កាលពីយប់ថ្ងៃទី២០ ឧសភា ស្វាមីអ្នកនាងម៉ៅ ស៊ីណាត គឺលោក ហោ សែមវិសាល ដែលត្រូវគេស្គាល់ថាបែកបាក់អ្នកនាងមិនទាន់បានប៉ុន្មានថ្ងៃនោះ មានគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ដោយគ្រាន់តែមានគ្រោះថ្នាក់ភ្លាមៗ លោកបានខលមកកាន់ភរិយា ធ្វើអោយអ្នកនាង ម៉ៅ ស៊ីណាត ដែលបានប្រកាសថានឹងបែកមិនវិលវិញ ទ្រហោយំ និងស្លុតចិត្តពន់ពេក។ អ្នកនាងត្រូវគេឃើញស្ទុះស្ទារទៅកាន់កន្លែងកើតហេតុ និងបញ្ជូនស្វាមីទៅកាន់មន្ទីរពេទ្យ ក្រោយទទួលដំណឹងអាក្រក់ពីស្វាមីនោះផង។
ហេតុការណ៍ដែលបានកើតឡើងនោះ គឺនៅវេលាម៉ោងប្រមាណជា១០យប់នៅចំណុចម្ដុំអូឌឹម ជិតទីតាំងបម្រើការរបស់ស្វាមីអ្នកនាង ម៉ៅ ស៊ីណាត ដោយលោកវិសាល ត្រូវគេឃើញជិះម៉ូតូត្រលប់មកផ្ទះហើយក៏បុកគ្នាពេញទំហឹងជាមួយនឹងរមកម៉ូតូកង់៣ដែលបត់ទទឹងទិស ហើយបណ្ដាលអោយស្វាមីអ្នកនាង ម៉ៅ ស៊ីណាត ដួលបោកក្បាលបែករយះ និងត្រូវបានក្រុមគ្រូពេទ្យអះអាងថាលោកត្រូវប្រឈមនឹងការបាក់ឆ្អឹងខាងក្នុងមួយចំនួន រួចរម៉កកង់បីរត់បាត់។ លោកត្រូវបានអ្នកនាងម៉ៅ ស៊ីណាត បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ប៉ុន្តែត្រូវបានបញ្ជូនចេញនៅប៉ុន្មានម៉ោងក្រោយ ដោយសារតែស្វាមីអ្នកនាង ម៉ៅ ស៊ីណាត មានក្របខណ្ឌជាទាហាន ហើយត្រូវបានគេស្នើអោយទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ដែលត្រូវគេស្គាល់ថាជាពេទ្យទាហាន។ រូបភាពនៅក្នុងមន្ទីរពេទ្យរបស់លោក មិនត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតិអោយថតនោះទេ ជាពិសេសចំពោះមុខរបួសដែលមានសភាពធ្ងន់ធ្ងរនៅលើថ្ងាស ក្បាល និងលើជើង។
អ្នកនាង ម៉ៅ ស៊ីណាត ដែលបានប្រកាសថានឹងចិត្តអោយដាច់ជាមួយស្វាមីក្រោយមានចម្រូងសម្រាស់ ក្នុងទំនាក់ទំនងប្ដីប្រពន្ធ រហូតប្រកាសលែងគ្នា បែរជាដុតដៃដុតជើង និងឈានដល់ការបង្ហូរទឹកភ្នែកនោះផងនៅពេលស្វាមីដែលអ្នកនាងធ្លាប់អោបជាប់ទ្រូងមានគ្រោះថ្នាក់ដល់ម្លឹង។ នៅមិនទាន់ដឹងថាស្វាមីរបស់ខ្លួន នឹងមានលទ្ធផលបែបណាក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកេតុមាលាទាំងកណ្ដាលយប់នោះទេ ដោយសារតែលទ្ធផលស្កេនខួបក្បាល និងការថតឆ្អឹងនៅមិនទាន់បានដឹង។ អ្នកនាងនិយាយថា ទោះជាអ្នកនាង និងស្វាមី មានរឿងខ្វែងគំនិតរហូតដល់ថ្នាក់ប្រកាសបែកគ្នា ប៉ុន្តែអ្នកនាងទប់ចិត្តមិនបាននោះទេ នៅពេលស្វាមីស្រាប់តែមានគ្រោះថ្នាក់ដល់ម្លឹង ក្នុងពេលដែលមុនគ្រោះថ្នាក់ក៏លោកនៅតែចេញចូលមកមើលកូន និងខលសុំជុំវិញច្រើនដង តែអ្នកនាងចិត្តរឹងមិនព្រមទទួលយក។ អ្នកនាងត្រូវគេឃើញអត់ងងុយស៊ីព្រុយកន្ទេលពេញមួយយប់ កំដរលោកដោយមិនគិតពីអតីតកាលជុំវិញរឿងខ្វែងគំនិតគ្នានោះផង ជាពិសេសនៅពេលដែលស្វាមីរបស់អ្នកនាង ចាប់ដៃអ្នកនាងជាប់មិនអោយទៅណា ក្នុងពេលបញ្ជូនទៅកាន់កន្លែងសង្គ្រោះបន្ទាន់៕