Miss Global 2023 រកឃើញម្ចាស់មកុដឯក នៅលើទឹកដីកម្ពុជានារាត្រីផ្ដាច់ព្រ័ត្ត

0

កាលពីរាត្រីថ្ងៃទី 18 ខែមករា ឆ្នាំ2024 មុននេះ ស្ថាប័ន Miss Global ដែលជាកម្មវិធីប្រកួតប្រជែងសម្រស់សកលលោកដ៏ធំមួយលំដាប់ថ្នាក់អន្តរជាតិ បានចម្រាញ់បាននូវបេក្ខភាពជើងខ្លាំងដ៏សាកសមមួយរូបគឺកញ្ញា Ashley Melendez មកពីប្រទេស Puerto Rico ឱ្យគ្រងមកុដ Miss Global International 2023នេះ នៅលើទឹកដីកម្ពុជានារាត្រីផ្ដាច់ព្រ័ត្តនេះ។

ជាមួយគ្នានេះផងដែរបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជាយើងក៏អាចទម្លុះចូលទៅកាន់វគ្គ Top20 និង Top13 ផងដែរ ក្នុងចំណោម79ប្រទេស ដែលនេះគឺជាមុខមាត់ដ៏អស្ចារ្យមួយខណៈកម្ពុជាយើងក៏មានសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះពាក់កណ្ដាលជាមួយនឹង ប្រទេសវៀតណាម ក្រោមការដឹកនាំរបស់លោក អ៉ិន សុភិន អគ្គនាយកក្រុមហ៊ុន មហាហង្ស។

លោក អ៉ិន សុភិន បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំងដែលលោកអាចទាញយកនូវកម្មវិធីលំដាប់អន្តរជាតិមួយនេះមកប្រកួតនៅលើទឹកដីកម្ពុជា ជាពិសេសនៅក្នុងវគ្គ Final និង វគ្គសំខាន់ៗផ្សេងទៀត ដែលមិនខុសពីជួយផ្សព្វផ្សាុយលើកមុខលើកមាត់ពីប្រទេសកម្ពុជាឱ្យពិភពលោកស្គាល់កាន់តែច្បាស់នោះឡើយ។

លោកថា លោកថាការប្រកួតដែលមានច្រើនប្រទេសមកចូលរួមបែបនេះ មិនមែនជារឿងងាយស្រួលនោះទេ ហើយលោកក៏រំភើបចិត្តផងដែរ ដែលអាចរៀបចំកម្មវិធីបានដោយជោគជ័យ បើទោះជាមានចន្លោះខ្វះខាតខ្លះ ដែលការរៀបចំកម្មវិធីណា ក៏តែងតែមាន។

ថ្វីត្បិតបេក្ខភាពតំណាងកម្ពុជាមិនអាចឈានដល់វគ្គកំពូល Top5 បានត្រឹម Top13 ប៉ុន្តែលោកនៅតែមានការសប្បាយរីករាយ ហើយលោកក៏នៅតែទទួលបានការសរសើរពីសំណាក់អ្នកតាមដានបវរកញ្ញាថាពូកែជ្រើសរើសបេក្ខនារី ដែលបង្ហាញយ៉ាងច្បាស់ថា បេក្ខនារីដែលលោក អ៉ិន សុភិន ជ្រើសអោយប្រកួតតំណាងប្រទេសនៅក្នុងកម្មវិធីធំៗ។

គឺអាចនិយាយបានថា មិនមាននរណាម្នាក់ដែលមិនចូល Top លើឆាកអន្តរជាតិ លើកលែងតែ បេក្ខនារី ចន សុទីម៉ា នៅក្នុងកម្មវិធី Miss Universe តែក៏ក្លាយជាបេក្ខនារី Miss Universe កម្ពុជា ដែលល្បីជាងគេ នៅក្នុងប្រកួត។

នេះគឺជាជំហានថ្មីមួយទៀតហើយ សម្រាប់បើកទំព័រឱ្យកម្ពុជាកាន់តែមានការទទួលស្គាល់ និង មានឱកាសឈានចូលTop កាន់តែជ្រៅជាងនេះទៀតនៅលើឆាកប្រកួតនាឱកាសក្រោយៗ ក្នុងវិស័យបវរកញ្ញា។