យោងតាមសេចក្តីរាយការណ៍ ក្រោយការបង្ក្រាបលើករណីជួញដូរ និងរក្សាទុកគ្រឿងញៀនមួយ កាលពីវេលាម៉ោង២ និង២០ចូលថ្ងៃទី១៩ ធ្នូ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័ទី៦នៃមន្ទីរប្រឆាំងគ្រឿងញៀន ចាប់បានជនសង្ស័យប្រុស-ស្រីចំនួន៤នាក់ ដោយក្នុងនោះមានលោក ឌីជេ ឡាយអ៊ិន ដែលជាអតីតពិធីករល្បីល្បាញរបស់ CTN និងប៉ុស្តិ៍លេខ៩។ ការឃាត់ខ្លួនលើតារារូបនេះ បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងសង្គមសិល្បៈ។
ជនសង្ស័យទាំង៤នាក់ដែលទើបចាប់ខ្លួននោះរួមមាន ១-ឈ្មោះ ហែម បូរិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជាពិធីករទូរទស្សន៍ (ឌីជេឡាយអិន) ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ២-ឈ្មោះ វ៉ា ស្រីណា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ៣-ឈ្មោះ អ៊ិន សាខន ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់ផ្ទះជួលលេខ៦A ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មេក្លោង) និង៤-ឈ្មោះស៊ិន សំភ័ស្ត ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិ៤ សង្កាត់បឹងស្រឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឈ្មោះនេះទើបចេញពីពន្ធនាគារ ពាក់ពន្ធករណីជួញដូរគ្រឿងញៀន) និងត្រូវជាក្មួយនាយករងមន្ទីរគ្រឿងញៀនម្នាក់ ហើយក៏ជាម្ចាស់អាវុធខ្លី១ដើមនោះផង ។
ប្រភពបន្តថា ជាមួយការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងនៅក្នុងបន្ទប់១០៨ ក្នុងមជ្ឍមណ្ឌលកម្សាន្តរ៉ុក បានថ្នាំមេតំហ្វេតាមីន(ICE)ទម្ងន់៣៧៤.៣៩ក្រាម បានសារធាតុញៀនប្រភេទអ៊ិចស្តាស៊ីចំនួន១៥៦២គ្រាប់ ស្មើទម្ងន់ និង៦០៩.៣៣ក្រាម (សរុបជាង១គីឡូក្រាម) បានអាវុធខ្លី១ដើម (ឡុក) ៤-ជញ្ជីងថ្លឹងគ្រឿងញៀនធំ១គ្រឿង និងតូច២គ្រឿង៕