ខុសពីពិធីករពិធីការិនីភាគច្រើនដែលរង់ចាំតែគេទម្លាក់ព្រឹត្តិការណ៍ ឬកម្មវិធីអត់ចេញមុខ ពិធីករពិធីការិនី៤រូប មិនត្រឹមតែលេចធ្លោក្នុងអាជីពពិធីករប៉ុណ្ណោះទេ ប៉ុន្តែអ្នកទាំង៤ក៏ជោគជ័យក្នុងការក្ដោបក្ដាប់ទីផ្សាររៀបចំព្រឹត្តិការណ៍តូចធំនាពេលចុងក្រោយក្រោយផងដែរ។ អ្នកទាំង៤ ត្រូវគេស្គាល់ថាជាម្ចាស់អាហ្វែឆាកភ្លើងភ្លេង និងរៀបចំតារាចម្រៀងក្នុងកម្មវិធីដែលខ្លួនដេញថ្លៃបានយ៉ាងជោគជ័យ ទើបគេឃើញតារាទាំង៤ស្ទើរមិនមានពេលទំនេរក្នុងការលេចមុខទាល់តែសោះ ពិសេសព្រឹត្តការណ៍ពិព័រណ៌ខេត្តក្រុង សម្ពោធក្រុមហ៊ុន និងកម្មវិធីមង្គលការលំដាប់ៗជាដើម។
សុខ រាស៊ី៖ ពិធីករហង្សមាសរូបនេះ ជោគជ័យជាយូរមកហើយ តាំងពីលោកមិនទាន់បោះជំហ៊ានក្លាយជាតារាលេចធ្លោមកម្ល៉េះ។ លោកបោះជំហ៊ានពីពិធីករសមញ្ញដែលមានក្រុមហ៊ុនជួលឆាក ភ្លើងភ្លេង និងពិធីការ ហើយដោយសារតែដេញបានទីផ្សារជាហូរហែរ ទើបធ្វើអោយលោកកាន់តែល្បីល្បាញក្នុងអាជីពពិធីករ ព្រោះតែក្នុងកម្មវិធីតូចធំដែលលោកដេញបាន មិនបានថាកម្មវិធីតន្ត្រី និងកម្មវិធីសម្ពោធនានា គឺលោកសុទ្ធតែចេញធ្វើពិធីករខ្លួនឯងជាប្រចាំ ដែលធ្វើអោយលោកទទួលបានការចាប់អារម្មណ៍លឿនស្លេវ បើធៀបនឹងពិធីករដែលរង់ចាំតែទាល់តែគេជួល ដែលយូរៗម្ដងទើបលេចមុខនោះ។
ចាន់ កែវនិមល៖ ពិធីការិនីហង្សមាសរូបនេះ ក៏មិនណយនោះដែរដោយសារតែស្វាមីរបស់នាង គឺជាអ្នកដេញអាហ្វែប្រគំតន្ត្រី និងសម្ពោធក្រុមហ៊ុននានា ដែលពេលចុងក្រោយនាងក៏ក្ដោបក្ដាប់តំណែងនេះមិនចាញ់ស្វាមី ហើយទទួលបានទីផ្សារយ៉ាងកក្រើកក្នុងការរៀបចំព្រឹត្តិការណ៍តូចធំ ទាំងខេត្ត និងក្រុងមិនធម្មតា។ ក្រៅពីរវល់នៅប៉ុស្ដិ៍ហង្សមាស នាងក៏ត្រូវមមាញឹកនឹងការងារចាត់ចែងក្រុម និងធ្វើពិធីការិនីដែលខ្លួនដេញថ្លៃបានផងដែរ ទើបធ្វើអោយគេមើលឃើញយ៉ាងច្បាស់ក្រឡែតថា នឹងមិនងាយអោយនាងជ្រុះបាត់តំណែងខ្លាំងនៅក្នុងសិល្បៈនោះទេ ដោយសារតែនាងមានសកម្មភាពទាំងនៅហង្សមាស និងនៅក្នុងកម្មវិធីរបស់ខ្លួន មិនសូវស្ងាត់មុខ។ ក្នុងនោះនាងក៏ឆ្លៀតទទួលអាហ្វែដែលគេគ្រាន់តែត្រូវការនាងអោយធ្វើជាពិធីការិនីមួយពេលៗផងដែរ ដោយគ្រាន់តែនាងស៊ីថ្លៃជាងការបង្ហាញខ្លួនក្នុងកម្មវិធីដែលស្វាមីនាង និងនាងដេញថ្លៃបាន។
