ឆោម និមល លេចធ្លោខ្លាំង ក្នុងព្រឹត្តិការណ៍ Cambodia day នៅអាមេរិក

0

ក្នុងនាមជាតារាចម្រៀងខ្មែរ ដែលមានក្រុមចម្រៀងនៅលើទឹកដីអាមេរិក អ្នកនាង ឆោម និមល ដែលជាឈាមជ័រត្រកូលឆោមតែម្នាក់គត់ ដែលរក្សាភាពល្បីល្បាញមកដល់បច្ចុប្បន្ននៅសហរដ្ឋអាមេរិក នៅតែត្រូវបានគេកត់សម្គាល់ថាទទួលបានការគាំទ្រខ្លាំង នៅក្នុងការប្រគំតន្ត្រីធំដែលមានឈ្មោះថា Cambodia day ដែលចម្រុះដោយតារាល្បីៗពីកម្ពុជា។

បើទោះជាព្រឹត្តិការណ៍នោះ បង្ហាញខ្លួនសុទ្ធតែវត្តមានតារាពីកម្ពុជា រួមមាន លោកឧកញ៉ា ខេមរៈ សិរីមន្ត មាស សុខសោភា និង កញ្ញា បាន មុន្នីលក្ខណ៍ជាដើម ក៏ក្រុមចម្រៀងរបស់អ្នកនាង ឆោម និមល ដែលមានឈ្មោះថា Dengue Fever Music ដែលមានតារាចម្រៀងសញ្ជាតិអាមេរិកជាសមាជិក នៅតែផ្ទុះការគាំទ្រនាំមុខគេ ជាពិសេសនៅពេលអ្នកនាងឡើងឆាក ហើយច្រៀងបទញាក់ និងបទប្រពៃណីខ្មែរ ជាក្រុម ដែលធ្វើអោយបងប្អូនខ្មែរ និង ជនបរទេស ដែលចូលទៅទស្សនាស្រែកហ៊ោកញ្ជ្រៀវ។

អ្វីដែលគេសរសើរតារាចម្រៀងចាស់វស្សាហ៍នេះកាន់តែខ្លាំង គឺអ្នកនាងនៅតែមិនចោលឈុតហូលផាមួង ដោយអ្នកនាងបានច្នៃឈុតបែបខ្មែរដូចដែលឃើញនេះ អោយមើលទៅស៊ីវិល័យ ដើម្បីងាយស្រួលបទប្រភេទរ៉ក់ និង បទញាក់ៗ។ អ្នកចូលទៅទស្សនាច្រើនណាស់ បានបង្ហោះចែកចាយពីសកម្មភាពសម្ដែងដ៏រស់រវើករបស់ម្ចាស់បទ “ថ្ងៃមង្គលយើង” រូបនេះ ដោយម្នាក់ៗសរសើរថា អ្នកនាង ឆោម និមល នៅតែស្អាត និង ច្រៀងពិរោះ ហើយដោយសារសមត្ថភាពច្រៀង ដែលអាចបត់បែនបានគ្រប់ប្រភេទបទ ក្រោយបង្កើតវង់តន្ត្រីនេះហើយ ទើបធ្វើអោយអ្នកនាង ក្លាយជាតារាខ្មែរ ដែលមានទីផ្សារខ្លាំង នៅក្រៅប្រទេស ដល់ថ្នាក់មិនអាចអោយអ្នកនាងវិលត្រលប់មកកាន់ប្រទេសកំណើតបាន។

ក្នុងមួយឆ្នាំៗ ក្រុមតន្ត្រីរបស់អ្នកនាងស្ទើរគ្មានពេលសម្រាកឡើយ ដោយត្រូវចេញសម្ដែងក្នុងកម្មវិធីធំៗ របស់បងប្អូនខ្មែរ នៅទូទាំងសហរដ្ឋអាមេរិក។ ដូច្នេះហើយ ទើបគ្រប់កម្មវិធីធំៗ របស់បងប្អូនខ្មែរ ដែលរៀបចំឡើងនៅប្រទេសមហាអំណាចមួយនេះ គឺក្រុមអ្នកនាង ឆោម និមល វាតយកទីផ្សារស្ទើរតែទាំងស្រុង ក្នុងការចេញច្រៀង។

ក្នុងនោះ ក្រុម Dengue Fever Music របស់អ្នកនាង ក៏ចេញសម្ដែងនៅតាមបណ្ដាប្រទេសផ្សេងទៀត ស្ទើរមិនសល់ពេលសម្រាកផងដែរ ជាពិសេសនៅបណ្ដាប្រទេសនៅអឺរ៉ុប កាណាដា និង អូស្ត្រាលី ជាដើម។ យ៉ាងណាមិញ អ្នកនាង និង ក្រុម ក៏ឧស្សាហ៍ចុះមកកម្ពុជា ដើម្បីពញាក់អារម្មណ៍ហ្វេនៗផងដែរ ទើបធ្វើអោយកេរ្តិ៍ឈ្មោះរបស់អ្នកនាង ឆោម និមល នៅតែលេចធ្លោខ្លាំង ទាំងនៅក្នុងស្រុក និង ក្រៅស្រុក។

ជាក់ស្ដែង នៅថ្ងៃ Cambodia Day ដែលបានធ្វើឡើងនៅអាមេរិក កាលពីថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅអាមេរិក) អ្នកនាង ឆោម និមល នៅតែឈរជើងជាតារាខ្មែរ ដែលទទួលបានការគាំទ្រខ្លាំង ថ្វីត្បិតតែក្នុងវេទិកានោះ មានចម្រុះដោយតារាលំដាប់ៗពីកម្ពុជា ដែលត្រូវបានអញ្ជើញអោយទៅសម្ដែង។



LEAVE A REPLY

Please enter your comment!
Please enter your name here