ចប់អនុបណ្ឌិត្យទាំងលំបាក សន សុវណ្ណារ៉ា បោះចោលមិនស្ដាយ

0

មនុស្សតិចណាស់ដែលដឹងថាពិធីករ លោក សន សុវណ្ណារ៉ា បានបញ្ចប់ថ្នាក់អនុបណ្ឌិត្យផ្នែកច្បាប់ ហើយចោលទាំងការងារជាមេធាវី ក្រោយពីបានបញ្ចប់ការសិក្សា ដែលលោកប្រឹងប្រែងតស៊ូក្នុងការរៀនតាំងពីដំណាក់កាលដំបូង។ លោកត្រូវគេឃើញបង្ហាញខ្លួនក្នុងការងារជាពិធីករ និងជាអ្នករៀបចំកម្មវិធីពិធីការ និងការប្រគំតន្ត្រីទៅវិញ ក្នុងពេលដែលកិច្ចការនេះ មិនត្រូវជំនាញដែលលោកសិក្សាទាល់តែសោះ។ យ៉ាងណាមិញ លោកថាជំនាញជាម្ចាស់ក្រុមហ៊ុនទទួលរៀបចំកម្មវិធី ដែលលោកធ្វើឡើងជោគជ័យសព្វថ្ងៃ ក៏ទទួលបានការបណ្ដុះបណ្ដាលទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ បន្ថែមពីលើការចំណាយពេលលើជំនាញមេធាវីរហូតដល់ថ្នាក់អនុបណ្ឌិត្យ ហើយបោះចោលដូចខ្យល់។

លោក សន សុវណ្ណារ៉ា បញ្ជាក់ថា លោកបានបញ្ចប់ការសិក្សាផ្នែកច្បាប់កាលពីឆ្នាំ២០១៣ គឺមុនពេលដែលលោកចូលប្រឡងជាប្រុសស្អាតធម្មជាតិតំណាងកម្ពុជានៅក្នុងប្រទេសហ្វីលីននៅក្នុងឆ្នាំនោះដូចគ្នា។
លោកត្រូវបានទទួលការបណ្ដុះបណ្ដាលផ្នែកមេធាវីអោយមានថ្វីមាត់នោះផង ប៉ុន្តែចុងក្រោយក្រោយពីបានបញ្ចប់យ៉ាងជោគជ័យ បែរជាប្រឡូកលើការងារសិល្បៈ ទៅវិញឆ្កុយ។ មកទល់ពេលនេះ លោកគឺជាប្រធានក្រុមRA Group ដ៏ធំ ដែលទទួលបានឱកាសរៀបចំកម្មវិធីប្រគំតន្ត្រី និងលើផ្នែកពិធីការក្នុងតម្លៃរហូតដល់សែនដុល្លារឯណោះ ខណៈដែលលោកក៏មានសកម្មភាពចេញអាហ្វែស្ទើរមិនមានពេលសម្រាកត្រឹមតែបានបង្កើតក្រុមហ៊ុន RA Group ក្នុងរយៈពេលជាងឆ្នាំនេះ។

លោកថាការងារពិធីការ និងពិធីករកំពុងធ្វើអោយលោកមមាញឹករហូតដល់ថ្នាក់ភ្លេចអស់អាជីពជាមេធាវី ក្នុងពេលដែលលោកក្លាយក៏មានចំណូលចិត្តក្នុងការដោះស្រាយក្ដីក្ដាំង ដែលជាជំនាញដើមរបស់ខ្លួនផង។ យ៉ាងណាមិញ លោកថាលោកការងារប្រចាំថ្ងៃ ដោយសារតែលោកយល់ច្បាស់ពីប្រព័ន្ធច្បាប់ និងកិច្ចការជាមេធាវីនោះហើយ ទើបលោកអាចធ្វើការងារបើកក្រុមហ៊ុន RA Group ទទួលបានផ្លែផ្កាល្អ។

លោក សន សុវណ្ណារ៉ា និយាយថា លោកមិនចោលការងារជាមេធាវីនោះទេ ដោយគ្រាន់តែនៅក្នុងកាលៈទេសៈនេះ នៅមិនទាន់អាចធ្វើទៅបានប៉ុណ្ណោះ។ លោកមានគម្រោងពង្រឹងការងារក្នុងវិថីសិល្បៈ អោយរឹងមាំសិន ទើបអាចងាកមកប្រឡូកកិច្ចការមេធាវី ដើម្បីកុំអោយភ្លេចក្បាច់គុន។ លោកថាការងារសិល្បៈ កាន់តែទទួលជោគជ័យ និងមានទីផ្សារខ្លាំងឡើង ជាពិសេសចាប់តាំងពីលោកបានក្លាយជាសមាជិកសកម្មមួយ របស់«គ្រួសារតារាកម្ពុជា» ប្រមាណជាងកន្លះឆ្នាំចុងក្រោយ។

ក្នុងនោះការងាររបស់ក្រុមហ៊ុនក៏មានទីផ្សាររកពេលទំនេរមិនបានផងដែរ បន្ទាប់ពីកេរ្តិ៍ឈ្មោះក្នុងស្រទាប់មហាជនអណ្ដែតឡើង៕