ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា ប្រកាសធ្វើរឿងមួយដល់អ្នកទេសរណ៍ខ្មែរ នៅកំពង់សោម

0

គ្មានអ្នកណាមិនដឹងនោះទេថាទឹកដីខេត្តព្រះសីហត្រូវបានអ្នកជំនួញចិនចូលបោះទុនវិនិយោគគម្រោងធំៗ រហូតធ្វើអោយទឹកដីដែលមានសក្កានុពលជាប់មាត់សមុទ្រមួយនេះឡើងថ្លៃសូម្បីតែអាហារ និងកន្លែងស្នាក់នៅ កុំថាតែត្រឹមតម្លៃដីធ្លី។ អ៊ីចឹងហើយទើបម្នាក់ៗភ្ញាក់ផ្អើល នៅពេលដែលតារាចម្រៀង លោក ឡេង ណាវ៉ាត់ត្រា ស្រាប់តែមានលទ្ធភាពវាយលុកធ្វើជំនួញនៅក្នុងតំបន់នោះ ចាប់តាំងពីលោកជោគជ័យក្នុងជំនួញដីធ្លីនៅភ្នំពេញ ហើយថែមទាំងប្រកាសថានឹងសង់ផ្ទះស្នាក់នៅដែលមានតម្លៃទាបដូចមុនពេលចិនមិនទាន់ចូលទីវិនិយោគ ដើម្បីជួយសម្រួលដល់អ្នកទេសចរណ៍ខ្មែរ។

យោងតាមការប្រកាស លោក ឡេង ណាវ៉ាត់ត្រា ក្រៅពីបោះទុនវិនិយោគសាងសង់ខុនដូ និងបុរី លើផ្ទៃដី១៥០ហិតា តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិ ទូលទទឹង២ ឃុំ ទូលទទឹង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ចម្ងាយប្រហែល២០គីឡូម៉ែត្រពីក្រុងកំពង់សោម លោកក៏ប្រកាសសាងសង់ផ្ទះសំណាក់ ដែលមានតម្លៃខុសគ្នាដាច់ឆ្ងាយពីផ្ទះស្នាក់នៅរបស់អ្នកទេសចរណ៍នៅតំបន់ខេត្តព្រះសីហនុ ក្នុងរយៈពេលចិនហក់ទៅវិនិយោគច្រើននាពេលនេះផងដែរ។ ឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរលើផេកផ្ទាល់ខ្លួនថា«ពេលដែលអញ្ជើញទៅលេងកំពង់សោម តើ ពុកម៉ែ បងប្អូនចង់គេងនៅផ្ទះសំណាក់ក្នុងតម្លៃត្រឹម១០ទៅ២៥ ដុល្លារក្នុងមួយយប់ដែរឬទេ? បុរីឡេងណាវ៉ាត្រា មានបំណងសង់ផ្ទះសំណាក់ក្នុងតម្លៃខាងលើ នៅលើទឹកដីក្រុងព្រះសីហនុ ដើម្បីជួយសម្រួលឲ្យពុកម៉ែបងប្អូនដែលចង់គេងនៅផ្ទះសំណាក់ក្នុងតម្លៃនេះ ពេលអញ្ជើញទៅលេងសមុទ្រម្ដងៗនោះ។ រូបខ្ញុំ រួមជាមួយដៃគូររបស់ខ្ញុំ នឹងលើកយកគម្រោងនេះទៅ ពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរកទីតាំងណាមួយ សមរម្យដើម្បីសាងសង់ គម្រោងនេះឡើង ឬ ក៏សង់នៅ ក្នុងបុរីរបស់ខ្ញុំដែលបាននឹងកំពុងដំណើរការលក់នេះតែម្ដង។ បើពុកម៉ែបងប្អូនគាំទ្រនូវគម្រោងនេះ សូមមេត្តា ជួយផ្ដល់នូវមតិយោបល់ផង ! សូមអរគុណ»។

ការប្រកាសរបស់លោក បានធ្វើអោយម្នាក់ៗអបអរសាទរយ៉ាងខ្លាំង ដោយសារតែគម្រោងសាងសង់ផ្ទះសំណាក់ដែលមានតម្លៃធូរថ្លៃបែបនេះ គឺជាការចង់បានរបស់អ្នកទេសចរណ៍ នៅក្នុងកាលៈទេសៈ ដែលខេត្តព្រះសីហនុ លែងមានផ្ទះស្នាក់នៅដែលមានតម្លៃកម្រិត១០ ឬ២០ដុល្លារក្នុងមួយយប់ឡើងផ្អើលស្រទាប់មហាជន។

ក្រោយការបង្ហោះរបស់លោក គេឃើញមានអ្នក Share និង Comment ទ្រាំទ្រភ្លាមៗ ខណៈដែលគម្រោងមួយនោះ លោកថានឹងធ្វើអោយលេចចេញរូបរាងអោយបានលឿនបំផុត ដើម្បីបំពេញតម្រូវការ។ លោកឡេង ណាវ៉ាត់ត្រា បន្តថា គម្រោងផ្ទះសំណាក់ និងខុនដូរបស់លោក នឹងមិនកុងត្រាផ្ដាច់មុខជួលអោយក្រុមចិនក្រោយពេលសាងសង់នោះទេ ដើម្បីទុកអោយអ្នកទេសចរណ៍ខ្មែរមានលទ្ធភាពស្នាក់នៅក្នុងតម្លៃមួយទាប នៅពេលទៅកម្សាន្តនៅខេត្តព្រះសីហនុ។ យ៉ាងណាមិញ គេមិនទាន់ដឹងថាតើលោកនឹងចាប់ផ្ដើមគម្រោងសាងសង់អាគារនោះនៅពេលណា នៅកន្លែងណា ហើយគ្រោងប្រើដើមទុនអស់ប៉ុន្មាននៅឡើយទេ៕