មិនគួរជឿ តារាភេទទី៣ទាំងនេះ មានជំហរមួយដូចគ្នា

0

ក្នុងវិស័យសិល្បៈ គ្មានអ្នកណាមិនដឹងនោះទេថាតារាប្រុសទាំងនេះ បានទទួលស្គាល់ថាខ្លួនជាភេទទី៣ ដោយអ្វីដែលគេកត់សម្គាល់គឺពួកលោកបានប្រកាន់ជំហរមួយដូចគ្នា ដែលផ្ទុយពីតារាភេទទី៣ផ្សេងទៀតដែលចង់ល្បីល្បាញខាងកែសម្រស់ និងវះកាត់កែប្រែខ្លួនអោយក្លាយជានារីពេញលក្ខណៈ ស្របតាមក្ដីស្រម៉ៃនោះ។ យល់ខុសពីតារាភេទទី៣ទាំងពួង អ្នកទាំងនេះយល់ថាកុំថាឡើយចំណាយលុយវះកាត់កែដើមទ្រូង ឬកែភែទ គឺសូម្បីតែតែងតួជាស្រីនៅក្នុងកម្មវិធីផ្សេងៗដែលមិនជួលនោះ ក៏មិនធ្វើនោះដែរ ទោះជាដឹងនោះជាយុទ្ធសាស្រ្តដែលជួយអោយគេចាប់អារម្មណ៍ខ្លាំង។

លោក ម៉ាដូណា៖ អ្នកសិល្បៈគ្រប់រូបសុទ្ធតែដឹងថា តារាកំប្លែង និងជាតារាចម្រៀងរូបនេះ ជាតារាភេទទី៣ ប៉ុន្តែគេមិនដែលឃើញលោក ម៉ាដូណា មានជំហរចង់កែភេទ ឬតែងខ្លួនជាស្រីក្រៅពីការឡើងសម្ដែងម្ដងណាឡើយ ដោយលោកប្រកាសថាខ្លួនជាតារាភេទទី៣ពិត ប៉ុន្តែបើអោយតែងស្រី គឺលោកមិនធ្វើដាច់ខាត ដោយសូម្បីតែគំនិតចង់វះកាត់ ឬកែសម្រស់អោយក្លាយជាស្រី ក៏មិនធ្វើនោះដែរ បើទោះជាមានគេជួលមិនអស់លុយមួយរៀល។

លោក អៀម សុខា៖ នាងជាតារាភេទទី៣ដែលមានជំនាញផាត់មុខ ហើយបើនិយាយពីទេពកោសល្យសម្ដែងក៏ខ្លាំងណាស់ដែរ ខាងភាពក្រម៉ិចក្រម៉ើម។ នាងទទួលស្គាល់ថាខ្លួនគឺជាតារាមានអារម្មណ៍ជាស្រី ប៉ុន្តែនាងថាខ្លួនមិនតែងស្រីទេ ដោយសារតែគ្មានចំណូលចិត្ត។ រយៈពេលចុងក្រោយ នាងត្រូវគេស្គាល់ខ្លាំងថាមានទីផ្សារទាំងការទទួលផាត់មុខ និងការសម្ដែងព្រមគ្នា ដោយក្រោយពីឡើងកូដក្នុងរឿង«កំណត់ហេតុនាងនាថ» និងរឿង«សរសរកន្លោង» នាងក៏បានទទួលតំណែងក្នុងរឿង«ខ្ញុំមានញាណលើស»ដែលជាភាពយន្តខ្នាតធំរបស់ហង្សមាសនាពេលថ្មី។

គន់ រៀមរតនៈ៖ តាំងពីបានក្លាយខ្លួនជាតារាសម្ដែងភេទទី៣នាងត្រូវគេតែងតួជាស្រីតែក្នុងបទចម្រៀង«ផ្សារកាប់គោ»របស់អ្នកនាងកាតុ និងក្នុងភាពយន្តកំប្លែងអប់រំមួយ ដែលនាងត្រូវគេអោយដើរឈ្មោះថាឈ្មោះ រ៉ូហ្សាប៉ុណ្ណោះ ខណៈដែលនាងក៏មានជំហរដូចគ្នាថាមិនទាន់ត្រៀមខ្លួនតែងតួជាស្រីក្រៅពីការសម្ដែងឡើយ។
នាងគឺជាតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងដោយភាពក្រម៉ិចក្រម៉ើម ខណៈដែលមួយរយៈចុងក្រោយ ក៏មានទីផ្សារសម្ដែងគួរអោយកត់សម្គាល់ផងដែរ បើទោះជាឱកាសបានសម្ដែងជាតួលេចធ្លោរស្ថិតក្នុងសភាពលេចអណ្ដែតៗមិនទាន់នឹងននៅឡើយ។ យ៉ាងណាមិញ គន់ រៀមរតនៈ ហៅចែរ៉ូហ្សា ត្រូវគេឃើញលេចធ្លោរក្នុងសកម្មភាពសប្បុរសធម៌តូចធំនាពេលចុងក្រោយ ជំនួសអោយការសម្ដែងដែលនាងអះអាងថាក៏ពិបាកទទួលព្រោះតែរវល់នឹងការងារផ្ទាល់ខ្លួន។