សុភ័ក្ដ្រ កុសុម៉ា៖ តាំងពីទទួលរៀបចំការប្រគំតន្ត្រី និងពិធីការ គេអាចនិយាយបានថាពិធីការិនី និងជាតារាចម្រៀងរូបនេះ វ៉ាដាច់ក្រុមហ៊ុនដើរផ្លូវនេះមុននាងច្រើងណាស់ ជាពិសេសក្នុងពិធីមង្គលការរបស់មន្ត្រីធំៗដែលត្រូវការតារាល្បីៗ និងដេគ័រប្រណិតៗ គឺនាងរមែងដេញបានជាប្រចាំ។ គេកម្រឃើញ សុភ័ក្រ្ត កុសុម៉ា ទំនេរនៅផ្ទះខ្លាំងណាស់ ដោយក្រៅពីលេចមុខធ្វើពិធីករខ្លួនឯងគឺនាងមមាញឹកនឹងការរៀបចំព្រឹត្តិការណ៍របស់ខ្លួន និងបង្ហាញខ្លួនក្នុងនាមជាពិធីការិនីក្នុងកម្មវិធីរបស់ខ្លួនស្ទើរមិនបាត់មុខមួយថ្ងៃ ទើបធ្វើអោយកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់នាងកាន់តែរុលទៅមុខរហូតដណ្ដើមបានតំណែងជាពិធីការិនីឆ្នើមក្នុងរយៈពេលចុងក្រោយ។
សន សុវណ្ណារ៉ា៖ ម្ចាស់ក្រុមពិធីការ និងរៀបចំការប្រគំតន្ត្រីតូចធំរូបនេះ ក៏មានទីផ្សារមិនធម្មតានោះដែរ។ ដ្បិតថានៅតាមកញ្ចក់ទូរទស្សន៍ គេមិនសូវឃើញលោកបង្ហាញខ្លួនក្នុងតំណែងជាពិធីករ ប៉ុន្តែក្នុងកម្មវិធីខាងក្រៅ ជាពិសេសកម្មវិធីរបស់ក្រសួង កម្របាត់មុខរបស់ខ្លាំងណាស់ ដោយសារតែលោកគឺជាម្ចាស់ក្រុមហ៊ុន RA Group ដែលដេញថ្លៃបានលើសេវាឆាក ភ្លើង ភ្លេង និងរៀបចំព្រឹត្តិការណ៍ក្នុងមួយឆ្នាំចុងក្រោយច្រើនលើសលប់។ លោកត្រូវឃើញកាន់តែលេចធ្លោក្នុងតំំណែងជាពិធីករ និងពិធីការជំនាញ ដោយសារតែខ្លួនគឺជាម្ចាស់ក្រុមហ៊ុន និងបានប្រេនជាអតីតប្រុសស្អាតធ្លាប់ចេញប្រកួតនៅហ្វីលីពីន ដែលអាចនិយាយបានថា លេចមុខមិនសូវលោះពេលក្នុងព្រឹត្តិការណ៍តូចធំ។ ជាក់ស្ដែងក្នុងអំឡុងបុណ្យឆ្លងកន្លងទៅ គេឃើញលោកក្ដោបក្ដាប់ព្រឹត្តិការណ៍ធំៗនៅខេត្តកំពត និងក្រុងព្រះសីហនុ ដែលមួយគម្រោងមានតម្លៃម៉ឺនដុល្លារ ហើយលោកក៏ត្រូវបានម្ចាស់កម្មវិធីទាមទារអោយកាន់ការងារជាពិធីករមិនដូចមុន បន្ទាប់ពីការលេចមុខដដែលៗធ្វើអោយអ្នកគាំទ្រមើលឃើញពីសមត្ថភាពរបស់លោកលើឆាកតន្ត្រីធំៗ។ លោក សន សុវណ្ណារ៉ា បានអះអាងថាគ្រាន់តែក្នុងឆ្នាំ២០១៩មកដល់មិនទាន់បានប៉ុន្មានថ្ងៃផង លោកត្រូវបានស្ថានទូតថៃ និងក្រុមហ៊ុនមួយចំនួនកក់អោយរៀបចំព្រឹត្តិការណ៍យ៉ាងណែនដៃទៅហើយ ខណៈដែលកម្មវិធីទាំងនោះសុទ្ធតែទាមទារអោយលោកជួយធ្វើពិធីករដោយផ្ទាល់។
លោក ដាដា៖ ពិធីករមួយនេះ អ្នកខ្លះយល់ថាធ្លាក់កូដ ព្រោះមិនសូវឃើញកាន់កាប់កម្មវិធីនៅលើទូរទស្សន៍ច្រើនដូចមុន ប៉ុន្តែបើមើលប្រពន្ធការងារខាងក្រៅរបស់លោកវិញ គឺណែនពេញដៃ ចាប់តាំងពីលោកក្លាយជាអ្នកម៉ៅការកម្មវិធី ដែលមានឱកាសទទួលទាំងផលចំណេញពីការរៀបចំកម្មវិធី និងបានទាំចេញមុខមិនសូវលោះពេល ក្នុងកម្មវិធីដែលលោកដេញថ្លៃបាន ក្នុងតំណែងពិធីករ។ កម្មវិធីខេត្តក្រុង និងមង្គលការនានា លោមក្ដាប់បានទីផ្សារទាំងគួរអោយសរសើរ។