មិនត្រឹមតែស្និទ្ធស្នាលគ្នា ក្នុងនាមជាអ្នកទទួលខុសត្រូវផលិតកម្មមហាហង្ស ដែលត្រូវគេប្រដូចថាជាស្រមោច នៅជិតស្ករប៉ុណ្ណោះទេ តែក្នុងភាពយន្តរឿង«កាំបិតមុខ២» អ្នកនាង ភិន សុដាលីស និងលោក អូន ឧស្សាហ៍ ក៍ត្រូវគេទម្លាយថា បានលេងស្ទីលរោលរាលជាមួយគ្នា ធ្វើអោយគេសង្ស័យពីទំនាក់ទំនងផងដែរ។ យ៉ាងណាមិញ លោក អ៊ិន សុភិន បានអះអាងថា រវាង កូនស្រី និងអូន ឧស្សាហ៍ មិនមានអ្វីលើសពីមិត្តរួមអាជីព និង ជាក្រុមការងារនោះ ហើយមកពីអ្នកទាំងពីរស្រលាញ់រាប់អានគ្នាក្រៅឆាក ដោយភរិយាលោក អូន ឧស្សាហ៍ ក៍ទទួលដឹងឮនោះហើយ ទើបផលិតករ ហ៑ានអោហពួកគេសម្ដែងឈុតរោលរាលជាមួយគ្នា ក្នុងរឿង”កាំបិតមុខ២”។ លោកថា កូនស្រី មិនបានធ្វើលើសជាមួយ លោក អូន ឧស្សាហ៍ ធ្វើអោយភរិយារបស់ លោក អូន ឧស្សាហ៍ មានចិត្តល្អក់កករនោះឡើយ ក្នុងពេលដែលពួកគេតាំងពីរក្រៅឆាក មិនខុសពីបងប្អូន ហើយភរិយាលោក អូន ឧស្សាហ៍ ក៍ដឹងច្បាស់លាស់ ពីទំនាក់ទំនងមួយនេះ ដែលមិនអាចមានរឿងប្រច័ណ្ឌទៅកើត។
លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាអ្នកផលិតរឿង«កាំបិតមុខ២» បានអះអាងថាកូនស្រីរបស់ខ្លួន គឺ ភិន សុដាលីស ត្រូវបានអ្នកនិពន្ធអោយសម្ដែងជាតួសង្សារទី១របស់លោក អូន ឧស្សាហ៍ ដោយតារាទាំងពីរមានឈុតស្នេហារោលរាលជាមួយគ្នាតាំងពីដើមរឿងដល់ពាក់កណ្ដាលរឿងតែម្ដង ដោយសារតែក្នុងរឿងនេះ សំដៅលើបុរសខិលខូចម្នាក់ ដែលមាននារីច្រើន ហើយបើទោះជាមានភរិយារួចហើយ ក៏នៅតែមានទំនាក់ទំនងជាមួយភិន សុដាលីស ដែលតម្រូវអោយនាងត្រូវតែសម្ដែងអោយផ្អែមល្ហែមជាមួយប្ដីគេ ទើបតម្រូវអោយ នាងសម្ដែងអោយរោលរាល ដើម្បីអោយបង្ហាញពីតថសង្គមមួយថានារីជាស្រីកំណាន់មានឥរិយារោលរាលដល់ម្លឹងបែបហ្នឹង ទើបធ្វើអោយបុរសជាប្រុសកំណាន់បសម្រេចចិត្តក្បត់ផឹតប្រពន្ធ មិនខ្វល់ពីមុខមាត់។ លោកអះអាងថា ឈុតឆាករោលរាលដែលបានស្ដែងឡើង នឹងធ្វើអោយអ្នកទស្សនាជក់ចិត្ត ហើយលាន់មាត់សរសើរចំពោះភិន សុដាលីស ដែលហ៊ានសម្ដែងពេញមួយរឿង តែលោកប្រកាសថាមិនមានឈុតឆាកហួសហេតុ ដល់ថ្នាក់ដាក់ផ្សាយហើយត្រូវបាននាយកដ្ឋានហាមប្រាមនោះទេ។
លោក អ៊ិន សុភិន បញ្ជាក់ថា នេះជាលើកទី២ហើយ ដែលកូនស្រីរបស់ខ្លួនត្រូវបានជ្រើសអោយសម្ដែងឈុតឆាករោលរាលលើគ្រែ ប៉ុន្តែមិនមែនជាការតម្រូវរបស់លោកនោះទេ គឺជាការចង់បានរបស់អ្នកនិពន្ធ របស់ប្រធានផលិត និងរបស់ស្ថានីយ៍ទូរទស្សន៍ PNN ដែលចង់អោយនាងសម្ដែងបែបនោះប៉ុណ្ណោះ។ លោករំពឹងថាភាពយន្តរឿង«កាំបិតមុខ២» នឹងផ្ទុះនៅពេលដាក់បញ្ចាំង ដោយសារតែភាពយន្តនេះ សម្ដែងដោយតារាសម្ដែងខ្លាំងក្នុងពិភពសម្ដែងដូចជាអ្នកនាង កែវ ស្រីនាង លោកអូន ឧស្សាហ៍ និងលោក អ៊ុន សិទ្ធា ជាដើម ជាពិសេសគឺកូនស្រីរបស់ខ្លួន ដែលបានសម្ដែងជាតួស្រីកំណាន់តួឯកប្រុស ដែលមានឈុតឆាករោលរាលកប់ក្ដោង ដែលនាងមិនធ្លាប់សម្ដែងខ្លាំងដល់ម្លឹងក្នុងរឿងមុនៗ៕