដែលខ្វះភាពស្មោះត្រង់នឹងគ្នា។

ទូច ស្រីលក្ខណ៍ បញ្ជាក់ថា បទ«ប្រុសមាយាទក្បត់»មិនមែនជាស្នាដៃចុងក្រោយរបស់ពូឃ្លាំង និពន្ធអោយនាងនោះទេ ដោយលោកបានត្រៀមបទចម្រៀងទី២ទី៣ និងបទចម្រៀងល្អៗច្រើនទៀតរួចហើយ ខណៈដែលលោក និងនាងក៏គម្រោងបកស្រាយបទចម្រៀងរួមគ្នាក្នុងពេលឆាប់ៗ ដើម្បីបង្ហាញថាពូឃ្លាំងត្រលប់មកលើកនេះ គឺមិនមែនមកតែស្នាដៃនិពន្ធទេ តែក៏មកទាំងការបកស្រាយចម្រៀងផងដែរ។ អ្នកនាងថា ខ្លួនពេញចិត្តស្នាដៃដំបូងរបស់ពូឃ្លាំងយ៉ាងខ្លាំង ជាពិសេសនៅពេលបទចម្រៀង«ប្រុសមាយាទក្បត់» គ្រាន់តែចេញបង្ហោះមិនទាន់បានប៉ុន្មានផង ក៏មានការគាំទ្រ និងចែកចាយច្រើនលើសពីបទមុនៗដែលនាងបានចេញដូចគ្នា៕