ខុសពីកូនខ្មែរភាគច្រើន ដែលទៅបំពេញទស្សនកិច្ច ឬ ដើរកម្សាន្ត រំលេចជាមួយនឹងឈុតហាយសូរៗថ្លៃៗ លោកស្រី គ្រុយ រដ្ឋា ម្ចាស់ក្រុមហ៊ុនម៉ានីហន ខេមបូឌា ដែលជាអ្នកដឹកនាំកូនខ្មែរអោយមកកម្សាន្តនៅប្រទេសជប៉ុន បែរជាដឹកនាំក្រុមការងារ និង ដៃគូសហការទាំងអស់ អស់ស្លៀកឈុតប្រពៃណីខ្មែរ នៅតាមតំបន់ៗដើរលេងដ៏សំខាន់ គឺនៅតំបន់ជុំវិញភ្នំហ្វូជី ដ៏ល្បីរបស់ជប៉ុនគួរអោយសរសើរ។
លោកស្រីបានទាំងរៀបចំអោយ លោកស្រី ម៉ន ថារ័ត្ន អតីត Miss United Global Pageant 2nd Runner Up 2019 នៅ ទីក្រុងឌុយបៃ, អតីត Queen of Beauty World Korea 2019 នៅ Seoul និង ជាអតីត 3rd Runner Up Miss Global Bird-nest នៅ Malaysia ដែលបច្ចុប្បន្ន ជាអគ្គនាយិកាមជ្ឈមណ្ឌលកែសម្ផស្ស EM Beauty Clinic និង ជាដៃគូសហការផលិតផលម៉ាហូ ដែលបានរួមដំណើរទៅជប៉ុនជាមួយ អោយគ្រងឈុតអប្សរា នៅតាមកន្លែងដើរលេងសំខាន់ៗនៅជប៉ុននោះ ដើម្បីអោយអ្នកទេសចរណ៍បានស្គាល់ពីអត្តសញ្ញាណរបស់កម្ពុជា។
ក្នុងនោះសូម្បីតែក្រុមការងារ ផ្ទះតារា ដែលដឹកនាំដោយលោក ផាត់ តារារដ្ឋ ដែលបានទៅផ្ដិតយកសកម្មភាពរបស់លោកស្រីទាំងស្រុង នៅក្នុងប្រទេសជប៉ុន ក៏បានរំលេចអាវឌិតដោយអង្គរវត្ត ធ្វើអោយអត្តសញ្ញាណរបស់កម្ពុជា ទទួលបានការចាប់អារម្មណ៍នៅក្នុងប្រទេសជប៉ុនផងដែរ។
លោកស្រី ម៉ន ថារ័ត្ន ដែលបានស្លៀកឈុតអប្សរា ហើយឈរស្វាគមន៍ និង ឈរអោយភ្ញៀវគ្រប់ជាតិសាសន៍បានថតរូបជាមួយ បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលលោកស្រី អាចយកឱកាសដើរកម្សាន្ត នៅក្នុងប្រទេសជប៉ុន ជាមួយនឹងក្រុមហ៊ុនម៉ាហូ ជាកន្លែងផ្សព្វផ្សាយវប្បធម៌ អោយបរទេសស្គាល់ពីអត្តសញ្ញាណកម្ពុជា។
លោកស្រី ក៏កាន់តែរំភើបផងដែរ ដែលរូបរបស់លោកស្រី ឈរកាន់ទង់ជាតិ នៅក្នុងប្រទេសស្ទើរតែគ្រប់កន្លែងសំខាន់ៗនោះ ត្រូវបានជនបរទេស តាមប្រមាញ់ ហើយសរសើរថា នោះជាឈុតដែលធ្វើអោយគេកាន់តែស្គាល់ពីកម្ពុជា។
លោកស្រី គ្រុយ រដ្ឋា បានលើកឡើងថា នេះជាបេសកកម្មមកទស្សនកិច្ចរោងចក្រ Aureo ដែលផលិតអាហារសុខភាពម៉ាហូ នៅក្នុងប្រទេសជប៉ុន ហើយឆ្លៀតពេលចង់រួមចំណែកជួយផ្សព្វផ្សាយនូវវប្បធម៌ខ្មែរ នៅក្នុងតំបន់ភ្នំហ្វូជី ដែលសំបូរអ្នកទេសចរណ៍ ក៏ផ្ដើមគំនិតស្លៀកឈុតបែបហូលផាមួង និង យកទង់ជាតិកម្ពុជា មកថតបង្ហាញនៅចំពោះមុខអ្នកទេសចរណ៍គ្រប់ជាតិសាសន៍។
លោកស្រី ក៏ថ្លែងអំណរគុណផងដែរ ចំពោះលោកស្រី ម៉ន ថារ័ត្ន ដែលស្ម័គ្រចិត្តគ្រងឈុតអប្សរានៅក្នុងដំណើរកម្សាន្តនោះ ដោយទោះជាពិបាកក្នុងការដើរ ក្នុងការស្លៀកពាក់ ក៏នៅតែធ្វើបានល្អ ដើម្បីមុខមាត់របស់កម្ពុជា។ លោកស្រីថា ការផ្សព្វផ្សាយវប្បធម៌នេះ គឺដើម្បីបំផុសអោយបរទេសកាន់តែចង់ស្គាល់ពីខ្មែរ ហើយគឺជារឿងសំខាន់ណាស់ បើបរទេសកាន់តែស្គាល់ពីយើង នោះពួកនឹងចង់ស្គាល់ប្រទេសកម្ពុជា ដែលអាចនឹងចំណេញ ដល់វិស័យទេសចរណ៍ និង ការបណ្ដាក់ទុន។
ឈុតបែបអប្សរា និង ឈុតបង្ហាញពីអត្តសញ្ញាណខ្មែរនេះ ត្រូវបានយកទៅបង្ហាញក្នុងតំបន់សំខាន់ៗនៅក្នុងប្រទេសជប៉ុន ដូចជានៅភូមិបរុាណ ជិតភ្នំហ្វូជី សួនផ្កានៅជើងភ្នំហ្វូជី និង ទីតាំងមួយចំនួនទៀត ដែលសុទ្ធតែសំបូរអ្នកទេសចរណ៍ទៅកម្សាន្ត។