ស្ថាបនិកគ្រួសារតារាកម្ពុជា ចាត់ទុកវិស័យបុរសឯកកម្ពុជា កំពុងឈានឡើង

0

ខណៈដែលការប្រកួត Man of Cambodia បានសម្រេចប្រកាសយកបេក្ខជនមួយរូប ដើម្បីអោយតំណាងកម្ពុជា ទៅប្រកួត Man of World International នោះ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាគណកម្មការដាក់ពិន្ទុ និង ទើបតែត្រូវបានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ តែងតាំងជាទូតសុឆន្ទៈថ្នាក់ជាតិនោះ បានលើកឡើងថា វិស័យបុរសឯកនៅកម្ពុជា កំពុងតែមានការឈានឡើង ដែលស្មើមុខនឹងវិស័យបវរកញ្ញា ដែលស្ទុះឡើងខ្លាំងដូចគ្នា។

លោកថា មកទល់ពេលនេះ បុរសឯកច្រើនណាស់ត្រូវបានបញ្ជូនចេញប្រកួតក្រៅប្រទេស ហើយសន្ទុះឈានឡើងនេះហើយ ដែលធ្វើអោយយុវវ័យ ដែលមានរូបសម្រស់ និង សមត្ថភាពកាន់តែច្រើនចូលប្រកួត។ ជាក់ស្ដែងកម្មវិធី Man of Cambodia ដែលកំពុងផលិតបេក្ខភាពអោយចេញប្រកួតនៅប្រទេសនោះ បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបេក្ខភាពដែលកំពុងបន្តប្រកួត ក្រោយជម្រើសបានបេក្ខភាព Man of the World Cambodia នោះ គឺរឹតតែមានសមត្ថភាព។

លោកថា បេសកកម្មរបស់ Man of Cambodia គឺត្រូវផលិតបេក្ខភាព3រូប ឆ្មោះទៅកាន់ឆាកអន្តរជាតិ ដោយមួយរូបទៅប្រកួត Man of the World International ដែលទើបជម្រើសបាន និង ត្រូវជម្រើសយក2រូបទៀត គឺ Man of Cambodia 2024 និង Man of Cambodia 2025។

គូរបញ្ជាក់ថា Man of the World Cambodia បានទៅលើបេក្ខជន រឹត ស៊ីភុន ពាក់ស្លាកលេខ26 ដោយលោកនឹងត្រៀមចេញប្រកួត នៅអំឡុងខែកក្កដាខាងមុខ នៅប្រទេសហ្វីលីពីន។ ដោយឡែកសម្រាប់ ការប្រកួត Man of Cambodia គឺនៅសល់បេក្ខជនចំនួន20រូបទៀត ដោយអ្នកបានបំពាក់ឆៀងជា Top 20 នឹងបន្តការប្រកួតគ្នាបន្តទៀត ដើម្បីស្វែងរកអ្នកមានសមត្ថភាព2រូប អោយទៅប្រកួតនៅក្រៅប្រទេសជាបន្ត។

លោកក៏សរសើរចំពោះការដឹកនាំកម្មវិធី របស់ លោក កែវ វាសនា ND កម្មវិធី និង លោក Timo ដែលជាអ្នកគ្រប់គ្រងផ្ទាល់ផងដែរ ដែលអាចផលិតកម្មវិធីមួយនេះបាន ហើយផ្ដល់ឱកាសអោយបេក្ខជនបានបង្ហាញសមត្ថភាព៕