អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និង លោក ផាត់ ដារ៉ារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ក្លាយជាទូតសុឆ្ឆន្ទៈថ្នាក់ជាតិ ផ្សព្វផ្សាយការលុបបំបាត់ ទប់ស្កាត់ និង បញ្ចប់ជំងឺអេដស៍ឆ្នាំ2025

0


កាលពីព្រឹកថ្ងៃទី 13 ខែ មិថុនា ឆ្នាំ2024 ថ្មីៗនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ បានបើកអង្គសិក្ខាសាលាធំមួយស្ដីអំពី « ការអប់រំផ្សព្វផ្សាយមេរោគអេដស៍ និងជំងឺអេដស៍ ជូនដល់សិល្បករ-សិល្បការិនី » ក្រោមអធិបតីភាពពីសំណាក់ទេសរដ្ឋមន្ត្រី ឯកឧត្តម អៀង មូលី ប្រធានអាជ្ញាធរ និង វត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន និង លោក ផាត់ ដារ៉ារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលត្រូវបានប្រកាសតែងតាំងជាផ្លូវការជាទូតសុឆ្ឆន្ទៈថ្នាក់ជាតិព្រមគ្នា ដើម្បីចូលរួមផ្សព្វផ្សាយអំពីការបញ្ចប់ជំងឺអេដស៍ឆ្នាំ2025។

នៅក្នុងពិធីដ៏ឱឡារិកនេះផងដែរត្រូវបានប្រារព្ធធ្វើឡើងនៅឯភោជនីយ៍ដ្ឋានទន្លេបាសាក់2 ក្រោមការចូលរួមពីសិក្ខាកាមសរុបប្រមាណជិត100នាក់ ក្នុងនោះរួមមានសិល្បករ សិល្បការិនីមកពី សមាគមសិល្បករខ្មែរ និង ក្រុមគ្រួសារតារាកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធមកពីអង្គការ និង ស្ថាប័ននានា។

នៅក្នុងសុន្ទរកថាខ្លី អ្នកឧកញ៉ា ម៉ៅ ចំណាន បានលើកឡើងថា រហូតមកដល់ពេលនេះ មេរោគអេដស៍នៅតែមិនទាន់មានថ្នាំបង្កានៅឡើយ ហើយជំងឺអេដស៍នៅតែមិនទាន់មានឱសថសម្រាប់ព្យាបាលឱ្យបានជាសះស្បើយនៅឡើយដែរ។ បន្ថែមលើនេះ មេរោគអេដស៍ និងជំងឺអេដស៍ កំពុងបន្តបង្កផលលំបាកដល់ស្ថានភាពសង្គម ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចផងដែរ។ អត្រានៃការឆ្លងនៅចំណោមយុវជនវ័យក្មេង និងអត្រានៃអ្នកស្លាប់ដោយសារជំងឺអេដស៍នៅតែជាការព្រួយបារម្ភ ដែលយើងទាំងអស់គ្នាត្រូវផ្ដោតការយកចិត្តទុកដាក់ និងចូលរួមប្រយុទ្ធទប់ស្កាត់ឱ្យសកម្មបំផុត។

ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើការអំពាវនាវ៧ចំណុចជូនដល់សិល្បករ-សិល្បការិនី ដូចតទៅ៖

ទី១.សិល្បករ-សិល្បការិនី ទាំងអស់ ចូលរួមស្វែងយល់ពីមេរោគអេដស៍ និងជំងឺអេដស៍ឱ្យបានស៊ីជម្រៅ និងបញ្ជ្រាបការយល់ដឹងទាំងនេះក្នុងគ្រប់ទម្រង់សិល្បៈឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាជនយើង ជាពិសេសក្រុមយុវជនបង្កាខ្លួនចៀសផុតពីការឆ្លងមេរោគអេដស៍ ។

ទី២.នៅគ្រប់វេទិការនៃការសម្ដែងសូមគ្រប់ពិធីករ-ពិធីការិនី តារាសម្ដែង តារាកំប្លែងលើកអំពីសារខ្លីៗដែលអប់រំពីមេរោគអេដស៍ និងជំងឺអេដស៍ឱ្យបានជាប់ជាប្រចាំ។
ទី៣.សូមអ្នកនិពន្ធ អ្នកដឹកនាំរឿង ផលិតដឹកនាំរឿងខ្លីស្ដីពីការអប់រំការបង្កា និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។

ទី៤. សូមសិល្បករ-សិល្បការិនី បញ្ចៀសការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ តាមការស្មោះស្ម័គ្រស្នេហាប្រពន្ធមួយ-ប្ដីមួយ ឬគូសង្សារតែមួយ ឬប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវជាប់ជាប្រចាំនៅពេលរួមភេទជាមួយដៃគូផ្សេង។
ទី៥.សូមសិល្បករ-សិល្បការិនី ដែលសង្ស័យថា បានប្រព្រឹត្តប្រឈមទៅនឹងការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ សូមរួសរាន់ទៅទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីទទួលបានការព្យាបាលថែទាំ។

ទី៦. សូមសិល្បករ-សិល្បការិនី ចូលរួមលុបបំបាត់ការមាក់ងាយ និងការរើសអើងលើគ្រប់ទម្រង់ភេទនៃអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដោយចាត់ទុកអ្នករងគ្រោះទាំងអស់ជាមិត្តភក្ដិបងប្អូនរបស់យើង ត្រូវជួយគ្នា និងលើកទឹកចិត្តគ្នា ធ្វើការរួមគ្នា ដើម្បីភាពសុខដុមនៃសង្គមជាតិយើង។

ទី៧. សូមសិល្បករ-សិល្បការិនីទាំងអស់ ចាត់ទុកថា មានភារកិច្ចសំខាន់មួយទៀតរបស់យើង ក្រៅពីការផ្ដល់ការកម្សាន្ត និងភាពរីករាយ គឺការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ដោយធ្វើជាគម្រូដល់អ្នកគាំទ្រទាំងឡាយអំពីមេរោគអេដស៍ និងជំងឺអេដស៍។

ក្នុងនាមសិល្បករ-សិល្បការិនី អ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរបានប្រកាសជាឱឡារិកថា យើងទាំងអស់គ្នា មានមោទនភាពបំផុត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការឈានឆ្ពោះទៅបញ្ចប់អេដស៍នៅកម្ពុជា។