ស្គាល់សមាសភាពអ្នកគប់ ទេព បូព្រឹក្ស! ពិតជាគក់ទ្រូង

0

ក្នុងវេទិកាសន្និសីទកាសែត កាលពីថ្ងៃទី២៨ ធ្នូ ជនបង្កដែលបានជះ និងគប់កំប៉ុងស្រាប៑ៀ លើតារាចម្រៀង ទេព បូព្រឹក្ស ជនបង្កហេតុបានចេញមុខទទួលកំហុស និងសុំទោសជាសាធារណៈ ដោយអះអាងថាហេតុផលដែលគេបំពានលើតារាចម្រៀងរូបនេះកណ្ដាលចំណោម គឺដោយសារតែគេផឹកស្រវឹង ហើយបាត់បង់ស្មារតី ធ្វើអោយគេមិនដឹងថាអ្វីដែលខ្លួនបានធ្វើគឺជារឿងខុសឆ្គង។ ក្រោយចម្លើយសារភាពម្នាក់ៗមានអារម្មណ៍ស្រឡាំងកាំងមិនតិចទេ ដោយសារតែជនបង្កហេតុដែលអះអាងថា បានធ្វើសកម្មភាពនោះព្រោះតែស្រវឹងជោគនោះ គឺជានិស្សិត ដែលបង្ហាញថាជាបុគ្គលចេះដឹង និងជាវ័យមិនគួរបណ្ដោយខ្លួនអោយស្រាបត់បែនសតិសម្បជញ្ញៈដល់ម្លឹង។

លោក រស្មី ដែលអះអាងថាខ្លួនគឺជាអ្នកស្រវឹងហើយជះទឹកស្រាប៊ៀ និងគប់កំប៉ុងស្រាបៀមានទឹកក្នុងកំប៉ុងទៅកាន់តារាចម្រៀង ទេព បូព្រឹក្ស កាលពីថ្ងៃទី២៥ ធ្នូ បង្កអោយមានការភ្ញាក់ផ្អើលបានសារភាពថា ក្នុងពេលជះទឹកស្រាប៊ៀ និងកំប៉ុងស្រាប៊ៀនោះ ខ្លួនមិនបានដឹងថាអ្នកនៅលើឆាកគឺជាតារាចម្រៀងរូបណានោះទេ ដោយសាររតែខ្លួនស្រវឹងជោគ ហើយមានសភាពបាត់បង់ស្មារតីដល់ថ្នាក់ឈានដល់គប់កំប៉ុងទៅកាន់នាង ដោយមិនដឹងថាមានរឿងអ្វី។

លោកថាខ្លួនសប្បាយនឹងថ្ងៃជប់លៀងបុណ្យណូអែលនោះពេក ទើបផឹកដល់ស្រវឹង ហើយក៏មិនបានដឹងថាអ្វីដែលខ្លួនបានធ្វើគឺជារឿងខុសឆ្គងនោះទេ។

បើទោះជាមានអ្នកខ្លះមិនជឿលើហេតុផលដែលលោកបានឆ្លើយ ប៉ុន្តែក៏មានន័យថា តារាចម្រៀង កញ្ញា ទេព បូព្រឹក្ស បានទទួលនូវយុត្តិធម៌តាមការចង់បានផងដែរ ដោយសារខាងម្ចាស់ហាងបានរកឃើញអ្នកចេញមុខសុំទោស និងបង់ជំងឺចិត្តអោយនាងចំនួន១ម៉ឺនដុល្លារ ដោយសន្យាមិនគុំគួន និងមិនធ្វើអ្វីប៉ះពាល់ដល់គ្នាក្នុងពេលបន្ទាប់។ លោកបានប្រគល់ទឹកប្រាក់១ម៉ឺនដុល្លារក្រោយប្រកាសសុំទោស និងសោកស្ដាយពីអ្វីដែលបានកើតឡើង ដោយទឹកប្រាក់មួយម៉ឺនដុល្លារនេះ លោកថាមានការរួមចំណែកពីម្ចាស់ហាងសមុទ្រ ដើម្បីឆាប់បានបញ្ចប់ចម្រូងចម្រាស់។

លោក រស្មី ដែលអះអាងថាជាអ្នកគប់កំប៉ុងលើទេព បូព្រឹក្ស បានអះអាងថាលោកគឺជានិស្សិតឆ្នាំទី១ផ្នែកជំនាញគ្រប់គ្រង ទើបធ្វើអោយម្នាក់ៗគក់ទ្រូង នៅពេលដែលលោកគ្រាន់តែជានិស្សិត និងជាបុគ្គលដែលមានចំណេះដឹងល្អប្រសើរ ប៉ុន្តែបែរជាបានធ្វើខ្លួនអោយសង្គមស្អប់ខ្ពើមមិនគួរជឿ។ យ៉ាងណាមិញ ក្រោយការចេញមុខសុំទោសរបស់លោករស្មី អ្នកលេងហ្វេសប៊ុកមួយចំនួនបែរជាបញ្ចេញទស្សនៈរូបរាងអ្នកគប់ទេព បូព្រឹក្ស ក្នុងវីដេអូLive របស់អ្នកគាំទ្រម្នាក់ដែលLive ក្នុងពេលបូព្រឹក្ស ច្រៀងលើឆាក គឺជាបុរសដែលមានមាឌធាត់ និងធំមិនដូចលោករស្មី ដែលទំនងជាបុរស​ដែលអះអាងថា​​​​ជា​​​​អ្នកគ្រប់គ្រង​ហាង​ពាក់​អាវ​ពណ៌ផ្កាឈូកនោះច្រើន​ជាង តែត្រូវម្ចាស់ហាងថា ​មិនមែន​។ យ៉ាងណាមិញ បើទោះជា​ភាគី​​ម្ចាស់ហាង​បាន​​​​​​​​​​​​​​​រកតួអង្គមកជំនួសដើម្បីបញ្ចប់​រឿងអាស្រូវ​របស់ខ្លួនក៏ដោយ ក៏ចាត់ទុកថា​​​​​​តារា​ចម្រៀង​​ ​ទេព បូព្រឹក្ស ​​​​ទទួលបានយុត្តិធម៌ពេញទី​លើ​ករណីនេះ។

កញ្ញា ទេព បូព្រឹក្ស បានអះអាងថាអ្វីដែលបានដោះស្រាយនាងពេញចិត្តហើយ ដោយលទ្ធផលនេះ នាងថាបានទាំងស្រុងពីអន្តរាគមន៍របស់អ្នកនាង ចន ច័ន្ទលក្ខិណា និងមានអ្នកជួយច្រូងច្រាង ទើបធ្វើអោយទទួលបានលទ្ធផលមួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here