ស៊ឹម សុរ៉ាមភូមិ និយាយមិនចង់ចេញ ក្រោយប្រកាសថាភាពយន្តខ្លួនជាប់ចំណាត់ថ្នាក់ នៅលេជេន

0

ក្នុងពិភពសិល្បៈគ្មានអ្នកណាមិនដឹងនោះទេ ថាតារាចម្រៀង និងជាតារាសម្ដែង លោក ស៊ឹម សុរ៉ាមភូមិ ធ្លាប់មានស្នាដៃទាំងចម្រៀង និងសម្ដែង មិនអន់នោះទេ ប៉ុន្តែលោកកម្រទទួលសម្ដែងណាស់ ដោយសារតែមួយរយៈចុងក្រោយលោកងាកទៅធ្វើជាផលិតករ និងមុខជំនួញច្រើនជាង។ លោកទើបតែទទួលសម្ដែងជាថ្មីក្នុងរឿង«ចងពៀរ»ដែលជាភាពយន្តរបស់ផលិតករបរទេសមុននេះគត់ ទើបធ្វើអោយម្នាក់ៗចាប់អារម្មណ៍ ក្នុងពេលដែលលោកមានស្នាដៃក្រោយស្ងប់ស្ងាត់តែមួយរឿងគត់ តែជារឿងដែលជាប់ចំណាត់ថ្នាក់Top 5 ប្រចាំឆ្នាំ២០១៨ របស់រោងកុនលេជេន ដោយបានទទួលទាំងប័ណ្ណសរសើរផង បើទោះជាមិនបានទទួលតំណែងជាតារាប្រុសឆ្នើមប្រចាំវាយតម្លៃរបស់ក្រុមហ៊ុនរោងកុនលេជេននោះ។

លោក ស៊ឹម សុរ៉ាមភូមិ បានអះអាងថា លោកចោលការសម្ដែងយូរមកហើយ ដោយស្ទើរតែមិននឹកនានឹងចង់សម្ដែងនោះផងព្រោះតែការងាររវល់ពេល និងម្យ៉ាងគិតថាខ្ជិលៗ។ លោកថាខ្លួនទើបតែចាប់អារម្មណ៍សម្ដែងក្រោយពីត្រូវផលិតកររឿង«ចងពៀរ»ស្នើអោយលេងតួឯកមុននោះប៉ុណ្ណោះ ក៏សម្រេចចិត្តទទួលសម្ដែង ដោយមិនទាំងនឹងថាភាពយន្តដែលខ្លួនបានសម្ដែងនឹងទទួលបានការគាំទ្រដល់ម្លឹងនោះផង។

លោកថាភាពយន្តរបស់ខ្លួនត្រូវបានក្រុមហ៊ុនរោងកុនលេជេនវាយតម្លៃថាជាភាពយន្តដែលទាក់ទាញអ្នកទស្សនាបានច្រើនជាងគេប្រចាំឆ្នាំ២០១៨ ក្នុងចំណោមភាពយន្តទាំង៥រឿងកំពូលៗ ទើបលោកភ្ញាក់ខ្លួនខណៈដែលការប្រកាសនេះ បានធ្វើអោយលោកកាន់តែមានកម្លាំងចិត្តនឹងអ្វីដែលខ្លួនបានសម្ដែងក្នុងរឿង«ចងពៀរ»។ បើទោះជាមិនបានទទួលជាចំណាត់ថ្នាក់ភាពយន្តកំពូលប្រចាំឆ្នាំ ប៉ុន្តែក៏ជាមោទនភាពមិនតិចដែរ ដែលភាពយន្តដែលខ្លួនសម្ដែងក្រោយបាត់មុខ ស្រាប់តែបានទទួលចំណាត់ថ្នាក់ក្នុងចំណោម៥រឿងដែលរកចំណូលបានខ្ពស់។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ធ្នូ ក្រុមហ៊ុនលីជេន បានធ្វើពិធីប្រកាសរឿងទាំង១០ ដែលមានអ្នកទស្សនាទិញសំបុត្រមើលច្រើនជាងគេក្នុងឆ្នាំ២០១៨ ដោយពិធីនេះធ្វើឡើងចំនួន៣លើកមកហើយ ដោយការរៀបចំឆ្នាំនេះ មានការប្រកាសពីភាពយន្តដែលមានអ្នកគាំទ្រខ្លាំងជាងគេ និងប្រកាសពីតារាសម្ដែងប្រុសឆ្នើម និងតារាស្រីឆ្នើម ប្រចាំក្រុមហ៊ុនលេជេន។ តំណាង​រោងភាពយន្ត Legend ក៏ប្រកាសថ្លែងអំណរគុណដល់​អ្នកជ្រោមជ្រែងអោយមានកម្មវិធី​នេះ​ផងដែរ ដែលក្នុងនោះរួមមាន ក្រុមហ៊ុននាំចូល និងចែកចាយភាពយន្ត WML , ផលិតកម្ម Kongchak Pictures,ផលិតកម្មអិលឌី ភិចឆ័រ, ផលិតកម្ម មហាហង្ស, ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ Smart Axiata, Grab កម្ពុជា, ក្រុមហ៊ុនភេសជ្ជៈ Coca Cola, ធនាគារឯកទេសអ៊ីអន (ខេមបួឌា)ភីអិលស៊ី, និងដៃគូសហការ​​​​​​​​​​​​​​​​មួយចំនួនទៀត រួមមាន Jaikon TV, MyBurgerlab, ហាងលក់នំAnntieAnn’s, ហាងលក់នាឡិកា icewatch, និង អ៊ីង អ៊ីញផ្សាយពាណិជ្ជកម្ម(InkInc Advertising)៕