ម្ចាស់ហាងបូរ៉ានិច ទទួលការសរសើរក្រោយ ច្នៃឈុតខ្មែរកាន់តែច្រើន ជួយដល់សិល្បករ

0

ជាមួយនឹងការចូលរួមឧបត្ថម្ភដោយគ្មានការរើសអើងសិល្បករ លោកស្រី នូ វាសនា ម្ចាស់ហាងបូរ៉ានិចកាត់ដេរ កំពុងទទួលបានការសរសើរយ៉ាងខ្លាំង ថាជាអ្នកជំនួញដែលបានចូលរួមលើកស្ទួយដល់សិល្បៈខ្មែរ ជាពិសេសក្នុងការបំផុសអោយមហាជនកាន់តែមើលឃើញពីតម្លៃសំលៀកបំពាក់ហូលផាមួងខ្មែរ។

ជាក់ស្ដែង ក្នុងកិច្ចសម្ភាសន៍ តារាចម្រៀងលោកព្រីន និង កញ្ញា ស្រីលក្ខណ៍ អ្នកទាំងពីរក៏សរសើរផងដែរ ដែលលោកស្រី បានរួមចំណែកជួយដល់សិល្បករសិល្បការិនី ដោយមិនរើសមុខបែបនេះ។

លោក ព្រីន និយាយថា លោកសប្បាយចិត្តដែលលោកស្រី នូ វាសនា បានច្នៃឈុតអោយលោកក្នុងបទ នារីសមសួន ដែលធ្វើអោយលោកមានឱកាសបានគ្រងឈុតបែបខ្មែរ ផ្សព្វផ្សាយវប្បធម៌។ ជាមួយនឹងការផ្ដល់ការសហការលោកក៏នឹងមានគម្រោងផលិតសាច់រឿង ឬ MV ដែលបំផុសពីសំលៀកបំពាក់បង្ហាញពីអត្តសញ្ញាណជាតិ ដោយរំពឹងថា លោកស្រីនឹងបន្តជួយបែបនេះបន្តទៀត។

ដោយឡែក លោក រុន ណាកូ ពិធីករ ផ្ទះតារា ក៏បង្ហាញការកោតសរសើរ ដល់លោកស្រីបូរ៉ានិចផងដែរ ដែលតែងតែច្នៃឈុតបែបខ្មែរ ជួយដល់ក្រុមការងារផ្ទះតារា និង គ្រួសារតារាកម្ពុជា កន្លងមក។

លោកស្រី នូ វាសនា អះអាងថា លោកស្រីនឹងបន្តជួយដល់សិល្បករបែបនេះបន្តទៅទៀត ដោយសារតែលោកស្រីក៏មានឆន្ទៈ ចង់ចូលរួមលើកស្ទួយវិស័យសំលៀកបំពាក់បែបខ្មែរមួយនេះ។ ហើយលោកស្រីក៏សប្បាយចិត្តផងដែរ ដែលឃើញសិល្បករសិល្បការិនីកាន់តែច្រើន ងាកមកជួយបំផុស និង គាំទ្រសំលៀកបំពាក់ហូលផាមួងខ្មែរ។