ថៅកែហាង CSNJ ប្ដេជ្ញាជួយអោយស្ត្រីខ្មែរ លើកមកុដអន្តរជាតិ ទើបអស់ចិត្ត

0

ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន និង បំពាក់ឆៀងជូនដល់បេក្ខនារី Miss Cambodia កាលពីថ្ងៃទី៩ សីហា ឆ្នាំ២០២៤ លោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ដែលជាស្ពុនស័រធំ បានលើកឡើងថា ទោះជាលោកត្រូវចំណាយថវិកាអស់ប៉ុន្មានក៏ដោយ ក៏លោកនៅតែបន្តជ្រោមជ្រែងវិស័យបវរកញ្ញាដោយមិនរុញរាដែរ។

ជាមួយនឹងកម្មវិធី Miss Cambodia ដើម្បីជម្រើសយកបេក្ខនារីម្នាក់ទៅប្រកួតនៅប្រទេសជប៉ុននាចុងឆ្នាំនេះ លោកថាមិនត្រឹមតែប្រកាសផ្ដល់រថយន្តមួយគ្រឿងសម្រាប់អ្នកឈ្នះនោះទេ តែក៏បានផ្ដល់អោយបេក្ខនារីចូលប្រកួត នូវទឹកប្រាក់ក្នុងម្នាក់២០០ដុល្លារ ទោះធ្លាក់ ឬ ជាប់ ដើម្បីជាការជួយលើកទឹកចិត្តផងដែរ។

លោកប្ដេជ្ញាជួយវិស័យបវរកញ្ញា ដែលលោកកំពុងរៀបចំ អោយទាល់តែអាចជួយអោយតំណាងកម្ពុជាណាម្នាក់ ដណ្ដើមបានមកុដនៅលើឆាកអន្តរជាតិ ទើបលោកអស់ចិត្ត ហើយបើទោះជាក្នុងមួយឆ្នាំៗ តម្រូវអោយលោកចំណាយទុនរបស់ហាងពេជ្រអស់ច្រើន តែលោកមិនដកថយឡើយ ពោលគឺដរាបណា លោកមិនអាចជួយអោយកូនខ្មែរ បានលើកមកុដពីឆាកអន្តរជាតិ គឺលោកមិនឈប់ដាច់ខាត។

លោក ចិន សំណាង ក៏សរសើរចំពោះបេក្ខនារីទាំងជាង២០រូបផងដែរ ដោយក្នុងចំណោមនោះ លោកកត់សម្គាល់ឃើញថា មានជាង១០រូប គឺមានសមត្ថភាពខ្លាំង។ ដោយឡែកបេក្ខនារី២រូប ក៏ហោះតាំងពីក្រៅស្រុក មកប្រកួតប្រជែង ដែលកាន់តែជំរុញកម្លាំងចិត្តអោយលោកបន្តដំណើរកាន់តែខ្លាំង ដើម្បីអោយវិស័យបវរកញ្ញាកម្ពុជា ឆ្ពោះទៅកាន់ Tpp ជ្រៅ ឬ លើកមកុដ នៅលើឆាកអន្តរជាតិ។