មកស្គាល់ជីវិតស្នេហា តួឯកស្រី«កាំបិតមុខ២»ក្រៅឆាក

0

មនុស្សជាច្រើនបានត្រឹមតែដឹងថាតារាសម្ដែងអ្នកនាង កែវ ស្រីនាង មានស្វាមីជាជនជាតិអង់គ្លេសប៉ុណ្ណោះ ប៉ុន្តែសម្រាប់មុខមាត់របស់ស្វាមីអ្នកនាងមិនសូវមានអ្នកណាស្គាល់ទេ ដោយសារតែអ្នកនាងកម្របណ្ដើស្វាមីចូលក្នុងកម្មវិធីសិល្បៈ ហើយសម្រាប់កម្មវិធីសម្ភាសន៍ផ្សេងទៀតសោត គឺអ្នកនាងក៏មិនសូវលើកឡើងពីស្វាមីអោយគេបានដឹង។

ទើបតែមួយរយៈចុងក្រោយដែលនាងចាប់ផ្ដើមបើកទូលាយក្នុងសកម្មភាពហ្វេសប៊ុកប៉ុណ្ណោះ ទើបអ្នកនាងឧស្សាហ៍បង្ហោះពីស្វាមី ស្របគ្នាដែលអ្នកនាងក៏បានតំណែងក្នុងរឿង«កាំបិតមុខ២» ដែលធ្វើអោយជីវិតឯកជនរបស់អ្នកនាងត្រូវគេចាប់អារម្មណ៍។

រូបភាពប៉ុន្មានសន្លឹករបស់អ្នកនាង កែវ ស្រីនាង និងស្វាមី បានធ្វើអោយគេមើលឃើញភ្លាមៗថាអ្នកនាងពិតជាមានសុភមង្គលជាមួយបុរសជាជនជាតិបរទេសនោះណាស់ ទើបអ្នកនាងមិនដែលផ្ទុះឡើងនូវរឿងអាស្រូវស្នេហាទាល់តែសោះ តាំងពីបានរៀបការហើយ ដោយមានទាំងកូនក្រមុំម្នាក់ជិតធំស្មើខ្លួន។

អ្វីដែលគេមើលឃើញថាអ្នកនាងកាន់តែសំណាងបំផុតនោះ គឺស្វាមីអ្នកនាងជាអ្នកជំនួញរូបសង្ហាម្នាក់ បើទោះជាមានវ័យច្រើនបន្តិច ហើយជាបុរសចិត្តទូលាយបើកសិទ្ធិគ្រប់យ៉ាងអោយអ្នកនាងបន្តប្រឡូកការសម្ដែង ទើបអ្នកនាងនៅតែមានមុខសម្ដែងតួឯកក្នុងរឿងថ្មីៗ តួយ៉ាងដូចជាក្នុងរឿង«កាំបិតមុខ២»ដែលត្រៀមដាក់បញ្ចាំងនៅប៉ុស្ដិ៍PNN ក្នុងពេលខាងមុខ។

អ្នកនាងធ្លាប់បានបញ្ជាក់ថាស្វាមីរបស់អ្នកនាងអត់ហាមឃាត់ដំណើរបន្តសិល្បៈរបស់ខ្លួននោះទេ ប៉ុន្តែបណ្ដាលមកពីមួយរយៈមុន អ្នកនាងមានជំងឺឈាមសស៊ីឈាមក្រហម ហើយសុខភាពមិនសូវអំណោយផល ទើបស្វាមីចេះតែអោយរយាលសិល្បៈ។ យ៉ាងណាមិញ អ្នកនាងថាការងារសម្ដែងដ្បិតថានៅស្រឡាញ់ តែក៏មិនចេះតែទទួលដែរ គឺលុះត្រាតែសមស្របទាំងតម្លៃ កិត្តិយស និងស្ថានភាពសុខភាពរបស់អ្នកនាងដែរ ទើបអ្នកនាងទទួល។ អ្នកនាងត្រូវបានគេអះអាងថាមិនខុសពីសេដ្ឋីនីនៅលើទឹកដីសៀមរាបនោះទេ ដោយគ្រាន់តែភូមិគ្រឹះរបស់អ្នកនាងក៏ធំល្វឹងល្វើយមិនចាញ់អ្នកមានស្ដុកស្ដម្ភលំដាប់ឧកញ៉ានោះដែរ។

អុីចឹងហើយទើបម្នាក់ៗសរសើរថាអ្នកនាងជាសិល្បការិនីដែលមានសំណាងដែលល្អទាំងការងារសិល្បៈ មុខជំនួញផ្ទាល់ខ្លួន និងជីវិតស្នេហា ខណៈដែលអ្នកនាងដ្បិតថាមិនមានស្វាមីជាមន្ត្រីជាន់ខ្ពស់ ប៉ុន្តែស្ថានភាពលុយកាក់ និងភាពឡូយឆាយគឺតារាជំនាន់មុន និងជំនាន់ក្រោយភាគច្រើនពិបាកប្រដូច។

គួរបញ្ជាក់ថា អ្នកនាងកែវ ស្រីនាង បានស្ងាត់ពីការងារសម្ដែងមួយរយៈមកហើយ ដោយទើបតែហក់មកទទួលតំណែងជាតួឯកក្នុងរឿង«កាំបិតមុខ២»របស់ផលិតកម្មមហាហង្សកាលពីពេលថ្មីៗប៉ុណ្ណោះ ដោយអ្នកនាងត្រូវគេអោយសម្ដែងជាតួអង្គភរិយាមានវ័យរង្វង់៣០ឆ្នាំ ហើយជានារីពិសពុលផង និងស្លូតបូតផង ព្រោះតែចង់ឈ្នះស្វាមីកំហូច។

ភាពយន្តរបស់អ្នកនាងត្រូវបានគេអះអាងថាថតជិតបញ្ចប់ហើយ ដោយស្នាដៃនេះ កំពុងធ្វើអោយអ្នកនាងទទួលបានការចាប់អារម្មណ៍ និងរំពឹងថាបានល្អឈ្មោះក្នុងពេលចាក់ផ្សាយនៅPNN៕