PNN បើកការប្រកួតចម្រៀងរ៉េប ឈ្នះប្រាក់រង្វាន់ និង ឱកាសមិនធម្មតា

0


កាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៤ ស្ថានីយ៍ទូរទស្សន៍ PNN បានធ្វើសន្និសីទសារព័ត៌មានប្រកាសបើកការប្រកួត Rapper Fighter ជ្រើសរើសតារាចម្រៀងរ៉េប យ៉ាងកក្រើក អមជាមួយនឹងការបង្ហាញជូននូវវត្តមានតារាចម្រៀងរ៉េបៗល្បីៗជាច្រើន និង ភ្ញៀវកិត្តិយស ដែលសុទ្ធតែជាផលិតករ និង តារាល្បីៗ។ ក្នុងនោះ ក៏មានការបង្ហាញនូវចំណាប់អារម្មណ៍ Coach ពិធីករ និង ផលិតករ ដែលជាបុគ្គលដែលមានសក្កានុពលនៅកម្ពុជា។

នេះគឺជាកម្មវិធីដែលបង្កើតឡើងផ្ទាល់ដោយកូនខ្មែរ ដោយទូរទស្សន៍ PNN និង អ្នកឯកទេស គឺលោក រ៉ូមីអូ ដែលជាអ្នកផលិត ដើម្បីកែប្រែវាសនាបេក្ខជនបេក្ខនារី ឬ យុវវ័យ ដែលមានទេពកោសល្យផ្នែកតែង និពន្ធ និង ច្រៀងរ៉េប អោយក្លាយជាតារាអាជីព ដែលមានកុងត្រា និង មានឱកាសឡើងកម្មវិធីជាច្រើន ដែលរៀបចំដោយទូរទស្សន៍ PNN។

អ្នកឈ្នះមិនត្រឹមតែបានក្លាយជាតារាកុងត្រា ដែលអាចផ្លាស់ប្ដូរជោគវាសនាតែម្យ៉ាងទេ តែក៏ទទួលបានប្រាក់រង្វាន់ ៦០លានរៀល ស្មើនឹង ១៥០០០ដុល្លារ ខ្សែកពេជ្រ និង រង្វាន់លើកទឹកចិត្តផ្សេងទៀតផងដែរ។

កញ្ញា ហ្វាហ្វា តារាសម្ដែង ដែលបានក្លាយជាពិធីការិនីប្រចាំកម្មវិធីនេះ បានស្នើអោយអ្នកចង់សាកល្បងសមត្ថភាព រួសរាន់មកដាក់ពាក្យនៅទូរទស្សន៍ PNN ឬ បំពេញពាក្យតាមប្រពន្ធអនឡាញ ដោយគ្រាន់តែផ្ញើវីដេអូរ៉េប លើសពីមួយនាទី។

PNN នឹងចាប់ផ្ដើមទទួលពាក្យចាប់ពីការប្រកាសនេះតទៅ ហើយការប្រកួតប្រជែង នឹងប្រកាសនៅលើផេកជាបន្តបន្ទាប់ ដោយបេក្ខភាព ដែលមានសមត្ថភាពផលិតភ្លេង និពន្ធ និង រ៉េបបានល្អ នឹងក្លាយជាម្ចាស់ជ័យលាភី ហើយ ម្ចាស់ជ័យលាភី ដែលកើតចេញពី Rapper Fighter ដែលផលិតដោយកូនខ្មែរមួយនេះ នឹងនាំកិត្តយសទាំងមូលជូនដល់ប្រទេសកម្ពុជា ក្នុងនាមជាអ្នកជំរុញអោយវិស័យចម្រៀងរ៉េបនៅកម្ពុជា កាន់តែល្បីខ្ទរខ្ទារ និង ស្មើមុខស្មើមាត់ លើឆាកអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ម្ចាស់ជ័យលាភី នឹងគ្រង់ខ្សែកដ៏ធំ RAPPER FIGHTER ជាមួយប្រាក់រង្វាន់ ៦០ ០០០ ០០០ រៀល (60លានរៀល) ចំណែកបេក្ខជនកំពូល ៤រូបទៀត ទទួលបានប្រាក់រង្វាន់ ៥ ០០០ ០០០ រៀល (៥លានរៀល) ក្នុង ១នាក់ លើសពីនេះ មានកុងត្រា Concert ចំនួន ១០លើក និងឱកាសការងារជាច្រើនពី ស្រាបៀរ GANZBERG និងពីស្ថានីយទូរទស្សន៍ភីអិនអិន សម្រាប់បេក្ខជនកំពូល ៥រូបចុងក្រោយ។