នី ម៉ាលីណា ភ្ជាប់ពាក្យភ្លាមប្រកាសការភ្លាម ហើយននៀលមិនចោលទៀត

0

ខុសពីតារាសិល្បៈផ្សេងទៀត ដែលប្រកាសនឹងដើរឆ្ងាយសិល្បៈ ឬរយាលការងារសិល្បៈ ក្រោយពេលរៀបការ តារាសម្ដែងកញ្ញា នី ម៉ាលីណា បានអះអាងថា កញ្ញានឹងនៅតែសស្រាក់សស្រាំជាមួយវិស័យភាពយន្ត បើទោះជាអ្នកនាងនឹងប្រកាសរៀបការមិនយូរក្រោយពេលភ្ជាប់ពាក្យកាលពីថ្ងៃទី២៣ ធ្នូថ្មី។

កញ្ញាបញ្ជាក់ថាគូស្នេហ៍មានតែជំរុញអោយនាងបន្តការងារសិល្បៈ ខណៈដែលនាងក៏មិនអាចបោះចោលអាជីពមួយនេះ ក្នុងពេលសន្ទុះទីផ្សារកាន់តែមានការឈានឡើង។

នី ម៉ាលីណា និយាយថា នៅអំឡុងដើមឆ្នាំ២០១៩ យ៉ាងយូរអំឡុងខែកុម្ភៈ កញ្ញា និងរៀបការជាផ្លូវការហើយ ដោយនាង និងលោក ទូច ផល្លី នឹងមិនបណ្ដោយស្នេហាទុកយូរជូរផ្អូមនោះទេ ដោយសារតែខាងចាស់ទុំក៏ចង់អោយការមុនចូលឆ្នាំខ្មែរ ហើយពេលាដែលល្អគឺមុនខែ៣ គឺជារឿងដែលគ្រូហោយល់ថាល្អបំផុត។ កញ្ញាបង្ហើបថារវាងខ្លួន និងគូស្នេហ៍ស្គាល់គ្នាមិនដល់មួយខែនោះទេ ប៉ុន្តែដោយសារតែលោកសម្រេចចិត្តចូលស្ដី ទើបនាងជឿជាក់ ហើយសម្រេចចិត្តថានឹងផ្ញើវាសនា ដោយមិនខ្វល់ពីការសិក្សាស្វែងយល់គ្នាច្រើន។

អ្វីដែលនាងសប្បាយចិត្តគឺគូស្នេហ៍ជំរុញអោយនាងបន្តការងារសម្ដែងដោយមិនអោយបោះបង់នោះទេ ទើបនាងកាន់តែមានភាពកក់ក្ដៅ ក្នុងពេលដែលខ្លួនក៏មិនចង់បោះបង់ការងារសិល្បៈ ដែលខ្លួនខំសាង។ នី ម៉ាលីណា និយាយថា«រឿងចោលសិល្បៈគូដណ្ដឹងខ្ញុំអត់អោយចោលសោះតែម្ដង បើថ្ងៃក្រោយខ្ញុំចង់ឈប់ខ្លួនឯងគឺជារឿងផ្សេង តែបើគាត់គឺចង់អោយយើងបន្តលែង ដោយសារតែខ្ញុំគេអោយសម្ដែងតែជាតួបងស្រី ឬតួម្ដាយ ដែលមិនមានបញ្ហារឿងអ្នកណាអោបរឹតនោះទេ!»។ កញ្ញាថា លោក ទូច ផល្លី កាលពីមុនក៏ជាអ្នកសិល្បៈមួយដួងដែរ ប៉ុន្តែមកពីលោកងាកទៅរកស៊ីផ្នែកអចលនទ្រព្យវិញ ទើបបំភ្លេចការងារសម្ដែងចោល។ នាងប្រកាសរៀបការអោយបានឆាប់បំផុត បន្ទាប់ពីបានឮថាគូស្នេហ៍មិនហាមប្រាមការសម្ដែង ដែលធ្វើអោយនាងមិនខ្វល់ពីការបាត់បង់ទីផ្សារ ស្របគ្នាដែលនាងក៏ជាប់កុងត្រាជាមួយផលិតករច្រើនរឿង សម្រាប់ឆ្នាំ២០១៩។

កញ្ញា លី ម៉ាលីណា និយាយថា កាលបរិច្ឆេទរៀបការគឺអោយតែអាចារ្យកំណត់ឡើង ហើយអាចជួលផ្នែកពាក់ព័ន្ធសម្រាប់រៀបការនោះបាន នោះនឹងត្រូវប្រកាសឡើងហើយ ដោយសារតែនាងចង់ការបានឆាប់ តែក៏ត្រូវអាស្រ័យក្រុមគ្រួសាររៀបចំទាន់ ឬមិនទាន់នោះដែរ។ លោកប្រកាសថាលោក ទូច ផល្លី មិនបានរើសអើង ឬបិទសិទ្ធិសម្រាប់រូបនាងក្នុងការងារសិល្បៈនោះទេ ដោយសារតែលោកកាលពីមុនក៏ជាអ្នកសិល្បៈម្នាក់ដែរ ដោយគ្រាន់តែលោកងាកទៅធ្វើជំនួញដីធ្លីនៅក្នុងរយៈពេលចុងក្រោយ។ អ៊ីចឹងហើយទើបនាងនឹងនៅតែទទួលសម្ដែងបើទោះជារៀបការហើយ ដោយគ្រាន់តែអាចរយាលជាងមុន៕