មួយរយៈមកហើយ ដែលតារាសម្ដែង និងជាពិធីករ លោក ទេព រិទ្ធីនី ត្រូវគេដឹងថាមានជំងឺរលាកសាច់ដុំធ្ងន់ធ្ងរដល់ថ្នាក់ត្រូវចេញទៅព្យាបាលដល់ប្រទេសវៀតណាម មួយលើកជាពីរលើក។ លោកអះអាងថាជំងឺដែលបានរុករាន មិនត្រឹមតែធ្វើអោយលោកបាត់បង់លុយកាក់អស់មួយសន្ធឹកនោះទេ ការងារសម្ដែង និងការងារសិល្បៈក៏ជ្រុះបាត់ដែរ។
លោក ទេព រិទ្ធីនី និយាយថា មួយរយៈដែលលោកមានជំងឺរមួល និងរលាកសាច់ដុំដល់ថ្នាក់ត្រូវចេញទៅព្យាបាលនៅវៀតណាម រូបលោកមិនហ៊ានទទួលការងារសិល្បៈច្រើនណាស់ ជាពិសេសខ្សែភាពយន្តភាគ ដែលចង់បានលោកអោយសម្ដែង។
ក្នុងនោះសូម្បីតែការងារជំនួញជាមួយដៃគូក៏ត្រូវទុកចោលដោយអន្លើផងដែរ ដោយសារតែមួយរយៈមុន ជំងឺដែលបានកើតឡើងមានសភាពធ្វើទុកខ្លាំង។
លោកក៏បារម្ភពីការបាត់បង់ទីផ្សារ និងប្រជាប្រិយភាពក្នុងស្រទាប់មហាជនផងដែរ ក្នុងពេលដែលមួយរយៈចុងក្រោយ លោកមិនមានស្នាដៃថ្មីៗ ក្នុងអំឡុងពេលបដិសេធមិនទទួលសម្ដែងក្នុងពេលឈឺ។ យ៉ាងណាមិញលោកថាខ្លួននឹងចាប់ផ្ដើមទទួលការងារវិញហើយ ដោយសារតែក្នុងពេលនេះជំងឺរបស់លោកក៏មានសភាពធូរស្រាល បើទោះមិនទាន់ជាដាច់នៅឡើយ។ ក្នុងនោះសម្រាប់ការងារមុខជំនួញ ក៏លោកនឹងគ្រោងបោះទុនលើគម្រោងថ្មីៗផងដែរ ខណៈដែលលោកកំពុងសំឡឹងមើលមុខជំនួញមួយថ្មីទៀត ដើម្បីពង្រីកប្រាក់ចំណូល កុំអោយពិបាកពឹងតែលើអាជីវកម្មបើកហាងបញ្ចាំ និងលក់ទូរស័ព្ទ និងពីការសម្ដែងសុទ្ធសាធនោះ។
លោក ទេព រិទ្ធីនី បញ្ជាក់ថា លោកក៏នៅតែចង់បន្តការងារជាពិធីករដូចមុនផងដែរ ប៉ុន្តែមកពីក្នុងពេលនេះការងារផ្ទាល់ខ្លួនក៏ច្រើន ហើយក៏ចង់រវល់រឿងការងារសម្ដែងអោយខ្លាំងជាង ទើបលោកមិនទាន់ពិចារណា។ យ៉ាងណាមិញ លោកថាក្នុងថ្ងៃណាមួយ លោកនឹងត្រលប់មកបង្ហាញមុខក្នុងតំណែងជាពិធីករម្ដងទៀត ប្រសិនបើមានការផ្ដល់ឱកាស ហើយត្រូវចំពេលលោកអាចទទួលបាន៕