ខណៈដែលលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មានផ្ទះតារា បានអញ្ជើញទៅទទួលប័ណ្ណសរសើរក្នុងនាមជាបុគ្គលឆ្នើមផ្នែកជួយលើកកម្ពស់សិល្បៈវប្បធម៌តំណាងប្រទេសកម្ពុជានោះ គណកម្មការប្រគល់ពានអន្តរជាតិធំមួយ ដែលមានឈ្មោះថា International Fothplor Thailand ដែលមានប្រទេសជាច្រើនចូលរួមសម្ដែងសិល្បៈ ដើម្បីប្រកួតយកពាន និង មកុដ នោះ ក៏បានអញ្ជើញលោកអោយធ្វើជាគណអធិបតីនៅក្នុងកម្មវិធី ក្នុងនាមជាព្រះរាជវង្ស និង ជាបុគ្គលល្បីតំណាងអោយប្រទេសកម្ពុជាផងដែរ។
លោក ផាត់ តារារដ្ឋ ដែលត្រូវគេស្គាល់ថា គឺជាសែព្រះរាជវង្សអង្គឌួង និង ជាឈាមជ័ររបស់ព្រះអង្គម្ចាស់ នុព្វរ័ត្ថ និង ជាចៅបង្កើតរបស់ព្រះអង្គម្ចាស់ ផាត់សុវត្ថិ ក៏ត្រូវបានអ្នករៀបចំកម្មវិធីឧទ្ទេសនាមជាអ្នកអង្គម្ចាស់មកពីប្រទេសកម្ពុជា និង ទទួលស្វាគមន៍ក្នុងនាមជាគណអធិបតី ស្មើមុខស្មើមាត់នឹងព្រះរាជវង្សរបស់ស្ដេចថៃ ដែលយាងទៅធ្វើជាគណអធិបតី នៅក្នុងពិធីនោះផងដែរ។
នេះជាពិធីដែលថៃធ្វើឡើងក្នុងមួយឆ្នាំម្ដង ដោយឆ្នាំបានរៀបចំនៅថ្ងៃទី10 ខែ មេសា នៅបាងកក ហើយមានប្រទេសជាច្រើនចូលរួម ជាពិសេស ថៃ ប្រទេសកូរ៉េ តួគី ស្រីលង្កា ឥណ្ឌា បង់ក្លាដេស កូរ៉េ ជប៉ុន និង សិង្ហបុរី ជាដើម។ នេះជាកម្មវិធី ដែលមានលក្ខណៈស្រដៀងគ្នានឹងការបង្អួតវប្បធម៌រៀងៗខ្លួនផងដែរ ដោយបណ្ដាប្រទេសនីមួយធ្វើការបង្ហាញទម្រង់សិល្បៈរបស់ពួកគេ ហើយក្រុមដែលល្អ ទទួលបានពាន និង ឈៀង។
សម្រាប់កម្ពុជា មិនមានអ្នកសម្ដែងនៅលើវេទិកានោះទេ តែក៏មានតំណាងស្ត្រីខ្មែរមួយរូប ដែលធ្លាប់ទទួលមកុដជាស្ត្រីឆ្នើម កាលពីឆ្នាំកន្លងៗទៅ ត្រូវបានកម្មវិធីអញ្ជើញអោយដើរបង្ហាញម៉ូតលើឆាកតំណាងកម្ពុជា នៅក្នុងកម្មវិធីនោះផងដែរ។
ដូច្នេះហើយទើបចាត់ទុកថា គឺជាមុខមាត់មួយ ដែលលោក ផាត់ តារារដ្ឋ ដែលជនជាតិថៃមួយចំនួន ស្គាល់ថាគឺជាសែព្រះរាជវង្សអង្គឌួង បានក្លាយជាគណអធិបតីមួយរូប ក្នុងចំណោមព្រះរាជវង្សរបស់ថៃ មន្ត្រីទូត និង ភ្ញៀវកិត្តិយសជាច្រើនរូបនៅក្នុងសង្គមថៃ ដែលមានសមាសភាពមកពីបណ្ដាប្រទេសផ្សេងៗចូលរួមយ៉ាងអធឹកអធមផង។