ឧកញ៉ា ចិន សំណាង ដឹកនាំបវរកញ្ញាទស្សនកិច្ច នៅគម្រោងឧកញ៉ា លឹម លាង

0

កាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០២៤ លោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ដែលជាអ្នកស្ពុនស័រធំ ការប្រកួត Miss Cambodia បានដឹកនាំបេក្ខភាពការប្រកួត ក្នុងកម្មវិធីនេះទាំងអស់ ទៅបំពេញទស្សនកិច្ច និង ស្វែងយល់ពីគម្រោងវីឡាលម្ហែកាយ Kiri Park ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង របស់លោកឧកញ៉ា លឹម លាង។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការញាំអាហារសាមគ្គី ថតសកម្មភាពផ្សេងៗ និង ពិធីសំណេះសំណាល ដើម្បីលើកទឹកចិត្តដល់បេក្ខភាព ដែលនឹងត្រៀមចូលកងវគ្គផ្ដាច់ព្រ័ត្រផងដែរ។

លោកឧកញ៉ា ចិន សំណាង ដែលកំពុងផ្ទុះការសរសើរ ជុំវិញការបោះទុនកាន់តែច្រើន ក្នុងការលើកស្ទួយវិស័យបវរកញ្ញា បានលើកឡើងថា ការប្រកួតបវរកញ្ញា មិនគ្រាន់ជ្រើសយកបេក្ខភាពដែលស្អាត និង មានភាពក្លាហានតែប៉ុណ្ណោះទេ តែក៏ត្រូវជ្រើសយកបេក្ខភាពដែលមានការស្វែងយល់ច្រើន និង មានមហិច្ឆតាខ្ពស់ ដើម្បីសម្រេចគោលដៅផងដែរ។

ដូច្នេះហើយ ទើបលោកក្នុងនាមជាស្ពុនស័រធំ បានសម្រេចដឹកនាំបវរកញ្ញាអោយមកស្វែងយល់ពីការរីកចំរើន នៅក្នុងគម្រោង Kiri Park ដើម្បីអោយពួកគាត់ ចេះសំលឹងមើលអោយខ្ពស់ និង មើលឃើញពីការរីកចំរើន។ ហើយចង់មិនចង់ នៅពេលដែលបេក្ខនារីទាំងអស់ បានមកឃើញពីគម្រោងផ្ទះលម្ហែកាយនេះ គឺពួកគាត់នឹងប្រឹងតស៊ូ ហើយសម្រេចមហិច្ឆតា ដើម្បីក្លាយជាម្ចាស់ផ្ទះវីឡា នៅក្នុងគម្រោងរបស់លោកឧកញ៉ា លឹម លាង នេះផងដែរ។

លោកឧកញ៉ា បានសង្កត់ធ្ងន់ថា មនុស្សយើង បើមិនបានដើរឆ្ងាយ និង មិនបានឃើញអ្វីដែលធំ ដែលខ្ពស់នោះ មហិច្ឆតាគឺពិតជាមិនមាន ហើយមហិច្ឆតាមិនសូវមាន ការជម្នះដើម្បីអនាគត ក៏មិនសូវមុតស្រួចនោះដែរ។

លោកឧកញ៉ា ក៏ថ្លែងអំណរគុណ ដល់ម្ចាស់គម្រោង គឺលោកឧកញ៉ា លឹម លាង ដែលទទួលស្វាគមន៍បេក្ខភាព Miss Cambodia 2024 និង ក្រុមការងារបវរកញ្ញា បានយ៉ាងកក់ក្ដៅផងដែរ ខណៈដែលលោកឧកញ៉ា លើកឡើងថា ដំណើរទស្សនកិច្ចមួយនេះ ក៏កាន់តែបង្កើនទំនាក់ទំនងរវាងបវរកញ្ញា និង បវរកញ្ញា និង បង្កើតនូវអនុស្សាវរីយ៍មួយដ៏ល្អ មុនពេលការប្រកួតផ្ដាច់ព្រឹត្រនាចុងខែនេះ នឹងត្រូវមកដល់ផងដែរ។

គួរបញ្ជាក់ផងដែរថា ការប្រកួត Miss Cambodia 2024 លោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ គឺជាស្ពុនស័រធំ ដោយក្រៅពីចំណាយថវិកាដើម្បីអោយការប្រកួតបានដំណើរការទាំងស្រុង លោកឧកញ៉ាក៏ប្រកាសផ្ដល់រង្វាន់លើកទឹកចិត្តដល់អ្នកឈ្នះមកុដ នូវរថយន្តមួយគ្រឿង ឬ ទឹកប្រាក់សុទ្ធ ១២០០០ដុល្លារផងដែរ ដើម្បីជំរុញបេក្ខនារីអោយកាន់តែប្រឹងប្រែង។