លោកស្រី ចែម សេរីរ័ក្ស ទទួលបានប័ណ្ណសរសើរកម្រិតអន្តរជាតិ

0

នៅក្នុងពិធីប្រគល់ពាន និង លិខិតសរសើរជូនដល់បុគ្គលឆ្នើមៗមកពី32ប្រទេស នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទ9 មេសា ឆ្នាំ2024 គេឃើញមានតំណាងប្រទេសកម្ពុជា មានឈ្មោះទទួលតែ3រូបប៉ុណ្ណោះ ដោយក្នុងនោះ គឺមានវិរសេនីយ៍ ចែម សេរីរ័ក្ស ហៅ អូនដា ដែលជាទាហានលោតឆ័ត្រយោងមួយរូបផងដែរ។

ហេតុផលដែលលោកស្រី បានក្លាយជាស្ត្រីខ្មែរតែមួយរូបគត់ ដែលអាចទទួលបានពាន និង លិខិតសរសើរកម្រិតអន្តរជាតិ ពីកម្មវិធីពិភពលោកមួយនេះ គឺដោយសាតែលោកស្រី គឺជាអ្នកសម្របសម្រួលនៅច្រកព្រំដែនកម្ពុជា ថៃ ជប់គគីរ ត្រង់ខេត្តឧត្តរមានជ័យ ដែលត្រូវបានគេចាត់ទុកថាគឺជាស្ត្រីខ្មែរ ដែលបានរួមចំណែកច្រើនក្នុងកិច្ចការទំនាក់ទំនងជាមួយថៃ។

ក្នុងនោះ លោកស្រី ចែម សេរីរ័ក្ស ក៏មានប្រវត្តិរាប់មិនអស់ ក្នុងការដឹកនាំបងប្អូនខ្មែរ អោយធ្វើការសង្គម ការងារសប្បុរសធម៍ និង ការបង្កើតកម្មវិធីកម្សាន្ត លើកស្ទួយដល់សិល្បៈវប្បធម៌រវាងប្រទេសទាំងពីរជាដើម។ បុគ្គលឆ្នើមៗ ដែលកម្មវិធីបានសម្រេចផ្ដល់អោយ គឺសំដៅទៅលើបុគ្គលឆ្នើមៗ នៅក្នុងប្រទេសនីមួយៗ ដែលបានរួមចំណែកយ៉ាងលេចធ្លោរ ក្នុងការបំផុស និង ផ្សព្វផ្សាយ ពីសកម្មភាពល្អៗជាប្រយោជន៍ក្នុងសង្គមជាច្រើន ទើបលោកស្រីត្រួវបានគណកម្មការកម្មវិធីចុចឈ្មោះ អោយក្លាយជាអ្នកទទួលបានកិត្តិយសជាអន្តរជាតិនេះ។

ម្យ៉ាងមកពីលោកស្រី ធ្លាប់ទទួលបានមកុដជាស្ត្រីឆ្នើម នៅក្នុងប្រទេសក្នុងនាមជាស្ត្រីដែលលះបង់ខ្ពស់ ដើម្បីការងារសម្របសម្រួលនៅព្រំដែនជប់គគីរ នាពេលកន្លងមកផង ទើបការទទួលបានពាន និង លិខិតសរសើរក្នុងនាមជាបុគ្គលឆ្នើម នៅក្នុងពេលនេះ មិនមែនជារឿងចម្លែក។

លោកស្រី ក៏ទំនងជានឹងត្រូវបានកម្មវិធីមួយផ្សេងទៀត ជ្រើសអោយទទួលមកុដជាស្ត្រីឆ្នើមសារជាថ្មី សម្រាប់ឆ្នាំ2024 នេះនោះផង ដោយយោងលើគុណសម្បត្តិដ៏ច្រើន ដែលលោកស្រីធ្លាប់បានធ្វើ ក្នុងនាមជាស្ត្រីដែលសកម្មក្នុងការងារជួយសម្របសម្រួល ជួយដល់បងប្អូនខ្មែរ នៅតាមព្រំដែន។

នេះក៏ចាត់ទុកថា គឺមុខមាត់ធំមួយផងដែរ ដែលកម្ពុជានៅតែមានស្ត្រីខ្មែរមួយរូប ដែលអាចស្មើមុខស្មើមាត់ នឹងបណ្ដាជនជាតិដទៃ ដែលត្រូវមានឈ្មោះលើកពាន និង ប័ណ្ណសរសើរនៅលើឆាកអន្តរជាតិ ពីកម្មវិធីមួយនេះ៕