ឆឹម វត្តី បាក់ដៃចំពេល រឿង«ភូមិគ្រឹះ១០០ល្បិច»ត្រៀមចាក់ផ្សាយ

0

ក្នុងការបង្ហាញខ្លួនក្នុងពិធីជប់លៀងរបស់ប៉ុស្ដិ៍លេខ៥ ដើម្បីបិទបញ្ចប់រឿង«ទាយាទអសុរ» និងរឿង«ភូមិគ្រឹះ១០០ល្បិច» កាលពីថ្ងៃទី១៩ ឧសភា តារាសម្ដែងដែលត្រូវគេស្គាល់ថាជាតួឯកស្រីក្នុងរឿង«ភូមិគ្រឹះ១០០ល្បិច» ត្រូវគេឃើញបាក់ដៃ ដល់ថ្នាក់ដាក់ឈើអបឆ្អឹងដៃ ហើយមិនអាចទទួលថតរឿងបាននោះផង។ ប៉ុន្តែជាភ័ព្វសំណាងស្ថានភាពបាក់ដៃរបស់នាងបានកើតឡើងមាន ក្រោយរឿង«ភូមិគ្រឹះ១០០ល្បិច»បានបញ្ចប់រួចទៅហើយ ខណៈដែលការបាក់ដៃរបស់នាងនៅមិនទាន់ជានៅឡើយ ស្របគ្នាដែលភាពយន្តនេះ ជិតដល់ថ្ងៃចាក់ផ្សាយ។

ឆឹម វត្តី និយាយថា គឺជារឿងសំណាងយ៉ាងខ្លាំង ដែលគ្រាន់តែនាងថតចប់ភាពយន្តភាគរឿង«ភូមិគ្រឹះ១០០ល្បិច»បានតែប៉ុន្មានថ្ងៃកាលពីមុនចូលឆ្នាំប៉ុណ្ណោះ ទើបនាងរអិលដួលបាក់ដៃ ហើយបណ្ដាលបាក់ឆ្អឹងត្រង់ករដៃនៅក្រោយចូលឆ្នាំខ្មែរ។ នាងថាឆ្អឺងដៃមានសភាពបាក់ប្រេះប្រមាណជាជាងមួយខែមកហើយ ដោយការអបឆ្អឹងក៏មិនទាន់ដោះបាននោះដែរ ស្របគ្នាដែលស្ថានភាពនោះនៅមិនទាន់ដឹងថាតើដល់ពេលណាទើបបានជាដាច់។ នាងបានទាំំងចាត់ទុកថាស្ថានភាពបាក់ដៃរបស់ខ្លួន ត្រូវការភាពយន្តដែលខ្លួនគ្រងតំណែងនៅប៉ុស្ដិ៍លេខ៥ត្រូវបញ្ចប់ បើទោះជាការបាក់ដៃធ្វើអោយនាងមិនអាចទទួលថតរឿងអោយទូរទស្សន៍មួយផ្សេង។ យ៉ាងណាមិញ នាងថាមិនធ្វើអោយនាងខាតបង់នោះទេ ដោយសារតែខាងផលិតករក៏ប្រកាសរង់ចាំរហូតទាល់តែនាងជាដៃ ឬដោះឈើអបចេញ ដែលធ្វើអោយនាងមិនខាតតំណែងដែលត្រូវទទួលបាន។ ឆឹម វត្តី បង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលភាពយន្តរឿង«ភូមិគ្រឹះ១០០ល្បិច»របស់នាងត្រៀមនឹងត្រូវចាក់ផ្សាយនៅប៉ុស្ដិ៍លេខ៥ ដែលជាភាពយន្តចុងក្រោយមុនពេលរបួសបាក់ឆ្អឹងកដៃ ហើយត្រូវសម្រាកនៅផ្ទះមិនអាចទទួលការងារណាមួយបាន។

លោក ហួង តារាមុនី ប្រធានកម្មវិធីប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថាភាពយន្តរឿង«ភូមិគ្រឹះ១០០ល្បិច»ដែលឆឹម វត្តី បានថតគឺជារឿងដែលដឹកនាំផលិតដោយក្រុមផលិតថៃ និងជាភាពយន្តដែលបានចំណាយច្រើន ដោយសារតែនោះជាភាពយន្តបែបបុរាណ ហើយត្រូវសម្រាំងទាំងសំលៀកបំពាក់ គ្រឿងអលង្ការ និង ទីតាំងអោយត្រូវនឹងទម្រង់បុរាណ។ លោកថាភាពយន្តមួយនេះ មានចំនួនជាង៣០ភាគ និងគ្រោងដាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ៥ ក្នុងពេលដ៏ខ្លី អ៊ីចឹងហើយមុនពេលការដាក់បញ្ចាំងនឹងត្រូវកំណត់ឡើង ក៏សម្រេចចំណាយទុនបោះទុនជប់លៀង ដើម្បីអបអរដល់ក្រុមផលិតករ និងតួសម្ដែង ដើម្បីអោយកាន់តែមានភាពស្និទ្ធិស្នាល។ នៅក្នុងពិធីនោះ ដ្បិតថាវត្តមានតារាល្បីៗមិនសូវបង្ហាញខ្លួនច្រើន ប៉ុន្តែក៏មានវត្តមានតារាក្មេងៗស្រស់ស្អាត និងផលិតករច្រើននាក់ចូលរួមផង។