ស្ថាបនិក គ្រួសារតារាកម្ពុជា ដឹកនាំសិល្បករគ្រងឈុតបុរាណចូលរួមដង្ហែរក្បួនក្នុងកម្មវិធីបុណ្យ មហាវិសាខបូជា នៅវត្ត ពពែក្រោម

0

កាលពីថ្ងៃទី22 ឧសភា ឆ្នាំ2024 លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា បានដឹកនាំសមាជិកជាសិល្បកររហូតដល់ជា40រូប អោយទៅធ្វើបុណ្យ និង ចូលរួមស្លៀកពាក់បុរាណ ដង្ហែរក្បួន នៅវត្តពពែក្រោម ដោយក្នុងពិធីនោះ លោកស្រី ប៉ូ ស្រីគង្គ និង ស្វាមី ប្រធានមណ្ឌលកុមារកំព្រា ស្នាមញញឹមនៃក្ដីសង្ឃឹមថ្មី របស់កុមារ នៅក្បែររង្វង់មូលគួរស្រូវ លើផ្លូវជាតិលេខ2 ក៏បានដឹកនាំក្រុមកុមារកំព្រាស្លៀកប្រពៃណៃ អោយជួយដង្ហែរក្បួនផងដែរ។

ពិធីបុណ្យពិសាខបូជា នៅវត្តពពែក្រោម ដែលមានពុទ្ធបរិស័ទចូលរួមដង្ហែរក្បួនរហូតដល់ជាង300នាក់នេះ ត្រូវបានធ្វើឡើងយ៉ាងកក្រើក បើទោះជាមានភ្លៀងធ្លាក់មួយមេធំ។

អ្វីដែលគេកត់សម្គាល់ គឺក្បួនដង្ហែររបស់សិល្បករ គ្រួសារតារាកម្ពុជា បានធ្វើអោយក្បួនដង្ហែរទាំងមូល ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្ដាញសង្គម។ ជាពិសេសក្រោយការបង្ហោះឃ្លីប ពីសំណាក់សិល្បករគ្រប់រូប បានធ្វើអោយបុណ្យពិសាខបូជា នៅវត្តពពែក្រោម កាន់តែផ្ទុះការចាប់អារម្មណ៍។

ការចូលរួមរបស់ក្រុមសិល្បករគ្រួសារតារាកម្ពុជា ក៏ជាការលើកស្ទួយពិធីបុណ្យធំក្នុងសាសនា របស់កម្ពុជា និង ជាការចូលរួមអភិរក្សសិល្បៈវប្បធម៌របស់ខ្មែរ អោយពិភពលោកកាន់តែស្គាល់ផងដែរ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាអ្នកដឹកនាំក្រុមសិល្បករទៅដង្ហែរឈុតបុរាណ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរៀបចំពិធីបុណ្យពិសាខបូជា របស់វត្តពពែក្រោម ដោយលោកយល់ថា មានការរៀបចំយ៉ាងល្អ ដោយមានទាំងពិធីដង្ហែរក្បួនបង្ហាញពីព្រះពុទ្ធទ្រង់ប្រសូត្រ ទ្រង់ត្រាស់ដឹង និង បរិនិព្វាន្ត ហើយថែមទាំងរៀបចំអោយមានក្បួនឈុតបុរាណសិល្បករ ដែលជាការបំផុសអោយកូនខ្មែរ កាន់តែស្គាល់ពីបុណ្យសាសនារបស់ជាតិ និង ពីការលើកស្ទួយសិល្បៈឈុតបុរាណរបស់ខ្មែរ។

លោកក៏កោតសរសើរចំពោះសិល្បករគ្រប់រូប ដែលបានដង្ហែរក្បួនទាំងភ្លៀងរហូតដល់ចប់ ដោយលះបង់នូវការខូចខាតហូលផាមួង ដែលបានគ្រងនូវលើដងខ្លួន ដើម្បីអោយអោយពិធីទាំងមូល ប្រារព្ធឡើងបានចប់ចុងចប់ដើមផងដែរ។

ជាមួយគ្នានោះ លោកក៏ថ្លែងអំណរគុណដល់ ស្រីនីនសម្អាងការ និង ក្រុមជាង Make Up ក៏ដូចជាសិល្បករដែលយកឈុតមកខ្លួនឯង និង ម្ចាស់ឈុតដែលរៀបចំដោយវត្តពពែក្រោម ដែលស្ម័គ្រចិត្តផ្ដល់ឈុតល្អ ហើយលះបង់ផ្ដល់ឈុតអោយហែរទាំងភ្លៀង បើទោះជាដឹងថា ភ្លៀងមួយមេ នឹងធ្វើអោយខូចសំលៀកបំពាក់ដែលសុទ្ធតែជាហូលផាមួង និង សូត្រខ្មែរទាំងនោះ។