ស្ថិតក្នុងស្ថានភាពឡើងកូដនៅក្នុងវិស័យសម្ដែង លោក ភឹម តារាវិបុល បែរជាអះអាងថា នៅអំឡុងដើមឆ្នាំ២០១៩ លោកនឹងសម្រេចគេចចេញពីគន្លងសិល្បៈជាបណ្ដើរៗហើយដោយសារតែលោកគ្រោងងាកទៅរកស៊ីជាជំនួសវិញ បន្ទាប់ពីតស៊ូក្នុងសិល្បៈច្រើនឆ្នាំ គឺបានតែល្អមើល តែស្ថានភាពហិរញ្ញវត្ថុមិនសល់ដុំកំភួន។ លោកនឹងសម្រេចចិត្តដកខ្លួនជាបណ្ដើរៗ ក្រោយភាពយន្តរឿង«កាំបិតមុខ២»ដែលលោកចូលរួមសម្ដែងជាតួសំខាន់ត្រូវថតបញ្ចប់។
លោក ភឹម តារាវិបុល និយាយថា លោកសម្ដែងក្នុងរយៈពេលច្រើនឆ្នាំមកនេះ បើធៀបនឹងយកពេលរកលុយដោយការបើកជំនួនផ្ទាល់ខ្លួន គឺមិនស្មើនោះទេ ទើបលោកសម្រេចចិត្តដកខ្លួនពីការងារសិល្បៈមិនយូរមិនឆាប់នោះទេ គឺនៅពេលដែលរឿង«កាំបិតមុខ២» ដែលផលិតដោយផលិតកម្មមហាហង្ស ហើយគ្រោងដាក់បញ្ចាំងនៅPNN ចប់សព្វគ្រប់។ លោកនិយាយថា«ខ្ញុំតាចប់រឿង«កាំបិតមុខ២» ខ្ញុំងាកទៅរកស៊ីវិញហើយ បើមិនចឹងបានតែល្អមើលទេ»។
យ៉ាងណាមិញ លោកថាខ្លួនមិនឈប់ពីផលិតកម្មមហាហង្សនោះទេ ហើយក៏មិនឈប់សម្ដែងនោះដែរ ដោយគ្រាន់តែនឹងកាត់បន្ថយការងារសិល្បៈ ដើម្បីមានពេលរកស៊ី និងមានពេលចូលរួមក្នុងសកម្មភាពសង្គមមួយចំនួនដែលលោកស្រឡាញ់ខ្លាំង។ លោកអះអាងថា ដំណើររកស៊ីបានគិតទុកហើយ ប៉ុន្តែលុះត្រាតែលោកបញ្ចប់ការងារថតនៅក្នុងភាពយន្តភាគរឿង«កាំបិតមុខ២» ទើបលោកទៅរកស៊ីបាន ដើម្បីកុំអោយប៉ះពាល់ការងារ។
លោក ភឹម តារាវិបុល បន្តថា មុខជំនួញដែលលោកគ្រោងនឹងបើកនោះ សុំមិនទាន់ទម្លាយអោយដឹងនោះទេ តែលោករំពឹងថានឹងទទួលបានជោគជ័យ ដោយសារតែលោកបានរៀបជើងព្រួលសព្វគ្រប់អស់ហើយ។ លោកថាខ្លួននឹងបន្តទទួលសម្ដែងតែក្នុងករណីត្រូវចំពេលទំនេរប៉ុណ្ណោះ ប៉ុន្តែបើអោយសម្ដែងសស្រាក់សស្រាំដូចរាល់ថ្ងៃគឺមិនធ្វើទៀតទេ ក្នុងពេលដែលលោកកាន់តែមានវ័យច្រើន ហើយមិនសល់ទ្រព្យធនជាដុំកំភួន។
លោកគម្រោងចេញបើកជំនួញមួយនោះ តាំងពីប៉ុន្មានខែមុនម្លេះ ប៉ុន្តែបណ្ដាលមកពីជាប់រឿង«កាំបិតមុខ២»ទើបលោកទៅណាក៍មិនរួចពីសិល្បៈ៕