មកទល់ពេលនេះ ដំណឹងហក់ចូលផលិតកម្មចម្រៀង របស់តារាចម្រៀង និងជាពិធីករខារ៉ាអូខេ លោក ថន ណារ៉ុង ស្ងាត់ដូចចោរលួចសេះតែម្ដង ប៉ុន្តែគេនៅតែកត់សម្គាល់ថា សកម្មភាពផលិតចម្រៀង ដើម្បីបង្អួតសមត្ថភាពរបស់លោកគឺនៅតែមាន។
ជាក់ស្ដែងចម្រៀងក្ដៅៗមួយបទរបស់លោកក្រោមចំណងជើងថា”រាត្រីនៅឡុងប៊ិច” នៅតែធ្វើអោយតារារូបនេះ រំពឹងពីការក្លាយខ្លួនជាតារាចម្រៀងអាជីព។
តាំងពីបានក្លាយខ្លួនជាម្ចាស់ហាង ហ្វ័រជី សាច់អាំង លោក ថន ណារ៉ុង មិនបានឃ្លាតឆ្ងាយពីអាជីពសិល្បៈនោះទេ ដោយកាន់តែឈ្មុសឈ្មុលវិវត្តន៍ខ្លួនក្លាយជាតារាកំប្លែង ក្នុងកម្មវិធីដូច្នឹងផង របស់ទូរទស្សន៍ថោន ក្រោយពេលដើរចេញទៅហង្សមាសក្នុងនាមជាអ្នកផលិតភាពយន្តមួយប្រាវនោះផង។ លោកត្រូវគេឃើញអាចសម្ដែងបែបក្រមិចក្រម៉ើមបានល្អ មិនចាញ់តារាជើងចាស់មុនជំនាន់ដូចលោក ងួន សុបិន្ត និង ឌីជេកាកា ប៉ុន្មានទេ ទើបធ្វើអោយតារារូបនេះ ទទួលបានការចាប់អារម្មណ៍ថែមមួយកម្រិតក្នុងអាជីពសម្ដែង។ យ៉ាងណាមិញ គេដឹងរួចមកហើយ ថាអាជីពដែលលោកប៉ងអោយជោគជ័យបំផុត គឺអាជីពចម្រៀងនោះទេ ខណៈដែលលោកប្រកាសនឹងព្យាយាមផលិតជារបស់ខ្លួន មិនថាជាបទនិពន្ធថ្មី ឬ ច្រៀងត្រាប់ តែអោយផ្ទុះ ដើម្បីអោយមនុស្សបានស្គាល់ពីសំលេងរបស់លោក។ លោកគម្រោងហក់ចូលផលិតកម្មមួយ បើបទដែលលោកថតបង្ហោះទទួលបានការចាប់អារម្មណ៍ អុីចឹងទើបធ្វើអោយតារារូបនេះ កាន់តែបាក់ទឹកចិត្តនៅពេលបទចម្រៀងផ្ទាល់ខ្លួនចេញបង្អួតច្រើនបទមកហើយ ប៉ុន្តែលទ្ធផលផលិតកម្មចាប់អារម្មណ៍នៅតែមិនមាន។ យ៉ាងណាមិញ លោក ថន ណារ៉ុង បញ្ជាក់ថា ខ្លួនមិនបញ្ឈប់សកម្មភាពទេ គឺនៅបន្តចេញបទចម្រៀងថ្មី២ ដោយរំពឹងយ៉ាងខ្លីថា បើទោះជាផលិតកម្មដែលលោកមានខ្សែរយៈនៅតែមិនអាចផ្ដល់តម្រុយ ក៍អាចអោយមហាជនដឹងថាលោកមានសមត្ថភាពច្រៀង មានបទល្អៗ ហើយអាចទទួលការងារឡើងឆាកក្នុងតំណែងជាតារាចម្រៀងបានដែរ។
លោកថន ណារ៉ុង បញ្ជាក់ថា ក្រោយពេលតម្រុយហក់ចូលផលិតកម្មនៅតែគ្មានដំណឹង លោកលែងស្រម៉ៃផលិតចម្រៀងដើម្បីអោយផលិតកម្មមើលឃើញដូចមុនទៀតហើយ តែនឹងផលិតអោយមានសកម្មភាពដើម្បី អាចមានឱកាសឡើងឆាកទូរទស្សន៍ និងទទួលកម្មវិធីក្នុងតំណែងជាតារាចម្រៀងក្នុងពេលខាងមុខជំនួសវិញ។