ខយ តេ បានប្រកាសយ៉ាងមោទនអំពីភាពជោគជ័យ នៃយុទ្ធនាការបរិច្ចាគឈាមរបស់ខ្លួន ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមឈ្មោះ “អ្នកជាវីរៈជន ឈាមអ្នក ជីវិតគេ” ក្នុងឱកាសសម្ពោធ សាខាថ្មី ខយ តេ ២០០៤ ។
ព្រឹត្តិការណ៍នេះបានទាក់ទាញសាធារណជនដ៏ច្រើន គួរឱ្យកត់សម្គាល់ ដោយមានអ្នកស្ម័គ្រចិត្តជិត 1,000 នាក់ មកពីជាង 10 ប្រទេសចូលរួម ។ ក្នុងចំណោមអ្នកចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ អ្នកដែលអាចបរិច្ចាគឈាម បានមានចំនួនរហូតដល់ 749 នាក់ ភាគច្រើនជាអ្នកបរិច្ចាគលើកដំបូង ។ យុទ្ធនាការ “អ្នកជាវីរៈជន ឈាមអ្នក ជីវិតគេ” បានកំណត់ត្រាឯតទគ្គកម្មជាតិថ្មីមួយ គឺ “អ្នកបរិច្ចាគឈាមច្រើនជាងគេក្នុងមួយថ្ងៃ” ។
លោកស្រី ម៉ា យ៉ាហ្វិន ស្ថាបនិក និងជាអគ្គនាយិកា ខយ តេ គ្រុប បានចូលរួមបរិច្ចាគឈាមជាលើកដំបូង ក្នុងជីវិតរបស់លោកស្រី ហើយបង្ហាញការគាំទ្រយ៉ាងស្មោះស្ម័គ្រ និងសរសើរអំពីស្មារតីយុទ្ធនាការនេះ ។ អ្នកស្រី ម៉ា បាននិយាយថា “ខ្ញុំពិតជាស្ងើចសរសើរចំពោះទឹកចិត្តសប្បុរស និងក្តីមេត្តាពីអ្នកចូលរួមគ្រប់គ្នា ។ វាជាសក្ខីភាពបញ្ជាក់ពីទឹកចិត្តសប្បុរស និងភាពរួបរួមគ្នារបស់ប្រជាជនកម្ពុជា” ។
លោកឧកញ៉ា ឃន ឈុនដារ៉ា អគ្គនាយកក្រុមហ៊ុន ខយ តេ ដែលបានថ្លែងអំណរគុណចំពោះអ្នកស្ម័គ្រចិត្ត ចូលរួមបរិច្ចាគឈាមទាំងអស់ និងក្រុមការងារនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ។ យើងរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការបរិច្ចាគឈាម ។
យើងជ្រើសរើសថ្ងៃ១៨ កញ្ញា ព្រោះវាជាថ្ងៃបិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជានិមិត្ដរូប នៃស្មារតីសប្បុរសធម៌របស់ប្រជាជនកម្ពុជា ។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ នឹងធ្វើឱ្យថ្ងៃសម្ពោធសាខាថ្មី របស់យើងកាន់តែមានន័យ នឹងគួរឱ្យចងចាំ ។ លោកស្នើរ នឹងលើកទឹកចិត្តដល់ស្ថាប័ន និងក្រុមហ៊ុនផ្សេងៗ អោយព្យាយាម បំបែកកំណត់ត្រានេះ ដើម្បីឱ្យមានការយល់ដឹង និងសម្រេចបាននូវការបរិច្ចាគឈាម ពីសាធារណជនកាន់តែច្រើន ។
ការបំបែកឯតទគ្គកម្ម នេះ បានបញ្ជាក់ពីសេចក្ដីមោះមុត និងការប្តេជ្ញាដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន ខយ តេ ក្នុងការបង្កើតផលវិជ្ជមានជូនសង្គម ។ ឈាមដែលបានបរិច្ចាគតាមរយៈអ្នកស្ម័គ្រចិត្តពីយុទ្ធនាការនេះ នឹងជួយក្រុមគ្រូពេទ្យសង្គ្រោះជីវិតមនុស្សទូទាំងប្រទេសកម្ពុជា ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅកាន់អ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមទាំងឡាយ និងដៃគូសហការទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានភាពជោគជ័យយ៉ាងក្រៃលែង ។ រាល់តំណក់ឈាមគឺមានសារសំខាន់និងរាល់ការបរិច្ចាគអាចជួយសង្គ្រោះជីវិតមនុស្ស ៕