កាលពីល្ងាចថ្ងៃទី២១ ធ្នូ ពិធីការិនីល្បីល្បាញអ្នកនាង យុគ ចិន្តា បានប្រារព្ធពិធីសម្ពោធភោជនីយដ្ឋាន និងជាប្រភេទបាបារាំងធំមួយនៅខេត្តសៀមរាប ដែលមុខជំនួញនេះស្ថិតនៅកណ្ដាលក្រុង ហើយត្រូវគេអះអាងថាចំណាយដើមទុនប្រមាណជាជិតកន្លះលានដុល្លារ។ យ៉ាងណាមិញមុខជំនួញធំនេះ អ្នកនាងមិនប្រើដើមទុនតែឯងនោះទេ តែមានបុរសម្នាក់នៅខេត្តសៀមរាប ជាភាគហ៊ុនធំ។
អ្នកនាង យុគ ចិន្តា បានថ្លែងបញ្ជាក់ថា ហាងបារ និងភោជនីយដ្ឋានយីហោ”សុខៈរីវើ-ឡោញ”ស្ថិតនៅខេត្តសៀមរាបនេះ អ្នកនាងគ្រាន់តែចូលហ៊ុនមួយភាគប៉ុណ្ណោះ ដោយភាគហ៊ុនធំគឺលោក Soann Kan ជាអ្នកជំនួញនៅខេត្តសៀមរាបប៉ុណ្ណោះ។ អ្នកនាងថា បុរសដែលអ្នកនាងសម្រេចចិត្តដាក់ហ៊ុនជាមួយនេះ គឺជាមិត្តភ័ក្ត្ររបស់អ្នកនាងច្រើនឆ្នាំមកហើយ ហើយដោយសារតែអ្នកនាងកត់សម្គាល់ថាលោកជោគជ័យលើសលប់គ្រប់អាជីកម្មដែលបើកដំណើរការនៅសៀមរាប ទើបអ្នកនាងសម្រេចដាក់ហ៊ុនជាមួយ។ អ្នកនាងបដិសេធបង្ហើបអោយដឹងពីចំនួនទឹកប្រាក់ដែលអ្នកនាងដាក់ហ៊ុនជាមួយ ដោយគ្រាន់តែអះអាងថា ហាងដែលទើបបើកសម្ពោធមួយនេះ ប្រើទុនសរុបច្រើនសែនដុល្លារប្រាកដមែន។
នៅក្នុងពិធីសម្ពោធភោជនីយដ្ឋានយីហោ”សុខៈរីវើ-ឡោញ” នៅប្របមាត់ស្ទឹងសៀមរាប ស្ថិតនៅមិនឆ្ងាយពីព្រះអង្គចេកព្រះអង្គចមនេះ គេឃើញអ្នកនាងចេញមុខអញ្ជើញភ្ញៀវយ៉ាងច្រើនកុះករ ដោយក្នុងនោះអ្នកនាងក៍បានអញ្ជើញតារាសិល្បៈច្រើននាក់ ទើបធ្វើអោយកម្មវិធីទាំងមូលអធឹកអធម។ តារាសិល្បៈដែលបានបង្ហាញខ្លួន រួមមានថៅកែហាងឌែម៉ូគ្លីនិក, លោកខេម, អ្នកនាង គីង សូរិយា, លោក រតនៈ វិសិដ្ឋ, កញ្ញា ហង្ស សុជាតា, និងតារាល្បីៗមួយចំនួនទៀត។ ក្នុងនោះ សម្រាប់ភ្ញៀវខាងក្រៅសិល្បៈគឺកុះករតែម្ដង ទើបធ្វើអោយហាងរបស់អ្នកនាងដែលមានកម្ពស់៣ជាន់ កកកុញដោយអ្នកចូលរួមទាំងខាងលើ និងខាងក្រោម។
លោក Soann Kan ជាម្ចាស់ភាគហ៊ុនធំបញ្ជាក់ថា ដោយសារតែអ្នកនាងក៍មានចំណូលចិត្ត និងជោគជ័យក្នុងអាជីវកម្មនើកភោជនីយដ្ឋានមួយដែរនៅភ្នំពេញ ទើបលោកអញ្ជើញអោយអ្នកនាងចូលហ៊ុនរួមគ្នា។ លោកថាសប្បាយចិត្តយ៉ាងខ្លាំង ដែលអ្នកនាងបានក្លាយជាម្ចាស់ហ៊ុនមួយ ខណៈដែលក្នុងពិធីបើកសម្ពោធ លោកក៍ប្រកាសថា នឹងចាប់ដៃបើកជំនួញជាមួយអ្នកនាងក្នុងពេលបន្តបន្ទាប់ទៀត។
សូមទស្សនាទិដ្ឋភាពបើកសម្ពោធហាងរបស់អ្នកនាង និងដៃគូ ដែលទើបបញ្ចប់ក្ដៅៗ នៅខេត្តសៀមរាប៖