កូនកាត់រុស្សី ឌៀប សូហ្វៀរ៉ា លេចធ្លោក្នុងភាពយន្តថ្មីរឿង « ខ្មោចតាម-The Follower » របស់ផលិតកម្ម អភិហ្វៀម ចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី 20 មិថុនា តទៅ

0

កាលពីរាត្រីថ្ងៃទី 19 ខែ មិថុនា ឆ្នាំ 2024 កន្លងទៅនេះ ផលិតកម្ម អភិហ្វៀម ដែលជាបុត្រសម្ព័ន្ធ និង ជាផ្នែកមួយតបស់ផលិតកម្ម សាស្ត្រាហ្វៀម បានបញ្ចេញភាពយន្តខ្នាតធំរបស់ខ្លួនគឺរឿង « ខ្មោចតាម – The Follower » ដែលជាវណ្ណកម្មទី8នៃការផលិតភាពយន្តដើម្បីចាក់បញ្ចាំងនៅក្នុងរោងកុន។

ភាពយន្តបែបរន្ធត់មួយនេះត្រូវបានចូលរួមសម្ដែងដោយអតីតបវរកញ្ញាវ័យក្មេង 2nd runner up Litltle Miss junior idol world 2023 កូនកាត់រុស្ស៊ីគឺប្អូនស្រី ឌៀប សូហ្វៀរ៉ា ជាមួយនឹង តារាសម្ដែងជើងចាស់លោក ជា សំណាង អ្នកនាង ញឹម ច័ន្ទថន ព្រមទាំងតារាកិត្តិយសជាច្រើនរូបទៀត។

ប្អូនស្រី ឌៀប សូហ្វៀរ៉ា ក៏បានបង្ហាញនូវអារម្មណ៍រំភើបខណៈភាពយន្ត « ខ្មោចតាម-The Follower » ដែលនាងសម្ដឬងជាតួអង្គសំខាន់មួយនេះបានសម្ភោធ និង ដាក់បញ្ចាំងជាផ្លូវការណ៍ចាប់ពីថ្ងៃទី 20 ខែ មិថុនា ឆ្នាំ2024 នេះតទៅ។ ហើយនាងក៏សង្ឃឹមថាអ្នកគាំទ្រវិស័យកុនខ្មែរនឹងទិញសំបុត្រចូលទស្សនាទាំងអស់គ្នាដោយសារសាច់រឿងមួយនេះបង្កប់ទៅដោយអត្ថន័យអប់រំដ៏ជ្រាលជ្រៅ ដែលសង្គមខ្មែរយើងមិនគួរមើលរំលងនូវភាពយន្តមួយនេះនោះឡើយ។

អ្នកបានទស្សនាភាពយន្តរឿង « ខ្មោចតាម-The Follower » មុនគេបង្អស់នៅក្នុងថ្ងៃចាក់បញ្ចាំង Pre-Screening បានលាន់មាត់សរសើរអំពីសមត្ថភាពនៃការសម្ដែងនៃតួអង្គ ពិសេសគឺខ្លឹមសារអប់រំនៅក្នុងសាច់រឿងដែលបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅអំពីទឹកចិត្តអ្នកដែលជាឪពុកម្ដាយ ក៏ដូចជារបៀបនៃការបង្រៀនណែនាំកូនតាមបែបអវិជ្ជមានរហូតក្លាយជាគម្រូមិនល្អនៅក្នុងថ្ងៃអនាគត ធ្វើឱ្យមានវិប្បដិសារីអស់មួយជីវិត ដែលនៅក្នុងន័យឱ្យអាណាព្យបាលគ្រប់រូបគួរតែជៀសវៀង និង ប្រៀនប្រដៅកូនឱ្យចាកឆ្ងាយពីអ្វីដែលមិនល្អ និង ធ្វើជាគម្រូល្អដល់កូនៗ កុំប្រើលុយជាធំ រហូតគិតថាមានលុយមានអ្វីៗគ្រប់យ៉ាងឱ្យសោះ។

សម្រាប់ផលិតកម្ម អភិហ្វៀម ក៏នឹងបន្តផលិតនូវភាពយន្តខ្នាតធំថ្មីៗបន្ថែមទៀត ដោយសម្រិតសម្រាំងយកទាំងគុណភាព ពិសេសគឺផ្ដល់ឱកាសដល់តួអង្គសម្ដែងក្មេងៗថ្មីៗ ដែលជាថ្នាលសិល្បៈមកបណ្ដុះជាបន្តបន្ទាប់ឱ្យកាន់តែច្រើនបន្ថែមទៅលើទេពកោសល្យដែលពួកគាត់មាន ក៏ដូចជារូបសម្រស់អំណោយផលរបស់ពួកគាត់។

គិតមកទល់ពេលនេះផលិតកម្ម អភិហ្វៀម បានផលិតខ្សែភាពយន្តប្រមាណជិតដប់រឿងហើយ ដោយក្នុងចំណោមរឿងដែលបានផលិតចេញមកនោះក៏ទទួលបានការគាំទ្រពីសំណាក់មហាជន។ ហើយថ្មីៗនេះរឿងរបស់ អភិហ្វៀម ក៏ទទួលបានការទិញសិទ្ធិយកទៅចាក់បញ្ចាំងនៅក្រៅប្រទេសផងដែរគឺរឿង « ផ្ទះជើងកប » ដែលត្រៀមនឹងចាក់បញ្ចាំងនៅឯប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗខាងមុខនេះ។