អបអរសាទរ បេក្ខភាពទាំង22រូបរបស់កម្មវិធី Miss Cambodia 2024 ទទួលបានឈៀងជាផ្លូវការជាមួយរង្វាន់លើកទឹកចិត្តពីហាងពេជ្រ CSNJ

0

គិតមកទល់ពេលនេះកម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិ Miss Cambodia 2024 បានលេចរូបរាងជាផ្លូវការហើយបន្ទាប់ពីឆ្លងកាត់ការសម្ភាសន៍ និង ជម្រុះយ៉ាងយកចិត្តទុក្ខដាក់ពីសំណាក់គណកម្មការ និង អ្នកបង្វឹកដែលមានបទពិសោធន៍ខ្ពស់ផ្នែកវិស័យបវរកញ្ញា ពិសេសគឺលោក ម៉ែន និមលរ័ត្ន ដែលជាអ្នកដឹកនាំកម្មវិធីផ្ទាល់។ ហើយជាផ្លូវការនៅក្នុងឆ្នាំ2024នេះ កម្មវិធីក៏បានជ្រើសរើសយកបេក្ខនារីជើងខ្លាំងចំនួន 22 រូប ដើម្បីមានឱកាសចូលកងប្រកួត និង ទទួលបានឈៀងជាផ្លូវការកាលពីថ្ងៃទី 09 សីហា ថ្មីៗនេះ។

នៅក្នុងថ្ងៃដ៏ពិសេសនេះផងដែរបវរកញ្ញាទាំង22រូប មិនត្រឹមតែទទួលបានការបំពាក់ឈៀងជាផ្លូវការ និង បង្ហាញមុខលើកដំបូងឱ្យមហាជនបានស្គាល់នោះទេ តែអ្នកទាំង22រូបក៏បានថ្លែងនូវចំណាប់អារម្មណ៍ ការណែនាំខ្លួន និង បញ្ចេញមតិផ្ទាល់ជាសារធារណៈដើម្បីឱ្យអ្នកទស្សនាចាប់អារម្មណ៍ និង ទាញយកពិន្ទុពីគណៈកម្មការផងដែរ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត លោក ចិន សំណាង ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ហាងពេជ្រ CSNJ Samnang Jewelry ម្ចាស់ Sponsor ធំរបស់កម្មវិធី Miss Cambodia 2024 ក៏បានប្រកាសឧបត្ថម និង ប្រគល់ប្រាក់ជូនបេក្ខនារីទាំង22រូបម្នាក់ទទួលបានចំនួន 200$ ដើម្បីដំណើរការប្រកួត និង ជួយដោះស្រាយតម្រូវការតិចតួច ដូចទៅនឹងការសន្យាផងដែរ។ នេះគឺជាទឹកចិត្តបន្តិចបន្តួចរបស់លោកក្នុងការជួយចែករំលែកការលំបាករបស់បេក្ខភាពបន្ទាប់ពីមើលឃើញនូវចំណុចខ្វះខាតខ្លះៗរបស់ពួកគេ ដែលតម្រូវឱ្យលោកមិនអាចបិទភ្នែកបិទត្រចៀកមិនដឹងមិនឮនោះឡើយ។

នៅក្នុងថ្ងៃប្រកាសបើកកម្មវិធី និង បំពាក់ឈៀងជាផ្លូវការជូនបេក្ខនារីទាំង22រូប លោក ម៉ែន និមលរ័ត្ន អ្នកដឹកនាំកម្មវិធី Miss Cambodia ក៏បានបង្ហាញពីក្ដីរំភើប និង ភាពកក់ក្ដៅយ៉ាងខ្លាំងចំពោះអំណះអំណាងរបស់លោក ចិន សំណាង ដែលជាអ្នកឧបត្ថមធំ ចំពោះការផ្គត់ផ្គង់ជូនដល់បេក្ខនារីពិសេសក្រោយរកឃើញម្ចាស់មកុដ ដែលត្រៀមទៅប្រកួតនៅឯប្រទេសជប៉ុន នៅក្នុងកំឡុងខែវិច្ឆិកាខាងមុខនេះ។

នៅក្នុងថ្ងៃបើកកម្មវិធី Miss Cambodia 2024 Press Presentation and Sashing Ceremony ដែលបានប្រារព្ធធ្វើឡើងយ៉ាងអធឹកអធមនៅឯងផ្សាទំនើប The Olympia Mall នេះផងដែរ គេក៏ឃើញមានវត្តមានតារាកិត្តិយសល្បីៗ និង ម្ចាស់ជំនួញធំៗដែលជាអ្នក Sponsors ពិសេសគឺក្រុមបវរកញ្ញាបុរសឯកស្រស់ស្អាតសង្ហារជាច្រើនរូបបានអញ្ជើញចូលរួមញ៉ំាងឱ្យកម្មវិធីកាន់តែមានភាពកុះករ និង ជាសក្ខីភាពក្នុងការបើកឆាកប្រកួតជាផ្លូវការនៃកម្មវិធី Miss Cambodia ព្រមទាំងអបអរដល់បេក្ខភាពទាំង22រូបផងដែរ។