មកទល់ម៉ោងនេះ គេកត់សម្គាល់ថាភាពយន្តរឿង«ព្រលឹងមនុស្សរស់» បានក្លាយជាភាពយន្តដែលទាក់ទាញអ្នកគាំទ្រភាពយន្តខ្មែរយ៉ាងកញ្ជ្រោលក្នុងរោងភាពយន្ត។ នេះជាភាពយន្តដែលប្រជុំដោយតារាល្បីៗ និងជាភាពយន្តដែលពោរពេញដោយឈុតឆាកភ័យរន្ធត់យ៉ាងជក់ចិត្តក្នុងផ្ទៃរឿងទាំងមូល។ ប្រភពដែលបានកត់សម្គាល់ គឺស្ទើរតែគ្រប់ម៉ោងដែលដាក់បញ្ចាំងរឿងនេះ ស្ទើរមិនមានម៉ោងណា មិនមានអ្នកទិញសំបុត្រទស្សនាច្រើនៗនោះទេ ដោយក្នុងម៉ោងខ្លះអ្នកទស្សនាទិញសំបុត្រទស្សនាមិនទាន់ផង។
យោងតាមការទម្លាយ ភាពយន្តកំប្លែង និងសំបូរឈុតភ័យរន្ធត់មួយនេះ គឺជារឿងដែលរៀបរាប់ពីជំនឿលើការអន្ទងព្រលឹង ដែលជាស្នាដៃផលិតដោយផលិតកម្ម LA Film ដោយតារាដែលបានចូលរួមសម្ដែង គឺសុទ្ធតែជាតារាល្បីៗនៅក្នុងពិភពសម្ដែង។ តារាល្បីៗ ដែលជាតួអង្គសំខាន់រួមមាន លោក ទេព រិនដារ៉ូ, កញ្ញា គៀត សុវណ្ណាឡាង, នាយគ្រឿន, នាយពែកមី, លោក ជា សុវណ្ណនរា, នាយ BIG ននិង លោក ងួន សុបិន ជាដើម ។ ភាពយន្តរឿង«ព្រលឹងមនុស្សរស់» ឆ្លុះបញ្ចាំងពីអបិយជំនឿពាក់ព័ន្ធនឹងការអន្ទងព្រលឹងរបស់មនុស្ស ដែលបាត់បង់វិញ្ញាណ ឬហៅថាភ្លឹក ដែលមនុស្សភាគច្រើនធ្លាប់ដឹង។ រឿងនេះ ក៏បង្ហាញពីជំនឿអន្ទងព្រលឹងរបស់មនុស្ស ដែលបានស្លាប់បាត់បង់ជិវិតយកមកបង្ហាញនៅក្នុងភាពយន្តផងដែរ។ ផលិតកម្ម LA Film សម្រេចចិត្តបញ្ចេញស្នាដៃមួយនេះ គឺបន្ទាប់ពីបានសិក្សាស៊ីជម្រៅពាក់ព័ន្ធនឹងជំនឿខាបព្រលឹង។ នេះជាភាពយន្ត ដែលដឹកនាំសម្តែងដោយផលតកររបស់រឿង ភូមិអត់មនុស្ស និងរឿងទង់ព្រលឹង គឺលោកឌៀប សុវណ្ណតារា ដែលទទួលបានការគាំទ្រកន្លងមក ទើបភាពយន្តនេះ គ្រាន់តែបានដាក់បញ្ចាំងកាលពីថ្ងៃទី២៥ ខែធ្នូ ក៏ធ្វើអោយកញ្ជ្រោលក្នុងស្រទាប់មហាជនដែលជាអ្នកគាំទ្រតែម្ដង មកទល់ពេលនេះ៕