កែវ ស្រីនាង នៅតែវ៉ាដាច់មិត្តរួមជំនាន់

0

ធៀបនឹងតារាស្រីរួមជំនាន់ គេនៅកត់សម្គាល់ថាមានតែតារាស្រីជើងចាស់ អ្នកនាង កែវ ស្រីនាង ម្នាក់ប៉ុណ្ណោះ ដែលនៅរក្សាតំណែងតួឯក ក្នុងការសម្ដែងភាពយន្ត ដែលផ្ទុយពីតារាស្រករអ្នកនាងផ្សេងទៀត ដែលខ្លះបាត់មុខព្រោះគ្មានទីផ្សារ ហើយខ្លះទៀតនៅមានទីផ្សារតែធ្លាក់សម្ដែងជាតួម្ដាយ។

បណ្ដាផលិតករនៅតែនៅតែអះអាងថាអ្នកនាង មានទីផ្សារខ្លាំងសម្រាប់ការសម្ដែងតួឯក ជាពិសេសសម្អាងលើទេពកោសល្យ សម្រស់នៅតែក្មេងមិនចាញ់តារាស្រករក្រោយ និងប្រជាប្រិយភាព។

វត្តមានរបស់អ្នកនាងកែវ ស្រីនាង ក្នុងរឿង«កាំបិតមុខ២» នៅតែមានអ្នកយល់ច្រើនឡើងថា អ្នកនាងគឺជាតារាជើងចាស់ និងជាតារាវ័យជ្រេដែលមានទីផ្សារខ្ពស់ ខណៈដែលអ្នកនាងក្រៅពីមានឱកាសលេចមុខជាតួឯក សម្រាប់តម្លៃក៏ស៊ីខ្ពស់។ ប្រភពពីផលិតកម្មមហាហង្សបានអះអាងថា អ្នកនាងកែវ ស្រីនាង មិនបានជ្រុះបាត់ទីផ្សារទើបស្ងប់ស្ងាត់នាពេលកន្លងមកនោះទេ ប៉ុន្តែបណ្ដាលមកពីអ្នកនាងប្រកាន់ជំហរមិនទទួលសម្ដែង និងទទួលសម្ដែងតែរឿងខ្លាំងៗខ្លឹមៗ ដើម្បីកុំអោយសាប ទើបយូរៗគេឃើញអ្នកនាងលេចមុខម្ដង។ ជាក់ស្ដែងក្នុងរឿង«កាំបិតមុខ២» ទម្រាំតែអ្នកនាងយល់ព្រមទទួលសម្ដែង ផលិតករអះអាងថាបានប្រើការអន្ទងយ៉ាងយូរ ខណៈដែលមុនទទួលសម្ដែងក៏ទាមទារអោយបញ្ជូនសាច់រឿងអោយអ្នកនាងមើលអោយយល់ច្បាស់។

ផលិតកររឿងបន្តថា វត្តមានទទួលសម្ដែងរបស់អ្នកនាង នឹងធ្វើអោយភាពយន្តទាំងមូល មានការចាប់អារម្មណ៍ ដោយសារតែអ្នកនាងគឺជាតារាដែលនៅមានប្រជាប្រិយភាពខ្ពស់ ហើយបើនិយាយពីការសម្ដែង គឺកម្រមានរឿងណាមួយដែលអ្នកនាងសម្ដែងហើយមិនទទួលជោគជ័យ។

លោក អ៊ិន សុភិន ថ្លែងបញ្ជាក់ថា ភាពយន្តរឿង«កាំបិតមុខ២» បើក្រៅពីអ្នកនាងកែវ ស្រីនាង មិនទទួលសម្ដែង មិនដឹងថាលោកនឹងត្រូវជ្រើសអោយតារាណាមកធ្វើតួឯកអោយសមនោះទេ ដោយសារតែសាច់រឿងនេះ សំដៅលើនារីវ័យកណ្ដាលជិត៣០ ឬ៣០ ដែលសមបំផុតនឹងវ័យរបស់អ្នកនាង។ ភាពយន្តនេះសំដៅលើក្រមុំចាស់ម្នាក់ ក្រោយរៀបការហើយក៏មានរឿងកាច់កុងជាមួយស្វាមី ដែលលោកអះអាងថា លុះត្រាតែអ្នកនាងកែវ ស្រីនាង ទើបលោកត្រូវចិត្ត។ នេះជាភាពយន្តដែលលោកកុងត្រាផលិតអោយទូរទស្សន៍PNN ទើបលោកមិនហ៊ានជ្រើសតួសម្ដែងឆិនឆៃ ហើយកាន់តែមានទំនុកចិត្តនៅពេលអ្នកនាង កែវ ស្រីនាង ព្រមធ្វើតួឯក ក្នុងពេលដែលអ្នកនាងត្រូវគេដឹងថាបានក្លាយជាអ្នកមានស្ដុកស្ដម្ភលើខេត្តទឹកដីសៀមរាបទៅហើយ។ លោកថាសប្បាយចិត្ត ដែលភាពយន្តរឿង«កាបិតមុខ២»មិនទាន់ថតបញ្ចប់នៅឡើយផង ប៉ុន្តែបើនិយាយពីការចាប់អារម្មណ៍ គឺមានកម្រិតខ្លាំង ដោយសារតែមានវត្តមានរបស់ អ្នកនាង កែវ ស្រីនាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here