ផលិតកររឿង « ប្រវត្តិស្នេហ៍នាងនាថ » រំពឹងវគ្គ២: ជើងមេឃព័ណ៌ស្វាយ នឹងទទួលបានការគាំទ្រលើសវគ្គ១

0

ភាពយន្តខ្នាតធំ « ប្រវត្តិស្នេហ៍នាងនាថ » វគ្គ២: ជើងមេឃព័ណ៌ស្វាយ បានធ្វើការបើកសម្ភោធជាផ្លូវការជាលក្ខណៈ Gala Premier កាលពីថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៤ មុននេះក្រោមវត្តមានតារាកិត្តិយសរួមទាំងតារាសម្ដែងល្បីៗជាច្រើនរូប ក្នុងនោះគេក៏ឃើញតារាចម្រៀងល្បីឈ្មោះអ្នកនាង ពេជ្រ សោភា, កញ្ញា ប៉ូគឹមថេង សុតធីតា, អ្នកនាង សារ៉ាយសក្កណា រួមទាំងតារាល្បីៗជាច្រើនរូបទៀតបានចូលរួមយ៉ាងច្រើនកុះករក្នុងថ្ងៃបើកសម្ភោធ និង ដើរលើកម្រាលព្រំក្រហមយ៉ាងអធឹកអធម នៅផ្សាទំនើប Aeon3។

លោក លៀក លីដា ប្រធានគ្រប់គ្រងផលិតកម្ម LD Entertainment បានមានប្រសាសន៍ថា ចំពោះរឿង « ប្រវត្តិស្នេហ៍នាងនាថ » វគ្គ២: ជើងមេឃព័ណ៌ស្វាយ នេះ ជាវគ្គដែលពិសេស និង មានប្លង់ចាប់អារម្មណ៍ជាច្រើនក្នុងនោះមានវគ្គសឹកសង្គ្រាម ដែលជាប្លង់បង្កររបួសស្នាមដល់តួអង្គដែលបានលះបង់សាច់ឈាមដើម្បីឱ្យរឿងចេញមកមានគុណភាព និង ប្លង់សំខាន់ៗជាច្រើនទៀតដែលអ្នកទស្សនាមិនគួររំលងនៅក្នុងវគ្គ២នេះ។

លោករំពឹងខ្ពស់ថាវគ្គ២នេះនឹងទទួលបានជោគជ័យដូចទៅនឹងវគ្គមួយ ឬបន្ទាប់ពីរឿងនេះដាក់បញ្ចាំង គឺនឹងទទួលបានអ្នកទស្សនាអាចនឹងលើសពីវគ្គ១ថែមទៀតផង ដោយសារអ្នកធ្លាប់បានមើលរឿងនេះកាលពីវគ្គ១គឺប្រាកដជាជ្រាបច្បាស់អំពីគុណភាព និង សាច់រឿង ហើយក៏ទន្ទឹងរង់ចាំវគ្គ២នេះមកដល់ផងដែរ។

លោកថា បន្ទាប់ពីចាក់បញ្ចាំងរឿងនេនេះចប់នៅក្នុងស្រុកលោកក៏បានត្រៀមយកភាពយន្តខ្នាតធំមួយនេះទៅបញ្ចាំងនៅឯងប្រទេសភូមា ដែលជាទឹកដីកំណើតរបស់តួឯកប្រុសគឺលោក ប៉ៃតាកន ក្នុងពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ផងដែរថាភាពយន្តខ្នាតធំ « ប្រវត្តិស្នេហ៍នាងនាថ » វគ្គ២: ជើងមេឃព័ណ៌ស្វាយ នឹងធ្វើការចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤ នេះតទៅនៅគ្រប់រោងភាពយន្តទូទាំងខេត្តក្រុង។

LEAVE A REPLY

Please enter your comment!
Please enter your name here