លោក វណ្ណាឌី៖ តារាភេទទី៣រូបនេះ ក៏ត្រូវគេឃើញបង្ហាញខ្លួននៅក្នុងពិភពសិល្បៈច្រើនឆ្នាំមកហើយ ប៉ុន្តែគេកម្រឃើញលោកតែងស្រីអោយដូចគ្នានឹងភាពក្លាហានទទួលស្គាល់ថាខ្លួនគឺជាភេទទី៣របស់លោកណាស់ ដោយលោកប្រកាន់ជំហរថា បើផលិតករតម្រូវអោយលោកសម្ដែងជាតួអង្គស្រីលោកធ្វើ តែបើអោយតែងតួជាស្រីគឺលោកមិនតែងនោះទេដោយសារតែលោកក៏ធ្លាប់មានភរិយា និងមានកូនៗក្នុងបន្ទុកដែលមិនអាចធ្វើរឿងនោះបាន។ លោកត្រូវគេឃើញសម្ដែងជាតួឪពុក និងជាតួភេទទី៣ ហើយទទួលបានការគាំទ្រមិនអន់នោះទេនៅក្នុងរយៈពេលចុងក្រោយ។

ឡុង សុខហៀង៖ លោកក៏ជាភេទទី៣យិនសិន នៅក្នុងសិល្បៈផងដែរ តែភាគតិចណាស់ ដែលលោកតែងស្រីនៅក្នុងសិល្បៈ។ លោកត្រូវគេឃើញតែងស្រីប្លែកភ្នែក តែក្នុងការសម្ដែងតិចតួចប៉ុណ្ណោះមកទល់នឹងក្លាយខ្លួនជាម្ចាស់ហាងនាំចូលផលិតផលថែរក្សាសម្រស់មួយនៅក្នុងពេលនេះ។ លោកក៏ជាម្ចាស់ក្លិបសិល្បៈមួយរូប ដែលមាននាទីបណ្ដុះ និងដឹកនាំតារាក្មេងៗ អោយមានឱកាសសម្ដែងផងដែរ ក្រៅពីទទួលសម្ដែងខ្លួនឯង។

លោក ស៊ូ បញ្ញា៖ លោកក៏ជាតារាសម្ដែងមួយរូប ដែលបានប្រកាសថាខ្លួនគឺជាតារាភេទទី៣ផងដែរ ប៉ុន្តែលោកប្រកាន់ជំហរដាច់ខាតមិនតែងខ្លួនជានារីនោះឡើយ ដោយលោកបញ្ជាក់ថាសាច់ញាតិរបស់លោក ដែលសុទ្ធតែជាមន្ត្រីជាន់ខ្ពស់មិនឯកភាពអោយលោកធ្វើខ្លួនជាស្រីបើកចំហរនៅក្នុងពិភពសិល្បៈនោះទេ ប៉ុន្តែពេញចិត្តអោយលោកបង្ហាញខ្លួនក្នុងសិល្បៈក្នុងនាមជាតារាសម្ដែងមួយរូប។

ចៅខ្មែរ៖ បន្ទាប់ពីល្បីល្បាញជាតារាហ្វេសប៊ុក និងបានសម្ដែងមួយរឿងក្នុងរឿង«ម៉ាដាបអាប» ដែលត្រៀមដាក់បញ្ចាំងក្នុងពេលដ៏ខ្លីនេះ លោកក៏មានទីផ្សារនៅក្នុងពិភពសម្ដែងផងដែរ។ លោកគឺជាតារាភេទទី៣ ដែលហ៊ានប្រកាសខ្លួនថាស្រឡាញ់ប្រុស និងហ៊ានរៀបការជាមួយបុរសដូចគ្នា ប៉ុន្តែបើអោយកែភេទ តែងស្រីនៅក្នុងកម្មវិធីផ្សេងៗគឺមិនធ្លាប់នោះទេ។

កញ្ញា រក្សា៖ តារាភេទទី៣រូបនេះ ក៏ប្រកាសប្រកាន់ជំហរមិនតែងតួជាស្រីក្រៅពីការសម្ដែងនោះដែរ ដោយគេតែងតែឃើញនាងបង្ហាញខ្លួនជាបុរសធម្មតានៅគ្រប់សកម្មភាពសិល្បៈនានា។ ប៉ុន្តែក្នុងចំណោមតារាភេទទី៣ដែលបានរៀបរាប់ខាងលើ នាងគឺជាតារាដែលមានទីផ្សារសម្ដែងជាតួអង្គស្រីដូចជាតួជាអ្នកបម្រើ និងជាតួចេកចូចបានច្រើនជាងគេ ទើបក្នុងភាពយន្តគេស្គាល់តារារូបនេះក្នុងតំណែងជាតួស្រីច្រើនជាងតែងតួជាប្រុស ប៉ុន្តែសម្រាប់ការបង្ហាញខ្លួនក្រៅឆាក គឺនាងប្រកាន់ជំហរមិនតែងតួជាស្រីដូចតារាភេទទី៣ផ្សេងទៀតឡើយ កុំថាឡើយដល់ថ្នាក់ចង់វះកាត់ប្ដូរភេទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here